អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន គ្រោងប្តឹងទៅអង្គការសហប្រជាជាតិ និងអាស៊ានរឿងដ្រូនអនាមិកហោះចូលដីខ្មែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាលោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសហើយថា នឹងធ្វើលិខិតទៅកាន់អង្គការសហប្រជាជាតិប្រសិនបើដ្រូនមិនស្គាល់អត្តសញ្ញាណបន្តហោះចូលទឹកដីកម្ពុជាទៀត។ ដំណឹងនេះក៏ត្រូវជូនទៅប្រធានអាស៊ានដែរ ដើម្បីឲ្យអាស៊ានចូលរួមដោះស្រាយ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ គឺបានធ្វើឡើងនៅក្នុងឱកាសដែលលោកជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នាព្រឹកថ្ងៃព្រហស្បតិ៍នេះនៅក្នុងខេត្តកណ្តាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជម្រុញឲ្យកងទ័ពត្រៀមបាញ់ទំលាក់ យន្តហោះគ្មានមនុស្សបើក(ដ្រូន) នៅចំណុចខេត្តរតនគីរី និងមណ្ឌលគីរី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជម្រុញឲ្យកងទ័ពត្រៀមបាញ់ទំលាក់ យន្តហោះគ្មានមនុស្សបើក(ដ្រូន) នៅចំណុចខេត្តរតនគីរី និងមណ្ឌលគីរី។ © FB
ផ្សាយពាណិជ្ជកម្ម

ដោយរង់ចាំមើលមិនឃើញយន្តហោះគ្មានមនុស្សបើក(ដ្រូន) បង្ហាញខ្លួនជាថ្មីកាលពីយប់ថ្ងៃពុធម្សិលមិញនៅចំណុចខេត្តរតនគីរី មណ្ឌលគីរី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឲ្យដឹងថាលោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន នឹងធ្វើលិខិតទៅកាន់អង្គការសហប្រជាជាតិ​ដើម្បី ឲ្យជួយពិនិត្យមើលផ្នែកណាមួយ ដែលជារដ្ឋអធិបតេយ្យមួយត្រូវគេបង្ហោះដ្រូន ដែលគ្មានអត្តសញ្ញាណចូលក្នុងប្រទេសកម្ពុជា។

ដោយមានការចោទសួរថាតើជាអំពើភេរវកម្មឬយ៉ាងណា លោក ហ៊ុន សែន ក៏បានបន្ថែមថាកម្ពុជាគួរតែធ្វើសកម្មភាពទាំងក្នុង និងទាំងខាងក្រៅ ដោយសរសេរលិខិតទៅកាន់ប្រធានអាស៊ានផងដែរ ដើម្បីឲ្យដឹងថាប្រទេសកម្ពុជាត្រូវបានញាំញីទៅដោយយន្តហោះគ្មានមនុស្សបើក ដែលមិនដឹងអត្តសញ្ញាណ។ លោកបារម្ភថាជាសកម្មភាពភេរវកម្ម ដែលអាស៊ានត្រូវរួមដៃគ្នាធ្វើដើម្បីគ្រប់គ្រងដ្រូន។

សូមបញ្ជាក់ថាចាប់បីថ្ងៃទី២៧ ខែមិថុនាមក យន្តហោះគ្មានមនុស្សបើកឬដ្រូនដែលមិនមានអត្តសញ្ញាណជាច្រើនគ្រឿង ត្រូវប្រទេសកម្ពុជាមើលឃើញថាបានហោះចូលដែនអាកាសរបស់ខ្លួនជាញឹកញាប់ នៅក្នុងភូមិសាស្ត្រខេត្តរតនគីរី និងមណ្ឌលគីរី ជាហេតុធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជម្រុញឲ្យកងទ័ពត្រៀមបាញ់ទំលាក់ ខណៈដែលភាគីវៀតណាមបដិសេធថាមិនមែនជារបស់ខ្លួន។

ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃម្សិលមិញ ក៏បានហៅទង្វើរបស់ក្រុមមិនស្គាល់អត្តសញ្ញាណដែលបង្ហោះដ្រូននេះថា ជាការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ តាមក្រសួងការបរទេសរដ្ឋាភិបាល កម្ពុជានឹងមានវិធានការបន្តខាងផ្លូវច្បាប់ និងការទូត ដើម្បីប្តឹងតវ៉ាទៅនឹងការឈ្លានពាននេះ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងករណីរកឃើញប្រភពពិតនៃយន្តហោះគ្មានមនុស្សបើកបរទាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ