អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកគាំទ្រលោក ហ៊ុន សែន តិចតួចនៅឡើយប្រកាសត្រៀមឈប់ប្រើហ្វេសប៊ុកតាមលោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែមិថុនា បានប្រកាសបិទហ្វេសប៊ុកផ្លូវការរបស់លោក ហើយងាកទៅជម្រុញឲ្យមានការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម និង​ទិកទុក(Tik Tok) វិញ។ ការប្រកាសរបស់លោក ហ៊ុន សែន ឈប់ប្រើហ្វេសប៊ុក គឺធ្វើឡើងក្រោយក្រុមប្រឹក្សាភិបាលត្រួតពិនិត្យស្នើទៅក្រុមហ៊ុនហ្វេសប៊ុក(Meta) ឲ្យផ្អាកហ្វេសប៊ុករបស់លោកចំនួន៦ខែ។ ជាមួយគ្នានេះ អ្នកគាំទ្រលោកនាយករដ្ឋមន្ត្រីមួយចំនួន ក៏បានចាប់ផ្តើមអនុវត្តតាមលោក គឺត្រៀមឈប់ប្រើហ្វេសប៊ុករបស់ខ្លួន ខ្លះទៀតក៏ផ្តល់ជាយោបល់ឲ្យបន្តប្រើប្រាស់ ដោយអាចមានប្រយោជន៍ច្រើនជាងបិទ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែមិថុនា បានប្រកាសបិទហ្វេសប៊ុកផ្លូវការរបស់លោក ហើយងាកទៅជម្រុញឲ្យមានការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម និងទិកទុក(Tik Tok) វិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែមិថុនា បានប្រកាសបិទហ្វេសប៊ុកផ្លូវការរបស់លោក ហើយងាកទៅជម្រុញឲ្យមានការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម និងទិកទុក(Tik Tok) វិញ។ © Internet
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិទហ្វេសប៊ុកផ្លូវការរបស់លោកចោល ហើយទំនងជាជម្រុញឲ្យមហាជនចាប់អារម្មណ៍បណ្តាញទំនាក់ទំនងសង្គមផ្សេងទៀតដូចជាតេឡេក្រាម និង Tik Tok ជាដើម ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាពាណិជ្ជករអចលនទ្រព្យមួយរូបនោះបានប្រកាសឈប់ប្រើហ្វេសប៊ុកលោក ដែលមានអ្នកទស្សនា២,២លាននាក់ ដោយងាកទៅប្រើ Tik Tok ដើម្បីទទួលព័ត៌មានវិញ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថាការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ឈប់ប្រើប្រាស់ហ្វេសប៊ុក នឹងជះឥទ្ធិពលដល់ការប្រើប្រាស់បណ្ដាញព័ត៌មានសង្គមយក្សមួយនេះក្នុងចំណោមវរជនខ្មែរ(Elites) និងអ្នកដែលគោរពស្រឡាញ់រូបលោក។ សម្រាប់លោកបណ្ឌិត ការណ៍ដែលលោកនាយករដ្ឋមន្ត្រីឈប់ប្រើប្រាស់ហ្វេសប៊ុក ជារឿងគួរឲ្យសោកស្តាយបំផុត ព្រោះហ្វេសប៊ុកមានមាតិកាច្រើន ដែលអាចធ្វើជាស្ពានចម្លង​ឆន្ទៈ និងព័ត៌មានពីពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទៅកាន់លោក ហ៊ុន សែន។ លោកថា ហ្វេសប៊ុកក៏បានដើរតួជាអាជ្ញាកណ្តាលដ៏មានប្រសិទ្ធភាពផងដែរសម្រាប់ករណីខ្លះ ដោយកន្លងមកតាមរយៈហ្វេសប៊ុក លោកក៏បានរកឃើញមន្ត្រីគ្រាប់ល្ពៅ​មួយចំនួនដែរ។ លោកបណ្ឌិតគិតថាគ្រប់គ្នាគោរពការសម្រេចចិត្តរបស់ លោក ហ៊ុន សែន និងសង្ឃឹមថា លោក ហ៊ុន សែន នឹងបន្តប្រើប្រាស់បណ្តាញព័ត៌មានសង្គម​នេះឡើងវិញ ក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត។

រហូតមកដល់ពេលនេះ អ្នកគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីមន្ត្រី សកម្មជនគណបក្ស រហូតដល់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀត នៅមិនទាន់មានការប្រកាសដោយស្ម័គ្រចិត្តឈប់ប្រើប្រាស់ហ្វេសប៊ុកនៅឡើយ។ ផ្ទុយពីនេះ មន្ត្រី និងអ្នកគាំទ្រលោក ហ៊ុន សែន កំពុងតែសកម្មក្នុងការប្រើប្រាស់ហ្វេសប៊ុកបង្ហាញពីសកម្មភាពផ្សេងៗរបស់ខ្លួន និងគណបក្ស ខណៈដែលការឃោសនារកសម្លេងឆ្នោតនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣តទៅ។

ទោះយ៉ាងណាមន្ត្រី និងអ្នកគាំទ្រគណបក្សកាន់អំណាច ក៏កំពុងតែសកម្មដែរ ក្នុងការចែកចាយគណនីតេឡេក្រាម និងគណនីTik Tok របស់ខ្លួនដែលទើបតែបង្កើតថ្មីៗ និងបង្កើតយូរហើយក៏មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ