អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គមស៊ីវិលបន្តរម្លឹកខួប៧ឆ្នាំឃាតកម្មលើបណ្ឌិត កែម ឡី តាមរយៈល្ខោនរិះគន់ និងទទូចរកយុត្តិធម៌

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣មក បានចាប់ផ្តើមលើកយកហេតុការណ៍នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៦ មកនិយាយ។ តាមរយៈខួប៧ឆ្នាំនៃឃាតកម្មលើលោក កែម ឡី នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្កើតជាកម្មវិធីមួយចំនួនដូចជាពិធីសាសនា ការអានកំណាព្យ និងអត្ថបទខ្លី រួមនឹងកម្មវិធីទស្សនាវីដេអូ ទាក់ទងទៅនឹងលោក កែម ឡី កន្លងមក។ 

លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏លេចធ្លោនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏លេចធ្លោនៅក្នុងប្រទេសកម្ពុជា។ © Internet
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣មក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននាំមុខគេក្នុងការរម្លឹកពីលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០​ខែកក្កដា ឆ្នាំ២០១៦។ មជ្ឈមណ្ឌលនេះ បានចាប់ផ្តើមប្តូរគម្របទំព័រហ្វេសប៊ុក(Cover) របស់ខ្លួនដាក់ជំនួសដោយរូបថតលោក កែម ឡី រួមនឹងពាក្យស្លោក និងប្រយោគន៍ខ្លីៗ ដែលមានលក្ខណៈអប់រំ បែបទស្សនវិជ្ជា ជម្រុញឲ្យមានការតស៊ូ និងភាពក្លាហាន បង្កប់ខ្លឹមសារនយោបាយ ប្រកបដោយក្តីសង្ឃឹម។ល។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំពិធីសូត្រមន្ត បង្សុកូលរំលឹកដល់វិញ្ញានក្ខន្ធលោក កែម ឡី ការអានកំណាព្យរបស់បេក្ខជនពាក់ព័ន្ធនឹងវីរភាពលោក កែម ឡី និងការទស្សនាល្ខោនវិទ្យុ ក្រោមចំណងជើងថា«ពាក្យពិត»។

សូមរំលឹកថាលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏លេចធ្លោនៅក្នុងប្រទេសកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារលោកឲ្យស្លាប់ភ្លាមៗ នៅក្នុងម៉ាតលក់ទំនិញកាល់តិចបូកគោកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។

ឃាតកម្មនេះបានក្លាយជាសំណុំរឿងនយោបាយដ៏កក្រើក ដោយក្រោយមកអាជ្ញាធរបានចាប់បុរសម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលឃាតករបានសារភាពថាការបាញ់សម្លាប់នេះ ក៏ព្រោះលោក កែម ឡី ជំពាក់លុយខ្លួន។ ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលដែលគាំទ្រឆន្ទៈបណ្ឌិត កែម ឡី និងភរិយាលោក កែម ឡី មិនបានទទួលយកនោះឡើយ ហើយទាមទារឲ្យមានចំណាត់ការលើអ្នកពាក់ព័ន្ធ ដើម្បីផ្តល់យុត្តិធម៌ពេញលេញដល់លោក កែម ឡី។

ទោះយ៉ាងណា តុលាការគ្រប់ជាន់ថ្នាក់បានដំណើរការរឿងក្តីដ៏ចម្រូងចម្រាសនេះ ដោយទីបំផុតអំណាចនៃសាលដីកាតុលាការកំពូលបានផ្តន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែឧសភា ឆ្នាំ២០១៩ ក្រោមបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់។

ក៏ប៉ុន្តែទោះជាមានការដាក់ទោសលើជនដៃដល់យ៉ាងណាក៏ដោយ ក៏សំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី បានក្លាយជារបៀបវារៈនយោបាយរហូតមកទល់បច្ចុប្បន្ន ដោយក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការ កែម ឡី និយម នៅតែទទូចឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ​ ដើម្បីវែកមុខអ្នកនៅពីក្រោយខ្នងយកមកផ្តន្ទាទោស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ