អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រមុខការទូតកម្ពុជាត្រៀមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីជជែកពីបញ្ហាតំបន់

ប្រមុខ​ការទូត​កម្ពុជា ​លោក​ ប្រាក់ សុខុន ​នឹង​ត្រៀម​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ចំនួន​៤ថ្ងៃ​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​នៅ​ឆ្នាំ​នេះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា។​ យ៉ាង​ណា​មិញ​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​នេះ​ អ្នក​តាមដាន​បញ្ហា​អន្តរជាតិ​យល់​ថា​ នឹង​មាន​ការ​ជជែក​ពី​ដំណោះស្រាយ​បន្ត​ទៀត​ ទៅ​លើ​ករណី​ជាប់​គាំង​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា។​

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

 

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងត្រូវចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ពីថ្ងៃទី១១ដល់ថ្ងៃទី១៤កក្កដាខាងមុខ ក្នុងពេលដែលឥណ្ឌូនេស៊ីនឹងត្រូវរ៉ាប់រងជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ។ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងត្រូវពិភាក្សាគ្នា ដើម្បីជំរុញបន្ថែម នូវដំណើរការកសាងសហគមន៍អាស៊ាន និងការឯកភាព សាមគ្គីភាពអាស៊ានកាន់តែខ្លាំងឡើង។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃសុក្រ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកនេះ ក៏នឹងត្រូវជជែកពីតួនាទីរបស់អាស៊ាន នៅក្នុងបញ្ហាតំបន់និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរបស់បណ្តាប្រទេសជាសមាជិក។ បញ្ហាតំបន់ ដែលមិនអាចមើលរំលងបាន អំពីបញ្ហាជាប់គាំងនយោបាយនៅក្នុងប្រទេសភូមា។ នេះបើតាមការកត់សម្គាល់របស់អ្នកតាមដានបញ្ហាអន្តរជាតិ។

លោក វណ្ណ ប៉ុណ្ណា អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ យល់ថា កម្ពុជាជាប្រទេសដើរតួនាទីសំខាន់ជាងគេ នៅក្នុងការស្វែងរកដំណោះស្រាយដល់ភូមា ខណៈដែលកម្ពុជាគឺជាប្រទេសដែលជំរុញបញ្ហាភូមានេះ នៅក្នុងពេលដែលខ្លួនរ៉ាប់រងជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២។ យ៉ាងណាមិញ យន្តការដោះស្រាយវិបត្តិភូមា ក៏ត្រូវការតួអង្គផ្សេងៗទៀត តួយ៉ាងប្រទេសមហាអំណាច និងអង្គការសហប្រជាជាតិ។ នេះបើតាមលោក វណ្ណ ប៉ុណ្ណា។

គួរបញ្ជាក់ថា នៅក្នុងវិបត្តិជាប់គាំងរបស់ភូមា ក៏ជាពេលដែលកម្ពុជាត្រូវធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ កម្ពុជាបានចាត់តាំងប្រសិតពិសេសរបស់ខ្លួន គឺលោក ប្រាក់ សុខុន ក្នុងការសម្របសម្រួល និងធ្វើទស្សនកិច្ចចំនួន២លើក ខណៈដែលវិបត្តិនយោបាយនៅតែបន្តជាប់គាំង។ បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ២០២២ ក៏ធ្លាប់ទៅទស្សនកិច្ចភូមា នៅអំឡុងពេលដែលរបបសឹកយោធាចូលកាន់កាប់អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ