អានតួអត្ថបទ
កម្ពុជា-សង្គម

តំណាងកម្ពុជាប្រាប់UNថា លំហរពលរដ្ឋនិងនយោបាយនៅកម្ពុជាមានភាពសេរីនិងបើកចំហរ

«លំហរពលរដ្ឋនិងនយោបាយនៅកម្ពុជាមានភាពសេរីនិងបើកចំហរ» នេះជាអំណះអំណាងរបស់ស្ថានបេសកម្មអចិន្ទ្រៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅចំពោះមុខ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៣ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១៦មិថុនាដល់ថ្ងៃទី១៤កក្កដាឆ្នាំ២០២៣។ សង្គមស៊ីវិលក្នុងស្រុកមើលឃើញផ្ទុយពីនេះជុំវិញលំហរពលរដ្ឋនិងនយោបាយនៅកម្ពុជា។ 

ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៣ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១៦មិថុនាដល់ថ្ងៃទី១៤កក្កដាឆ្នាំ២០២៣។
ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៣ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១៦មិថុនាដល់ថ្ងៃទី១៤កក្កដាឆ្នាំ២០២៣។ © FB
ផ្សាយពាណិជ្ជកម្ម

ស្ថានបេសកម្មអចិន្ទ្រៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិអះអាងថា លំហរពលរដ្ឋនិងនយោបាយនៅកម្ពុជាមានភាពសេរីនិងបើកចំហរ ស្ដែងឡើងតាមរយៈភាពរស់រវើករបស់អង្គការមិនមែនរដ្ឋាភិបាលចំនួន៦០​០០​​និងអង្គភាពព័ត៌មានជាង២០០០ ប្រតិបត្តិការការងារដោយសេរី គ្មានការត្រួតពិនិត្យ រឹតត្បិត។ ជាងនេះទៀតគណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខែកក្កដា​ខាងមុខ។

សម្រាប់ស្ថានបេសកម្មអចិន្ទ្រៃកម្ពុជានេះ ជាសក្ខីភាពយ៉ាងជាក់​ច្បាស់នៃបរិយាកាសពហុបក្សនិងប្រជាធិបតេយ្យធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា ទោះបីជាអវត្តមានអ្នកនយោបាយឬគណបក្សនយោ​បាយពីរឬបីក៏ដោយក៏កម្ពុជាប្ដេជ្ញាឥតងាករេរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

បន្ថែមលើនេះកម្ពុជាផ្ដល់អាទិភាពខ្ពស់ចំពោះតួនាទីនៃសេរីភាពបញ្ចេញមតិក្នុងមាគ៌ាប្រជាធិបតេយ្យសេរីរបស់ខ្លួន។ ជាក់ស្ដែងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានភាពរស់រវើក ហើយសិទ្ធអំណាចពលរដ្ឋទូទៅគ្មានការបង្អាក់រំខានដើម្បីបញ្ចេញទស្សនៈដោយសេរីលើកិច្ចសាធារណៈ តាមរយៈសំឡេងពួកគេត្រូវបានបន្លឺបន្ទរបន្ថែមដោយអង្គភាពសារព័ត៌មានទាំងប្រពៃណីនិងឌីជីថល ដោយគ្មានការត្រួតពិនិត្យធានាដោយច្បាប់ស្ដីពីរបបសារព័ត៌មាន។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើកឡើងថា លំហរពលរដ្ឋ លំហរនយោបាយ លំហរសេរីភាពសារព័ត៌មាន លំហរអង្គការសមាគមនៅកម្ពុជា លំហរសហជីពជាដើម នៅមានកម្រិតហើយស្ថិតនៅក្នុងស្ថានភាពធ្លាក់ចុះ។ លោកបន្ថែមថា ក្នុងនាមជាអង្គការសង្គមស៊ីវិលធ្វើការផ្នែកការពារសិទ្ធិមនុស្សនៅតែទទូចឲ្យរដ្ឋាភិបាលបើកលំហរទាំង៤ ឡើងវិញដើម្បីបង្ហាញពីការលើកកម្ពស់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្សដែលកម្ពុជាបានផ្ដល់សច្ចាប័ណ្ណនិងទទួលស្គាល់។

លោក អំ សំអាត តែងអង្កេតឃើញថា រដ្ឋាភិបាលតែងបង្ហាញពីវឌ្ឍភាពលើវិស័យសិទ្ធិមនុស្ស តែបែរជាច្រានចោល និងបដិសេធរាល់របាយការណ៍ស្ដីពីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅវិញ។ ជំនួសឲ្យការច្រានចោលឬបដិសេធ កម្ពុជាគួរតែក្រឡេកមើលចំណុខ្វះខាតឬខ្វះចន្លោះ ហើយកែលម្អដើម្បីទទួលចំណេញត្រឡប់មកវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ