អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ជឿថា មានពលរដ្ឋជាង៨០ភាគរយចេញទៅបោះឆ្នោតតែមិនទទួលយកលទ្ធផល

លោក សម រង្ស៊ី តាមរយៈវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២៣កក្កដាឆ្នាំ២០២៣ ជឿលើតួលេខបង្ហាញដោយ គ.ជ.ប គឺពលរដ្ឋជាង៨០ភាគរយ ពិតជាចេញទៅបោះឆ្នោតមែន នៅថ្ងៃទី២៣កក្កដាម្សិលមិញនេះ។ ប៉ុន្តែលោក សម រង្ស៊ី ដែលជាមេផ្ដួចផ្ដើលគំនិតឲ្យពលរដ្ឋគូសខ្វែងលើសន្លឹកឆ្នោត ទាត់ចោលលទ្ធផលឆ្នោត បើទោះបីជាគណបក្សកាន់អំណាចអះអាងថា សន្លឹកឆ្នោតឥតបានការមានតែ៣ភាគរយក៏ដោយ។ 

ពលរដ្ឋគូសខ្វែងលើសន្លឹកឆ្នោត
ពលរដ្ឋគូសខ្វែងលើសន្លឹកឆ្នោត © Internet
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី អះអាងថា ឈរលើហេតុមួយចំនួនដែលជំរុញឲ្យពលរដ្ឋទៅបោះឆ្នោតដល់ទៅជាង៨០ភាគរយគឺពលរដ្ឋស្ដាប់តាមការអំពាវនាវរបស់គណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។  តែលោក សម រង្ស៊ី ចាត់ទុកតួលេខបង្ហាញដោយអ្នកនាំពាក្យគណបក្សកាន់អំណាចថា មានតែសន្លឹកឆ្នោត៣ភាគរយឥតបានការជារឿងភូតកុហុក ហើយលោកជឿថា សន្លឹកឆ្នោតគូសខ្វែងមានចំនួនច្រើនលើសលប់សន្លឹកឆ្នោតបានការ។

ប្រសិនបើសន្លឹកឆ្នោតឥតបានការមានតែ៣ភាគរយមែន ដំណើរការរាប់សន្លឹកឆ្នោតគួរតែធ្វើឡើងដោយតម្លាភាពមក។ តម្លាភាពសម្រាប់ លោក សម រង្ស៊ី គឺកុំបិទទ្វារបន្ទប់ឬបិទទ្វារបង្អួចដើម្បីរាប់សន្លឹកឆ្នោត គួរតែបើកចំហរឲ្យពលរដ្ឋចូលតាមដាន។

បន្ថែលើនេះលោក សម រង្ស៊ី ចាត់ទុកដំណើរការបោះឆ្នោតធ្វើឡើងក្រោមរូបភាពគំរាមកំហែង បន្ទាប់ពី លោក ហ៊ុន សែន ប្រាប់អ្នកទាំងឡាយណាដែលអាជ្ញាធរកំណត់មុខសញ្ញាចូលរួមគូសខ្វែងចោលតាមការអំពាវនាវរបស់លោក ចូលខ្លួនសារភាពកនៅចំពោះមុខអាជ្ញាធរនិងគ.ជ.បដើម្បីរួចទោស បើពុំដូច្នោះទេពួកគេនឹងជាប់អន្ទាក់ច្បាប់។ លោក សម រង្ស៊ី បានហៅការអំពាវរបស់លោក ហ៊ុន សែន ឲ្យពលរដ្ឋចូលខ្លួនសារភាពជារឿងមិនត្រឹមត្រូវទាល់តែសោះ ព្រោះគូសឆ្វែងលើសន្លឹកឬគូសអ្វីផ្សេងជាសិទ្ធិរបស់ពលរដ្ឋស្របតាមគោលការណ៍បោះឆ្នោតតាមបែបប្រជាធិបតេយ្យដោយ សេរី សំងាត់ និងគ្មានការគំរាមកំហែង។

នៅក្នុងសំណុំរឿងនេះ អាជ្ញាធរកំណត់មុខសញ្ញាម​នុស្ស៤៤នាក់ដែលបានគូសខ្វែងលើសន្លឹកឆ្នោត។ បន្ទាប់ពីការអំពាវនាវរបស់លោក ហ៊ុន សែន នៅល្ងាចថ្ងៃទី២៣កក្កដា អ្នកដែលអាជ្ញាធរកំណត់មុខសញ្ញាមួយចំនួនបានចេញមុខសារភាពទៅតាមការចង់បានរបស់លោក ហ៊ុន សែន។ 

អាជ្ញាធរអះអាងថា អ្នកទាំងឡាយដែលរកឃើញថាគូសខ្វែងលើសន្លឹកឆ្នោត គឺជាអ្នកចូលរួមបំផ្លាញដំណើរការបោះឆ្នោតត្រូវប្រឈមនឹងផ្លូវច្បាប់ស្របតាមមាត្រា១៤២ថ្មីនៃច្បាប់ស្ដីពីវិសោធកម្មច្បាប់បោះឆ្នោតជ្រើសតាងតំណាងរាស្ត្រ។ ក្នុងនោះត្រូវរងពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន) រៀល ទៅ២០,០០០,០០០ (ម្ភៃលាន) រៀលដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ