អានតួអត្ថបទ
កម្ពុជា-ពាណិជ្ជកម្ម

លោកឧកញ៉ា ហ៊ុន ឡាក់៖ រោងម៉ាស៊ីនកិនស្រូវបាត់ដំបងភាគច្រើនផ្អាក មិនមែនព្រោះការនាំចូលអង្ករវៀតណាមទាបជាងទេ

អ្នកគ្រប់គ្រងជាន់ខ្ពស់សហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងថា រោងម៉ាស៊ីនកិនស្រូវភាគច្រើន ក្នុងខេត្តបាត់ដំបង បិទទ្វារបណ្ដោះអាសន្ន មិនមែនដោយសារអង្ករនាំចូលពីវៀតណាម មានតម្លៃទាបជាងទេ។ ការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជាដូច្នេះ បន្ទាប់ពីមានការលើកឡើងតាមបណ្ដាញសង្គមខ្លះថា ការបិទទ្វារបណ្ដោះអាសន្នរបស់រោងម៉ាស៊ីនកិនស្រូវភាគច្រើន ក្នុងខេត្តបាត់ដំបង ព្រោះអង្ករនាំចូលពីវៀតណាម មានតម្លៃទាបជាង។

កសិករច្រូតស្រូវ
កសិករច្រូតស្រូវ © AP
ផ្សាយពាណិជ្ជកម្ម

តាមរយៈគណនីហ្វេសប៊ុកម្នាក់ ឈ្មោះ Chivann Pen បានរំលេចថា បញ្ហាស្រូវថ្លៃនិងអង្ករថោក ដោយសារកសិករខ្មែរជាង៧០% លក់ស្រូវសើមទៅវៀតណាម ព្រោះបានតម្លៃថ្លៃ ហើយវៀតណាមផលិតអង្ករមកលក់ឲ្យខ្មែរវិញ បានក្នុងតម្លៃថោកជាង។​​ នៅក្នុងអត្ថបទឆ្លើយឆ្លងមួយរវាងម្ចាស់គណនីនេះនិងអ្នកមកពីរោងម៉ាស៊ីនកិនស្រូវបាត់ដំបង នេះជាការប្រកួតប្រជែងដែលធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកប្រឈមនឹងការដួលរលំ។ តាមម្ចាស់គណនីនេះ ប្រភពស្រូវតែមួយ តែវៀតណាមអាចផលិតបានថោក គឺដោយសារតែ ប្រព័ន្ធថ្លៃដើមរបស់គេទាបជាងនៅកម្ពុជា ដល់ទៅជាង៣០%ទៅ៥០%។

ខណៈដែលអគ្គីសនីនៅវៀតណាម ៨០រៀលក្នុងមួយគីឡូវ៉ុល អគ្គីសនីនៅកម្ពុជា ៤៥០រៀល។ ចំណែក តម្លៃដឹកជញ្ជូនតាមផ្លូវទឹកសម្រាប់ស្រូវសើម ៥០០រៀលក្នុងមួយតោន ខណៈនៅកម្ពុជា ៤ម៉ឺនទៅ៦ម៉ឺនរៀល។ មិនតែប៉ុណ្ណោះ ការប្រាក់នៅក្នុងប្រទេសវៀតណាមនេះ ក៏នៅទាបជាងការប្រាក់នៅកម្ពុជា ឆ្ងាយណាស់។ ដូច្នេះ ពេលរោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជាដួល វៀតណាមនឹងចាប់ផ្ដើមទិញស្រូវក្នុងតម្លៃទាបវិញម្ដង។

នៅចំពោះមុខនេះ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា មិនបដិសេធថាអង្ករនាំចូលពីវៀតមានតម្លៃទាបជាងទេ តែលោកគូសបញ្ជាក់ថា នេះមិនមែនមូលហេតុនាំឲ្យរោងចក្រនៅបាត់ដំបងភាគច្រើនបិទទ្វារបណ្ដោះអាសន្នឡើយ។ បញ្ហានេះ គឺយោងទៅលើស្ដង់ដារម៉ាស៊ីនផលិតអង្ករសម្រេចរបស់រោងម៉ាស៊ីនមួយចំនួននៅមានកម្រិត ដែលនាំឲ្យពិបាកក្នុងការប្រកួតប្រជែង ពិសេសលើការផលិតនិងការកែច្នៃ។

ទន្ទឹមនឹងនេះ យោងលើបរិមាណអតិរេកស្រូវ កសិករខ្មែរអាចលក់ទៅទីផ្សារណាដែលបានកម្រៃខ្ពស់  ខណៈគុណភាពក៏ជាកត្តាកំណត់តម្លៃដែរ។  ចំពោះបញ្ហាស្រូវថ្លៃអង្ករថោកនេះឡើយ លោកឧកញ៉ា បានពន្យល់ថា កត្តាទី១គឺគុណភាពរបស់ស្រូវកម្ពុជាមានកម្រិតខ្ពស់ ចំណែកកត្តាទី២គឺដោយសារតែតម្រូវការស្រូវផលិតអង្ករនាំចេញរបស់វៀតណាម មានទំហំធំ។ ដោយឡែក កត្តាដែលនាំឲ្យអង្ករវៀតណាម នាំចេញទៅទីផ្សារពិភពលោក បានថោក នោះគឺអាស្រ័យតាមគុណភាព ហើយដូចគ្នាដែរ ដោយសារតម្លៃចំណាយលើផលិតកម្ម កែច្នៃ និងដឹកជញ្ជូនខុសគ្នា ។

យ៉ាងណាក៏ដោយ លោកអះអាងថា មិនថា វៀតណាម កម្ពុជា និងថៃ មិនអាចកំណត់តម្លៃស្រូវឬអង្ករទេ ដោយវាអាស្រ័យលើបញ្ហាខាងក្រៅដូចជា សេដ្ឋកិច្ច និងបញ្ហាប្រឈមសកលនានាជាដើម។ ក្នុងនោះការប្រែប្រួលអាកាសធាតុ នឹងនាំឲ្យទិន្នផលកសិកម្មថយចុះ ហើយផលិតផលកសិកម្មនឹងឡើងថ្លៃ ចាប់ពីពេលនេះតទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ