អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកជំនាញUN ថា ៣០ឆ្នាំក្រោយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កម្ពុជានៅតែបរាជ័យការធានាបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស ​និង​អ្នក​រាយការណ៍​ប្រចាំ​កម្ពុជា ​បាន​បន្ត​ចេញ​មុខ​មក​រិះគន់​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ថា​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ភាព​ជឿជាក់​ ដោយសារ​តែ​ការ​បង្ក្រាប​ និង​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​បញ្ហា​សិទ្ធិមនុស្ស​ លំហ​សង្គម​ស៊ីវិល​និង​នយោបាយ​។ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​ចុច​ដោយ​ចំ​ថា​ កម្ពុជា​នៅ​តែ​បរាជ័យ​ពី​ការ​ធានា​បាន​នូវ​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ ​សេរី​ ពហុបក្ស​ នៅ​រយៈពេល​៣០​ឆ្នាំ​ក្រោយ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ កក្កដា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ កក្កដា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាសព័ត៌មាន ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២សីហា ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងរួមទាំង លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសប្រចាំកម្ពុជា ផងនោះ បានបង្ហាញពីក្តីកង្វល់របស់ខ្លួនចំពោះការបោះឆ្នោតឆ្នាំ២០២៣ ដែលទើបតែបញ្ចប់ថ្មីៗនេះ ថា​បានធ្វើឲ្យប៉ះពាល់ដល់ភាពជឿជាក់ពីសំណាក់សហគមន៍អន្តរជាតិ ដោយសារតែការរំលោភសិទ្ធិមនុស្ស ការរឹតបន្តឹងលើលំហសង្គមស៊ីវិល និងនយោបាយ ការហាមប្រាមគណបក្សប្រឆាំងដ៏មានឥទ្ធិពលមិនឲ្យចូលរួមការបោះឆ្នោត ដែលជាហេតុធ្វើឲ្យការបោះឆ្នោតកន្លងទៅនេះ មិនមានតុល្យភាព។

ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចាត់ទុកថា ការបង្រួមលំហប្រជាធិបតេយ្យ និងការគាបសង្កត់ បាននិងកំពុងប្រាសចាកពីការសន្យារបស់កម្ពុជាក្រោមកាតព្វកិច្ចអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិ បានស្តីបន្ទោសថា ៣០កន្លងផងផុតទៅនេះ កម្ពុជានៅតែបរាជ័យក្នុងការធានាការពារសិទ្ធិមនុស្ស និងការធ្វើឲ្យខូចប្រព័ន្ធនៃគោលការណ៍ប្រជាធិបតេយ្យ។

បើតាមសេចក្តីប្រកាស គឺរាល់បញ្ហាទាំងអស់ដែលបានកើតឡើង ជុំវិញបញ្ហាបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ នឹងត្រូវយកទៅពិចារណាក្នុងរបាយការណ៍សិទ្ធិមនុស្សកម្ពុជា ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅចុងឆ្នាំនេះ។

គួរកត់សម្គាល់ថា ការបោះឆ្នោតឆ្នាំ២០២៣នេះ ត្រូវបានសហគមន៍អន្តរជាតិចោលភ្នែកសម្លឹងមើល ពីការដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដ្បិតជាពេលដែលកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាល នៃការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មី។ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើកឡើងថា សហគមន៍អន្តរជាតិត្រូវតែមានការប្រុងប្រយ័ត្ន និងរៀបចំឆ្លើយតបជាអន្តរជាតិចំពោះវិបត្តិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមផ្ទេរអំណាចឲ្យទៅលោក ហ៊ុន ម៉ាណែត ក្នុងពេលខាងមុខនេះ។

តាមក្រុមអ្នកជំនាញUN រដ្ឋាភិបាលថ្មីត្រូវតែគោរពកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួន និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមទាំងដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងចាស់ និងថ្មី ដែលរារាំងដល់ការអភិវឌ្ឍន៍ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ