អានតួអត្ថបទ

បណ្ឌិតមាស នី៖ វិបត្តិទឹកកខ្វក់ដងស្ទឹងសង្កែបង្ហាញឱ្យឃើញពីចំណុចខ្សោយរបស់អាជ្ញាធរពាក់ព័ន្ធ

រយៈពេល១សប្តាហ៍ទៅហើយដែល​ទឹកដងស្ទឹងសង្កែ ខេត្តបាត់ដំបង បាន​ប្រែទៅជាព័ណ៌ខ្មៅខុសប្រក្រតី និងមានសារធាតុ​បំពុលធ្វើ​ឱ្យងាប់​ត្រីមួយចំនួន ដោយសារ​ការលេចធ្លាយទឹកកខ្វ​ក់​ចេញពីក្រុមហ៊ុនចិនមួយ​។ បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នេះគឺជាលើកទី៣ ដែលបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរដូច្នេះ។ លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហា​សង្គមយល់​ថា វិបត្តិខាងលើនេះបង្ហាញពលរដ្ឋ​ឱ្យ​ឃើញយ៉ាងច្បាស់អំ​ពីកំសោយនៃការគ្រប់គ្រងរបស់អាជ្ញាធរពាក់ព័ន្ធ។ សូមស្តាប់ អោ ស្រីពេជ្រ៖

អាជ្ញាធរខេត្តបាត់ដំបងចុះត្រួតពិនិត្យទឹកស្ទឹងសង្កែ ដែលបង្ហូរចេញពីក្រុមហ៊ុនចិន
អាជ្ញាធរខេត្តបាត់ដំបងចុះត្រួតពិនិត្យទឹកស្ទឹងសង្កែ ដែលបង្ហូរចេញពីក្រុមហ៊ុនចិន © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រុម​ហ៊ុន​ចិន​ផលិតម្សៅដំឡូងមី សំបកគ្រាប់ថ្មាំ អេតាណុល ជីវគីមី និងសារធាតុ​បន្ថែមអាហារ នៅក្នុងខេត្តបាត់ដំបង ដែលមានឈ្មោះថា Phoenix IndustrialCO.,LTD. បានធ្វើឱ្យ​បែកធ្លាយសំណល់រាវ ឬ ទឹកកខ្វក់​ ចូលក្នុងស្ទឹងសង្កែ​ ដែលជាហេតុបណ្តាលឱ្យ​ទឹកស្ទឹងសង្កែប្រែជាព័ណ៍​​ខ្មៅខុសសព្វមួយដង និងមានសារធាតុបំពុល​ធ្វើឱ្យងាប់​ត្រីមួយចំនួន​។ ហើយ​នេះគឺជាលើកទី៣ ដែលបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរដូច្នេះ។

នៅក្នុងលិខិតចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ផ្ញើទៅកាន់​ប្រធានក្រុមហ៊ុនចិនខាងលើនេះ ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាឱ្យក្រុមហ៊ុននោះផ្អាកដំណើរការទាំងស្រុង​ នូវរាល់សកម្មភាពផលិតកម្ម​ជាបណ្តោះអាសន្ន ដោយរក្សា​បៀវត្សរ៍បុគ្គលិក​ កម្មករជាធម្មតា​ ក្នុងរយៈពេល​២សប្តាហ៍ គឺរហូតដល់ថ្ងៃ​ទី១៨ ខែសីហា ឆ្នាំ២០២៣​ ដើម្បីកែសម្រួលកំហុសឆ្គងដែលបានព្រមព្រៀងគ្នាហើយរវាង​ក្រុមហ៊ុន​និងគណៈកម្មាការចម្រុះខេត្ត​​បាត់ដំបង។

ទន្ទឹមគ្នានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានព្រមានទុកជាមុនថា ក្រុមហ៊ុន​ចិនPhoenix Industrial CO.,LTD. នឹងត្រូវប្រឈមមុខ​ក្នុងការផ្អាកបន្តទៀត ក្នុងករណី​ពុំបានអនុវត្ត​ត្រឹមត្រូវ និងទាន់ពេលវេលា តាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។​

គួរជម្រាបថា រដ្ឋាករទឹក​ស្អាត​ខេត្ត​បាត់​ដំបង​បាន​ប្រកាស​ផ្អាកការបូមទឹកយកមកចម្រោះ​សម្រាប់ការ​ប្រើប្រាស់ ប្រជាពលរដ្ឋ។ រីឯ​រដ្ឋបាលខេត្តបាត់ដំបងវិញ​បាន​បំភ្លឺថា​ ​គិតត្រឹមនៅរសៀល​ថ្ងៃទី៤ខែសីហា ទឹកបានប្រែមកសភាពធម្មតាវិញ ជាមួយនឹងគុណភាពល្អជាធម្មតា គ្មានផលប៉ះពាល់ដល់សុខភាពទៀតនោះទេ។

​អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត មាស នី តាមរយៈវិទ្យុបារាំងនៅថ្ងៃទី​៨សីហានេះ យល់ថា វិបត្តិទឹកកខ្វក់នៅ​ដងស្ទឹងសង្កែនៅពេលនេះ បង្ហាញឱ្យឃើញពីកំសោយនៃការគ្រប់គ្រងរបស់អាជ្ញាធរមន្ត្រី​ពាក់ព័ន្ធ។ ជាកម្សោយ ពីព្រោះ មិនមែនជារឿងថ្មី តែជារឿងចាស់ ដែលតែងកើតមានរាល់រដូវភ្លៀងធ្លាក់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ​។ លោកបណ្ឌិតដែលជាអ្នករស់នៅក្នុងខេត្តបាត់ដំបងដែរ បានដឹងថាធ្លាប់មានមន្ត្រីចុះមកពិនិត្យ​បញ្ហាទឹកកខ្វក់នេះ ​ប៉ុន្តែមិនដែលឃើញដោះស្រាយចេញសោះ។

ជុំវិញបញ្ហានេះ លោកបណ្ឌិត មាស នី សំណូមពរឱ្យ​មានការសិក្សាពីគុណភាពទឹកដងស្ទឹងសង្កែនេះ ក៏ដូចជាប្រភពបង្ហូរទឹកកខ្វក់ ឱ្យច្បាស់និងត្រឹមត្រូវ និងត្រូវប្រកាសជាសាធារណៈឱ្យប្រជាពលរដ្ឋបានដឹង មិនមែននៅសំងំ​ស្ងាត់ៗ រហូតដល់ពេលប្រកាសបិទទឹកប្រើប្រាស់របស់ប្រជាជន​នោះទេ។

គួរដឹងថា ក្រុមហ៊ុន​ចិន ឈ្មោះ Phoenix Industrial ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ ក្រុមហ៊ុន ER KANG BIOSTARCH អឺរ កាង បៃអូស្តាច ជា​ក្រុមហ៊ុន​ផលិត​សារធាតុ​សូដ្យូម ស៊ីត្រាត ឌីអ៊ីដ្រាត (Sodium citrate dehydrate) និង​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក។ ​សារធាតុ​ សូដ្យូម ស៊ីត្រាត ឌីអ៊ីដ្រាត គឺជា​អំបិល​នៃ​អាស៊ីដ ដែល​ប្រើ​សម្រាប់​ការ​ព្យាបាល​សម្រាប់​គ្រួស​ក្នុង​តម្រងនោម និង​រក្សា​អាហារ​ឱ្យ​ទុក​បាន​យូរ​។ ផល​ប៉ះពាល់​នៃ​សារធាតុ​នេះ នឹង​បង្ក​ឱ្យ​មាន​ការ ក្អួតចង្អោរ រាក ឈឺពោះ និង​ខ្សោះ​ជាតិ​ទឹក ពិសេស​ប៉ះពាល់​ខ្លាំង​លើ​អ្នកមាន​ជំងឺ​ខ្សោយ​តម្រង​នោម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ