អានតួអត្ថបទ

រដ្ឋាភិបាលកម្ពុជាសម្រេចកែប្រែទំហំដីឧទ្យានជាតិសំខាន់ៗ ក្រោមហេតុផលធានាការគ្រប់គ្រងបរិស្ថាន

ទំហំផ្ទៃដីនៃ​ឧទ្យានជាតិ​សំខាន់ៗជាច្រើនរួមមាន ឧទ្យានជាតិបទុមសាគរ ឧទ្យានជាតិកែប ​និងឧទ្យានជាតិវើនសៃ-សៀមប៉ាង ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចកែសម្រួល​ដំណាលគ្នា នៅ​ក្រោមហេតុផលធានាការគ្រប់គ្រងបរិស្ថាន អភិរក្សជីវៈចម្រុះ​ ការប្រើប្រាស់​ធនធានធម្មជាតិដោយនិរន្តរភាព និងការរស់នៅ​ដោយចីរភាពស្របទៅតាមច្បាប់។ តាមរយៈវិទ្យុបារាំង សមាគមបណ្តាញយុវជនកម្ពុជាកត់​សម្គាល់ឃើញថា រាល់ការកាត់ឆ្កៀលដីរដ្ឋសម្រាប់ការ​អភិវឌ្ឍកន្លងមក ភាគច្រើនរំលងប្រជាពលរដ្ឋ គ្មានការពិគ្រោះនិងដោះស្រាយពីផលប៉ះពាល់ត្រឹមត្រូវ។ 

ផែនទីឧទ្យានជាតិបទុមសាគរ ស្ថិតក្នុងខេត្តកោះកុង
ផែនទីឧទ្យានជាតិបទុមសាគរ ស្ថិតក្នុងខេត្តកោះកុង © សហការី
ផ្សាយពាណិជ្ជកម្ម

អនុក្រឹត្យស្តីពី​ការកែប្រែ​ឧទ្យានជាតិបទុមសាគរ អនុក្រឹត្យស្តីពី​ការកែប្រែឧទ្យានជាតិកែប និងអនុក្រឹត្យស្តីពី​ការកែប្រែឧទ្យានជាតិវើនសៃ-សៀមប៉ាង ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចដំណាលគ្នា ចុះថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០២៣ និងដែលទើបបង្ហាញជាសាធារណៈនៅថ្ងៃទី​៨សីហានេះ។

យោងតាមអនុក្រឹត្យដាច់ដោយឡែក៣ផ្សេងគ្នា​ ឧទ្យានជាតិបទុមសាគរ ត្រូវបានកាត់បង្រួម​​ពីផ្ទៃដីទំហំ​ ១៧១ ២៥០ ហិកតា (មានចែងក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់​ធម្មជាតិ) មកនៅ​ផ្ទៃដី​ទំហំ ​​១៤៣ ៨៩៥ ហិកតា​។

ចំណែកឯ ឧទ្យានជាតិវើនសៃ-សៀមប៉ាង ក៏ត្រូវបានកាត់បង្រួម​ពី​ផ្ទៃដីទំហំ ៥៧ ៤៦៩ ប្រាំម៉ឺនប្រាំពីរពាន់បួយរយហុកសិបប្រាំបួន ហិកតា មកផ្ទៃដីទំហំ ​២៨០ ៣៥៩ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង។ គួរជម្រាបជូនថា ផ្ទៃដីឧទ្យានជាតិ​វើនសៃ-សៀមប៉ាង ត្រូវបានរដ្ឋាភិបាល អះអាង​ថា បានមកពីការបូកបញ្ចូល​ផ្ទៃដីទំហំ ៥៧ ៤៦៩ ហិកតា (ដូចមានចែងនៅក្នុងអនុក្រឹត្យចុះថ្ងៃទី​២ ខែឧសភា ឆ្នាំ ២០១៦ ស្តី​ពីការបង្កើតតំបន់ឧទ្យានជាតិ​វើនសៃ-សៀមប៉ាង) និងផ្នែកខ្លះនៃរបៀងអភិរក្សអភិរក្សជីវៈចម្រុះឦសាន​ ដែលមានផ្ទៃដីទំហំ ២២២ ៨៩០ ហិកតា (ដូចមានចែងក្នុងអនុក្រឹត្យ​ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧)។

ខុសពីឧទ្យានជាតិទាំងពីរខាងលើ ឧទ្យានជាតិ​កែបវិញ ត្រូវបានពង្រីក​ពី​ផ្ទៃដីទំហំ ១ ១៥២ ហិកតា​ (ដែលមានចែងនៅក្នុងអនុក្រឹត្យចុះថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១០ ស្តីពីការកំណត់តំបន់​ឧទ្យានជាតិកែប) មកផ្ទៃដីទំហំ ១ ២៣០ មួយពាន់ពីរយសាមសិប ហិកតា។

បើតាមអនុក្រឹត្យថ្មីចុះថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលបញ្ជាក់ពីហេតុផលដូចគ្នាថា ការកែប្រែ​ឧទ្យានជាតិ​ទាំង៣នេះ គឺក្នុងគោលបំណង ធានាការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព​ និងការរស់នៅដោយចីរភាពស្របតាមច្បាប់។

លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា កត់សម្គាល់ឃើញថា រាល់ការកាត់ឆ្កៀ​លដីរដ្ឋសម្រាប់ការ​អភិវឌ្ឍកន្លងមក ភាគច្រើន​រំលងប្រជាពលរដ្ឋ គ្មានការពិគ្រោះនិងដោះស្រាយពីផលប៉ះពាល់ត្រឹមត្រូវ​​។

ទន្ទឹមនឹងការកាត់ឆ្កៀលតំបន់ខ្លះនៃឧទ្យានជាតិបទុមសាគរ សកម្មជនបរិស្ថាន លោក ហេង គឹម ហុង មានក្តី​បារម្ភណាស់​ ព្រោះលោកយល់ថា ឧទ្យានជាតិបទុមសាគរ គឺ​ផ្នែកសំខាន់នៃការផ្សារភ្ជាប់ចុងម្ខាងនៃ​ភ្នំក្រវ៉ាញទៅកាន់សមុទ្រ ដែលពោរពេញដោយគម្របព្រៃឈើចម្រុះ ដែលមានសក្តានុពលសម្រាប់ជីវៈចម្រុះធម្មជាតិ។ បើតាមលោក ហេង គឹមហុង មានផ្ទៃដីប្រមាណ​៨០ភាគរយនៃ​ឧទ្យានជាតិបទុមសាគរ​នេះ ត្រូវបាន​កាត់ជាបន្តបន្ទាប់​ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីកាន់កាប់ ដោយជ្រកក្រោមស្លាកអភិវឌ្ឍក្នុងរូបភាពផ្សេងៗគ្នា​ ដូចជាការសាងសង់ព្រលានយន្តហោះ សិប្បកម្មស្ករអំពៅ..។ល។

គួរជម្រាបជូនថា ជារឿយៗ រដ្ឋាភិបាលកម្ពុជា តែងចេញអនុក្រឹត្យកាត់ដីសាធារណៈដែលស្ថិតនៅក្នុងតំបន់អភិរក្ស ឬ ឧទ្យានជាតិ ទៅឱ្យក្រុមហ៊ុនរបស់ឧកញ៉ាក្នុងស្រុក និងក្រុមហ៊ុនឯកជនផ្សេងៗទៀត ក្រោមហេតុផលវិនិយោគ និងអភិវឌ្ឍ​។ ការកាត់ឆ្កៀលដីសាធារណៈរបស់រដ្ឋ ពិសេសដីឧទ្យានជាតិ និងដីក្នុងតំបន់អភិរក្ស អ្នកវិភាគខ្លះចាត់ទុកថា ជា​រូបភាពពុករលួយរបស់រដ្ឋាភិបាល ក្នុងការកេងចំណេញផលប្រយោជន៍ពីការវិនិយោគទាំងនោះ ខណៈពួកគេកត់សម្គាល់ថា ភាគច្រើនបុគ្គលដែលទទួលបានដីទាំងនោះមកវិនិយោគ គឺជាមនុស្សដែលស្និទ្ធិនឹងរដ្ឋាភិបាល៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ