អានតួអត្ថបទ

ពលរដ្ឋខ្មែរ​នៅក្រៅ​ប្រទេសធ្វើបាតុកម្មព្រមៗគ្នាមិនទទួលស្គាល់រដ្ឋាភិបាលថ្មី

បាតុកម្មដែលរៀបចំដោយពលរដ្ឋ​ខ្មែរ និងអ្នកនយោបាយប្រឆាំង​រស់នៅក្រៅ​ប្រទេស​បាន​ផ្ទុះឡើង​ព្រមៗគ្នា​នៅថ្ងៃអាទិត្យនេះ គឺជាអ្វីដែល​ត្រូវបាន​អ្នករៀបចំប្រកាសថា ក្នុងបំណងឲ្យប្រទេសលោកសេរីមិនទទួលស្គាល់ដាច់ខាតចំពោះ​រដ្ឋាភិបាល​ថ្មីនៅកម្ពុជា​ដែលជាការ​ផ្ទេរអំណាចពីឪពុកទៅកូន។ បាតុកម្មនេះ​កើតឡើង​នៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ពោលមុនមួយថ្ងៃ​ដែល​ត្រូវកោះប្រជុំ​តំណាងរាស្ត្រជាប់​ឆ្នោត​លើក​ដំបូង ដើម្បី​បោះឆ្នោត​​គាំទ្រសមាសភាពថ្នាក់ដឹកនាំរដ្ឋសភា និងរដ្ឋាភិបាលកម្ពុជា។

គណៈរដ្ឋមន្ត្រីអាណត្តិទី៧
គណៈរដ្ឋមន្ត្រីអាណត្តិទី៧ © សហការី
ផ្សាយពាណិជ្ជកម្ម

តាមការប្រកាស​របស់​លោក សម រង្ស៊ី បាតុកម្ម​ធំមួយត្រូវធ្វើ​ឡើង​នៅថ្ងៃអាទិត្យនេះ​នៅទីក្រុង​ឡូវ៉ែល រដ្ឋ​មាស៉្សាឈូសេត សហរដ្ឋអមេរិក។ ជាបាតុកម្ម​ដែលមានការចូលរួមផ្ទាល់ពីសំណាក់​អ្នកនយោបាយ​ប្រឆាំង​ដែល​កំពុង​និរទេសខ្លួន។

​នៅកូរ៉េ​ខាងត្បូងវិញ អ្នករៀបចំបាតុកម្ម អះអាងថា មាន​បាតុករ​ជាង ៥០០នាក់​​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​នេះ ​នៅ​ទីលាន​ជុងកាក់ ក្នុង​ទីក្រុង​សេអ៊ូល។ នៅប្រទេសជប៉ុនក៏មានបាតុកម្មដែលមានមនុស្សខ្ទង់២០០នាក់ចូលរួមធ្វើឡើងក្នុង​បរិវេណ​សួន អូអិណុ ក្នុងទីក្រុង​តូក្យូ ដែលជាចូលរួមផ្ទាល់ពីអតីតសមាជិកគណបក្សភ្លើងទៀន​មួយចំនួន ដែលទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយទើបរត់ចេញវិញទៅជ្រកកោននៅប្រទេសជប៉ុន។

បើតាម​អ្នករៀបចំបាតុកម្ម គឺអះអាងថា ​ពួកគេមកជួបជុំគ្នាសំដែងមតិ​ដោយ​ស្ម័គ្រចិត្ត ក្នុង​បំណងអំពាវនាវឲ្យប្រទេសលោកសេរីមិនឲ្យទទួលស្គាល់ដាច់ខាតចំពោះ​រដ្ឋាភិបាល​ថ្មីនៅកម្ពុជា​ដែលជាការ​ផ្ទេរអំណាចពីឪពុកទៅកូន។

បន្ទាប់ពីជួបជុំក្រុម​បាតុករ​ត្រូវដើរថ្មើជើង​ដង្ហែ​ញត្តិដាក់ទៅ​ក្រសួង​ការបរទេស​នៃប្រទេសសាមី និង​ស្ថានទូតរបស់ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចំនួន ១៩ប្រទេស​ដើម្បី​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ជំរុញ​ឱ្យ​កម្ពុជា​បើក​លំហ​សិទ្ធិ​សេរីភាព និង​បើក​លំហលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ក៏ប៉ុន្តែ​ដូចបាតុកម្មរាល់ដងដែរ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា អះអាងថា បាតុកម្ម​របស់​អ្នក​ប្រឆាំង​នៅក្រៅប្រទេស​មិនមានឥទ្ធិពលមកលើការ​សម្រេចចិត្ត​របស់កម្ពុជាឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ