អានតួអត្ថបទ

ប្រជុំ​សភា​ដំបូង​៖​ អ្នកឃ្លាំមើល​រំពឹង​ពីការ​ដោះស្រាយ​បញ្ហា​ជាតិ​ធំ​ៗ និង​ការ​លូតលាស់​ទៅ​មុខ

ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហមុនី ​បានមាន​បន្ទូល​ថា​ព្រះអង្គ​មានជំនឿ​យ៉ាងមុតមាំ​ថា​​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ​ដែលនឹង​ទទួលបាន​ការទុកចិត្ត​ពី​រដ្ឋសភា​ នឹង​បំពេញ​ភារកិច្ច​តាម​គោលនយោបាយ​បន្តជំរុញ​កំណើន​សេដ្ឋកិច្ច​ ការលើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ ​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម ​និង​បញ្ហា​មួយចំនួន​ទៀត​។ ព្រះរាជ​បន្ទូល​របស់​ព្រះមហាក្សត្រ​ដូច្នេះ​ បានធ្វើឡើង​នៅក្នុង​កិច្ច​ប្រជុំសភា​ដំបូង​នៃ​នីតិកាល​ទី​៧ ​នាព្រឹក​ថ្ងៃ​ចន្ទ ​ទី​២១ ​ខែ​សីហា​នេះ​។ ជាមួយគ្នានេះ​ អ្នកឃ្លាំមើល​នយោបាយ ​និង​សង្គម​ក៏បាន​ដាក់​ការ​រំពឹង​ដែរ​ថា​រដ្ឋាភិបាល ​ដែលទទួលបាន​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​សភា​ពេលនេះ​ នឹងមាន​ការ​លូតលាស់​ទៅមុខ​។

កិច្ចប្រជុំសភាដំបូងនីតិកាលទី៧
កិច្ចប្រជុំសភាដំបូងនីតិកាលទី៧ © រដ្ឋសភា
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការបើកកិច្ច​ប្រជុំរដ្ឋសភា​ដំបូងនៃ​នីតិកាល​ទី​៧ នៅថ្ងៃ​នេះ ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម ​សីហមុនី ​បានថ្លែង​ព្រះរាជ​សុន្ទរកថា​ថា ​តំណាងរាស្ត្រ​នៅក្នុង​រដ្ឋសភា​ជាតំណាង​ប្រជាពលរដ្ឋ​ទាំងមូល ​ធ្វើយ៉ាងណា​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ជួយ​ប្រជាពលរដ្ឋ​រស់នៅ​បាន​ស្មើភាព​គ្នា​ក្នុង​ជំនឿ​សាសនា ​ការសិក្សា​រៀនសូត្រ ​មាន​ការងារ​ធ្វើ​សមរម្យ​ទៅតាម​សមត្ថភាព ​និង​កម្រិត​វិជ្ជា​របស់​ខ្លួន​។

ព្រះមហាក្សត្រ​មានជំនឿ​យ៉ាង​មុតមាំ​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិថ្មី ​ដែលនឹង​ទទួលការ​ទុកចិត្ត​ពី ​រដ្ឋសភា ​នឹង​បំពេញ​ភារកិច្ច​តាម​គោលនយោបាយ ​បន្តជំរុញកំណើន​សេដ្ឋកិច្ច​ លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ បន្តអភិវឌ្ឍ ​និង​ពង្រឹងប្រព័ន្ធ​ការពារសង្គម ​ដែលមានវិសាលភាព​គ្របដណ្តប់​ប្រជាពលរដ្ឋ​គ្រប់រូប ​ទាំងការអភិរក្ស ​និង​អភិវឌ្ឍវប្បធម៌​ដោយចីរភាព ​ដើម្បី​ធានាអត្ថិភាព​ដ៏រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ​ស្របគ្នា​នឹង​ការ​លើកកម្ពស់​សីលធម៌ ​សម្រាប់ភាព​សុខដុម​នៃ​សង្គម​ជាតិ​។

ព្រះមហាក្សត្រ​ក៏បានមាន​បន្ទូល​បញ្ជាក់ដែរថា ​ដើម្បី​សម្រេច​ភារកិច្ច​ដ៏ឧត្តុង្គឧត្តម​នេះ ប្រជាជាតិកម្ពុជា​ត្រូវមាន​ឯកភាព និង​សាមគ្គីភាព​ជាតិ​ខ្ពស់ ដោយឈរ​លើ​ស្មារតី​បង្រួបបង្រួមជាតិ ​និង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្មវិហារធម៌​ទាំង៤ ​គឺមេត្តា ​ករុណា ​មុទិតា ​និង​ឧបេក្ខា​។

ជុំវិញបញ្ហានេះ​ដែរ​ លោកបណ្ឌិត​ យង់ ពៅ ​អគ្គលេខាធិការ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​សរសេរ​នៅលើហ្វេសប៊ុក​របស់លោក​នៅថ្ងៃនេះ​ដែរ​ ដោយលោក​មើលឃើញ​ថា​រដ្ឋាភិបាល​នីតិកាលទី​៧ ​ចាប់ផ្តើម​ចេញដំណើរ​ដោយមានខ្នង​បង្អែក​រឹងមាំ ​រឹងមាំ​ទាំងទិដ្ឋភាព​ច្បាប់ ​ទិដ្ឋភាព​នយោបាយ ​និង​ទិដ្ឋភាព​សង្គម ​ដែលជ្រកក្រោម​ម្លប់​សន្តិភាព​។ ផ្អែកលើ​ទិដ្ឋភាព​រឹងមាំ​ទាំងនេះ ​ប្រសិនបើ​ដឹកនាំ​មិនលូតលាស់​ នោះគឺ​ជា​កំហុស​ធ្ងន់​។ ក៏ប៉ុន្តែ​លោក​សង្ឃឹមថា ​រដ្ឋាភិបាល​ថ្មី​នឹងធ្វើដំណើរ​ដោយ​ស្វាហាប់ ​ហើយ​ទទួលបាន​ផ្លែផ្កា​ល្អ​បន្ថែមទៀត​។

លោក ​មុត ចន្ថា ​ជំនួយការផ្ទាល់​លោក​ កឹម សុខា ​ប្រធានអតីត​គណបក្ស​សង្គ្រោះជាតិ​ បាន​សរសេរ​នៅលើហ្វេសប៊ុក​លោក​ថា ​លោករង់ចាំមើល​ថា​តើ​រដ្ឋាភិបាលថ្មី ​នឹងដោះស្រាយ​បញ្ហាធំ​ៗ​របស់ជាតិ​យ៉ាងណា​។ បញ្ហាធំៗ ​ដែល​លោក មុត ចន្ថា ​លើកឡើងនោះ​គឺ ​យន្តការ​នៃការ​អនុវត្តច្បាប់​តាម​ឋានានុក្រម ​ដើម្បី​ដោះស្រាយ​បញ្ហា ​ការ​ស្តាប់បង្គាប់​តែ​នាយក​រដ្ឋមន្ត្រី ​ការ​អស់ជំនឿ​លើស្ថាប័នរដ្ឋ ​ការតែងតាំង​ទីប្រឹក្សា ​និង​គណៈរដ្ឋមន្ត្រី​ច្រើន​ហួសប្រមាណ ​និង​ដំណោះស្រាយ​បញ្ហា​នយោបាយ​មួយចំនួន​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ