អានតួអត្ថបទ
កម្ពុជា-នយោបាយ

រដ្ឋសភាអាណត្តិទី៧ បើកកិច្ចប្រជុំដំបូងក្រោមការចូលរួមពីបណ្តាទូតដែលបានរិះគន់ការបោះឆ្នោតថាមិនសេរី

រដ្ឋសភាអាណត្តិទី៧ បានបើកកិច្ចប្រជុំសម័យដំបូងរបស់ខ្លួន នៅព្រឹកថ្ងៃចន្ទ ទី២១សីហានេះ ក្រោមវត្តមានរបស់អង្គព្រះមហាក្សត្រ នរោត្តម សីហមុនី និងបណ្តាតំណាងរាស្ត្រទាំង១២៥រូប ដែលមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ក្រៅពីនេះ បណ្តាអង្គទូតនៃបណ្តាប្រទេសមួយចំនួន ដែលធ្លាប់បានរិះគន់ពីការបោះឆ្នោតកន្លងមក ក៏ត្រូវបានកត់សម្គាល់ឃើញថា មានវត្តមានជាភ្ញៀវកត្តិយសនៃកិច្ចប្រជុំរដ្ឋសភាជាលើកដំបូងនេះដែរ។

កិច្ចប្រជុំរដ្ឋសភាអាណត្តិទី៧ ក្រោមវត្តមានព្រះមហាក្សត្រ និងតំណាងរាស្ត្រទាំង១២៥រូប
កិច្ចប្រជុំរដ្ឋសភាអាណត្តិទី៧ ក្រោមវត្តមានព្រះមហាក្សត្រ និងតំណាងរាស្ត្រទាំង១២៥រូប REUTERS - CINDY LIU
ផ្សាយពាណិជ្ជកម្ម

ដោយរាប់ចាប់តាំងពីអាមេរិក អូស្ត្រាលី អង់គ្លេស បារាំង ជប៉ុន ជាដើម គឺសុទ្ធសឹងជាប្រទេសដែលបានរិះគន់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថាគ្មានភាពសេរី និងយុត្តិធម៌។ ក៏ប៉ុន្តែវត្តមានរបស់បណ្តាឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសទាំងនោះ នាំឲ្យមានការចាប់អារម្មណ៍ពីបណ្តាសារព័ត៌មានមួយចំនួន ដែលចូលទៅផ្តិតរូបភាពពីកិច្ចប្រជុំរដ្ឋសភាសម័យដំបូង។

រូបថតតាមបណ្តាញសង្គម បានបង្ហាញឲ្យឃើញ ពីវត្តមានរបស់លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ លោក Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលី និងលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ដែលបានអង្គុយស្តាប់សុន្ទរកថា ថ្លែងដោយព្រះមហាក្សត្រនរោត្តម សីហមុនី។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានសរសេរលើបណ្តាញសង្គមធ្វីតធ័ររបស់ខ្លួនថា លោកបានចូលរួមជាមួយបណ្តាអង្គទូតផ្សេងៗ នៅក្នុងកិច្ចប្រជុំរដ្ឋសភានៅថ្ងៃចន្ទនេះ។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជារូបនេះ បានអះអាងថា លោកបានស្តាប់ពីសុន្ទកថារបស់ព្រះមហាក្សត្រ អំពីភារកិច្ចសំខាន់របស់សភា ក្នុងការទ្រទ្រង់សន្តិភាព វិបុលភាព និងការផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ។

គួរកត់សម្គាល់ថា បណ្តាទូតផ្សេងទៀត ជាពិសេសសហរដ្ឋអាមេរិក គឺនៅមិនបានធ្វើអត្ថាធិប្បាយអ្វី ចំពោះវត្តមានរបស់ខ្លួន នៅក្នុងកិច្ចប្រជុំរដ្ឋសភាអាណត្តិទី៧ សម័យដំបូងនេះនៅឡើយទេ។ ខណៈសហរដ្ឋអាមេរិក គឺជាប្រទេសដំបូងដែលចេញសេចក្តីថ្លែងការណ៍ពីការរំខានចិត្តរបស់ខ្លួន ទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថា ធ្វើឡើងដោយមិនមានភាពសេរី និងយុត្តិធម៌ ដ្បិតមិនមានគណបក្សប្រឆាំងដែលមានឥទ្ធិពល គឺគណបក្សភ្លើងទៀន បានចូលរួម។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា យល់ថា វត្តមានរបស់បណ្តាអង្គទូតជាភ្ញៀវកិត្តិយសនៅក្នុងកិច្ចប្រជុំរដ្ឋសភាអាណត្តិទី៧ លើកដំបូងនេះ គឺតម្លៃទាំងបែបកាទូតផង តម្លៃជានយោបាយផង និងតម្លៃនៃផ្លូវច្បាប់ បើទោះបីជាទូតទាំងនោះ ធ្លាប់បានរិះគន់ពីបញ្ហាបោះឆ្នោតនៅកម្ពុជាក្តី។ លោកបណ្ឌិត គិន ភា វត្តមានរបស់បណ្តាអង្គទូតប្រទេសសេរីទាំងនេះ បានបង្ហាញជាសារឲ្យឃើញជាស្រេចថា ប្រទេសសេរីទាំងនោះ នឹងធ្វើការជាមួយរដ្ឋាភិបាលថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ តាមលោកបណ្ឌិត នេះបង្ហាញពីការទទួលយករបស់បណ្តាទូតទាំងនោះ ពីផែនការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ហើយនិងជាការត្រួសត្រាយផ្លូវនៃចំណងការទូតរវាងកម្ពុជា ជាមួយនឹងបណ្តាប្រទេសសេរីទាំងនោះ។

យ៉ាងហោចណាស់ មានអង្គទូតប្រមាណ៣០ ទាំងសេរី និងកុម្មុយនីស្ត៍ បានចូលរួមជាភ្ញៀវកត្តិយសនៅក្នុងកិច្ចប្រជុំសម័យដំបូងនៃរដ្ឋសភាអាណត្តិទី៧។ នេះបើតាមការបញ្ជាក់របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ វត្តមានរបស់បណ្តាទូតទាំងនោះ គឺធ្វើឡើងតាមការអញ្ជើញរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ