អានតួអត្ថបទ
កម្ពុជា-នយោបាយ

អាមេរិករំពឹងថា រដ្ឋាភិបាលថ្មីនឹងអាចស្តារលទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់ការការផ្តន្ទាទោសតាមបែបនយោបាយ

អាមេរិក បានផ្តល់ក្តីរំពឹងទុកថា រដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងអាចស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការបញ្ឈប់ការផ្តន្ទាទោសតាមបែបនយយោបាយ និងអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចបើកដំណើរការឡើងវិញ ដោយគ្មានការជ្រែតជ្រែក។ ក្តីរំពឹងនេះ កើតឡើងនាខណៈពេលដែលកម្ពុជាទើបតែបើកកិច្ចប្រជុំរដ្ឋសភាអាណត្តិទី៧ ជាលើកឡើងដំបូង នៅថ្ងៃចន្ទនេះ ដោយមានការចូលរួមពីសំណាក់បណ្តាអង្គទូតប្រទេសនានាប្រចាំកម្ពុជា។

ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ
ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រធ្វីតធ័រ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បានឲ្យដឹងថា លោកបានចូល​រួម​ក្នុង​សម័យ​ប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា​ថ្មី ក្រោម​អធិបតីភាព​របស់​ព្រះ​មហាក្សត្រ សីហមុនី។ ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ លើកឡើងថា នៅពេលដែលរដ្ឋាភិបាលថ្មីចាប់ផ្តើមកាន់តំណែងរបស់ខ្លួន អាចនឹងស្តារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បញ្ចប់ការផ្តន្ទាទោសនយោបាយ និងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកដំណើរការឡើងវិញដោយគ្មានការជ្រៀតជ្រែក។

គួរកត់សម្គាល់ថា វត្តមានរបស់បណ្តាទូតនៃប្រទេសនិយមប្រជាធិបតេយ្យមួយចំនួន នៅក្នុងកិច្ចប្រជុំរដ្ឋសភាអាណត្តិទី៧ នៅថ្ងៃដំបូងនេះ បាននាំឲ្យបណ្តាសារព័ត៌មានមួយចំនួនចាប់អារម្មណ៍។ ចាប់អារម្មណ៍នៅត្រង់ថា បណ្តាប្រទេសទាំងនោះ តួយ៉ាង អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី ជាដើម សុទ្ធសឹងជាប្រទេសដែលបានរិះគន់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថាធ្វើឡើងក្រោមបរិយាកាសគ្មានគណបក្សប្រឆាំងដ៏មានឥទ្ធិពលអាចចូលរួមប្រកួតប្រជែង។

ជាក់ស្តែង អាមេរិក តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសខ្លួន បានបញ្ជាក់ថា ខ្លួនមានក្តីរំខានចិត្តចំពោះការបោះឆ្នោតនៅកម្ពុជា ដែលមិនបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ខ្លួនបានសម្រេចរឹតត្បិតលើទិដ្ឋាការមន្ត្រីមួយចំនួនដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយក៏ផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួន គិតជាទឹកប្រាក់ប្រមាណ១៨លានដុល្លារ មកដល់កម្ពុជា។ ជាការសម្រេច ដែលក្រសួងការបរទេសអាមេរិក បានលើកហេតុផលមួយចំនួន ថា អាជ្ញាធរកម្ពុជាបានគំរាមកំហែង និងយាយីលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលជាការបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចជាអន្តរជាតិ របស់កម្ពុជា។

យ៉ាងណាមិញ ក្រៅតែពីវត្តមាននៃបណ្តាទូតប្រទេសនិយមប្រជាធិបតេយ្យ នៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភាអាណត្តិទី៧ ចិន និងរុស្ស៊ី ក៏មានវត្តមាននៅក្នុងកម្មវិធីនោះដែរ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លោក Anatoly Borovik បានបញ្ជាក់ថា លោកក៏បានចូលរួមជាភ្ញៀវកិត្តិយសនៃសម័យប្រជុំពេញអង្គរដ្ឋសភាអាណត្តិទី៧នេះ។ បើតាមបណ្តាញសង្វមធ្វីតទ័ររបស់ខ្លួន គឺរុស្ស៊ីនឹងទន្ទង់រង់ចាំជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិក្នុងអាណត្តិថ្មី រវាងកម្ពុជា និងរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ