អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

ចិន កូរ៉េខាងជើង និងប្រទេសក្នុងអាស៊ាន អបអរលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី ខណៈអាមេរិក និងសហគមន៍អឺរ៉ុបមិនទាន់ឃើញលិខិត

យ៉ាង​ហោច​ណាស់ ​មាន​ប្រទេស​ជាង​១០​ហើយ ​បាន​ផ្ញើ​នូវ​លិខិត​អបអរ​ជា​ផ្លូវការ​ជូន​ដល់​លោក ​ហ៊ុន ម៉ាណែត ​ដែល​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ នៅ​អាណត្តិទី​៧​។ ជា​ការ​កត់​សម្គាល់ ​ពី​តុល្យកាល​នៃ​ប្រទេស​ទាំង​នោះ ​គឺ​មាន​ ចិន​ កូរ៉េខាងជើង​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ ខណៈ​ដែល​អាមេរិក​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ នៅ​មិន​ឃើញ​លិខិត​អបអរ​ផ្លូវការ​ណាមួយ​ បាន​បញ្ចេញ​ដោយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​នៅ​ឡើយ​។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអាណត្តិទី៧
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអាណត្តិទី៧ REUTERS - CINDY LIU
ផ្សាយពាណិជ្ជកម្ម

ផ្តើមចេញពីចិន គឺលោកនាយករដ្ឋមន្ត្រី លី ឈាង បានផ្ញើនូវលិខិតអបអរដល់លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលកម្ពុជា។ បើតាមលិខិតនៅថ្ងៃទី២២សីហា ភ្លាមៗក្រោយការអនុម័តរបស់សភាគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី គឺ រដ្ឋាភិបាលចិននឹងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការសម្លឹងទៅការពង្រឹងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិកាន់តែស៊ីជម្រៅ និងរួមគ្នាកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ ចិននិងកម្ពុជា។

រីឯប្រទេសកូរ៉េខាងជើង តាមរយៈនាយករដ្ឋមន្ត្រី គឺលោក គីម តុកហ៊ុន ក៏បានផ្ញើលិខិតអបអរលោក ហ៊ុន ម៉ាណែត ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជានេះដែរ។ ជាលិខិតដែលធ្វើឡើងតាំងពីថ្ងៃទី៨សីហា និងទើបតែបញ្ចេញជាសាធារណៈដោយលោក ហ៊ុន ម៉ាណែត កាលពីម្សិលមិញ បានឲ្យដឹងថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីពេលនេះ គឺជាការបង្ហាញពីទំនុកចិត្តយ៉ាងជ្រាលជ្រៅរបស់ពលរដ្ឋខ្មែរ ទៅលើលោក ហ៊ុន ម៉ាណែត។ លិខិតរបស់តំណាងប្រទេសកុម្មុនីយ៍មួយនេះ បញ្ជាក់ថា ខ្លួនសូមបង្ហាញនូវការជឿជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េខាងជើង នឹងបន្តពង្រឹង និងអភិវឌ្ឍ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ។

ដោយឡែកនៅក្នុងក្របខណ្ឌអាស៊ាន មានប្រទេសចំនួន៥ ដែលបានជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្នុងនោះមានលិខិតរបស់លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី លិខិតលោក ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្ត្រីថៃ និងលិខិតរបស់មេដឹនាំព្រុយនេ ទីម័រខាងកើត និងភូមា។ ភូមា ដែលជាលិខិតរបស់មេដឹកនាំយោធា លោក មីន អ៊ុងឡាង បានបញ្ជាក់ថា ខ្លួនសូមអបអរការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ តាមរយៈលិខិតដែលផ្ញើមកតាំងពីថ្ងៃទី៧សីហា និងទើបបញ្ចេញជាសាធារណៈដោយលោក ហ៊ុន ម៉ាណែត ដែរនោះ គឺមេដឹកនាំយោធាភូមា ជឿជាក់ថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នឹងធ្វើកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

គួរកត់សម្គាល់ថា លិខិតអបអរនៃបណ្តាប្រទេសជាច្រើន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញជាសាធារណៈ នៅក្រោយពេលដែលលោកត្រូវបានតែងតាំងជាផ្លូវការ ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧។ លិខិតនៃបណ្តាប្រទេសផ្សេងទៀត មានដូចជា ជប៉ុន ហ្កាណា ម៉ាល់ឌីវ ទុយនេស៊ី បេឡារុស គុយបា បង់ក្លាដេស ជាដើម។

យ៉ាងណាមិញ គេមិនទាន់ឃើញឡើយនូវលិខិតអបអរលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញពីបណ្តាប្រទេសលោកខាងលិច ដែលនិយមប្រជាធិបតេយ្យ តួយ៉ាងដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងបណ្តាសហគមន៍អឺរ៉ុប ខណៈដែលប្រទេសទាំងនោះ ធ្លាប់បានរិះគន់ការបោះឆ្នោតកន្លងទៅនេះ ថាមិនសេរី និងយុត្តិធម៌។ នៅក្នុងអឺរ៉ុប គឺមានតែប្រទេសហុងគ្រី ប៉ុណ្ណោះ ដែលទើបផ្ញើលិខិតអបអរជូនលោក ហ៊ុន ម៉ាណែត ក្នុងតំណែងកំពូលរបស់រដ្ឋាភិបាលកម្ពុជាពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ