អានតួអត្ថបទ

ក្រោយMetaមិនព្យួរគណនីលោកហ៊ុនសែន កម្ពុជាបន្តហាមឃាត់ក្រុមប្រឹក្សាមេតាទាំង២២នាក់

ក្រសួងប្រៃសណីយ៍នៅថ្ងៃពុធម្សិលមិញ សម្រេចអនុញ្ញាតឲ្យមានតំណាងក្រុមហ៊ុនMetaក្នុងប្រទេសកម្ពុជាឡើងវិញ នៅក្រោយការសម្រេចរបស់ក្រុមហ៊ុនMeta មិនដាក់ពិន័យលើទំព័រហ្វេសប៊ុករបស់អតីតនាយករដ្ឋមន្រ្តីលោកហ៊ុនសែន ។ ក៏ប៉ុន្តែ សមាជិកក្រុមប្រឹក្សាភិបាលទាំង២២រូបរបស់ក្រុមហ៊ុនមេតា នៅតែត្រូវបានកម្ពុ​ជាបន្តមិនអនុញ្ញាតឲ្យជាន់ទឹកដីកម្ពុជាដដែល ដែលបើតាមក្រសួងប្រៃសណីយ៍ គឺដោយសារអ្នកទាំង២២រូប​​ បានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

This photo illustration shows a post on Facebook by Cambodian government official Duong Dara, which includes an image of the official Facebook page of Cambodia's Prime Minister Hun Sen before he deleted his account, in Phnom Penh on June 30, 2023. Prime Minister Hun Sen said on June 30 he could block access to Facebook in Cambodia, after the company said it would remove a video in which he threatened to beat up political opponents.
This photo illustration shows a post on Facebook by Cambodian government official Duong Dara, which includes an image of the official Facebook page of Cambodia's Prime Minister Hun Sen before he deleted his account, in Phnom Penh on June 30, 2023. Prime Minister Hun Sen said on June 30 he could block access to Facebook in Cambodia, after the company said it would remove a video in which he threatened to beat up political opponents. AFP - TANG CHHIN SOTHY
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ក្រោយ​ក្រុមហ៊ុន​មេតា បដិសេធ​សំណើ​របស់​ក្រុម​ប្រឹក្សា​ភិបាល​របស់​ខ្លួន (Meta Oversight Board) ដោយ​មិន​ដាក់​ពិន័យ​លើ​គណនី​ហ្វេសប៊ុក​និង​អ៊ីន​ស្តា​ក្រាម​របស់​លោក​ហ៊ុន​សែន​ កម្ពុជា​ក៏​សម្រេច​អនុញ្ញាត​ឲ្យ​មាន​តំណាង​ក្រុមហ៊ុន​មេតា ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។ ក៏​ប៉ុន្តែ​ សមាជិក​ក្រុម​ប្រឹក្សាភិបាល​ទាំង​២២​រូប ដែល​បាន​លើក​សំណើ​នេះ ត្រូវ​បាន​កម្ពុជា​បន្ត​មិន​ស្វាគមន៍​ឲ្យ​ជាន់​ទឹកដី​កម្ពុជា​ដដែល។

យោងតាមក្រុមហ៊ុនមេតា នៅថ្ងៃទី២៨សីហា ការសម្រេចបដិសេធ សំណើរបស់ក្រុមប្រឹក្សាភិបាល គឺ ជាសំណើមិនស៊ីសង្វាក់ទៅនឹងគោលការណ៍របស់ខ្លួន។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនមេតា បានឯកភាពដកឃ្លីបវីដេអូដែលមានខ្លឹមសារត្រូវបានយកជជែកដេញដោលដ៏ចម្រូងចម្រាស ចេញពីទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន ។

នៅចំពោះមុខនេះ ក្រសួងប្រៃសណីយ៍បានអបអរចំពោះការសម្រេចរបស់ក្រុមហ៊ុនMeta ដោយចាត់ទុកថាជាការវិនិច្ឆ័យដ៏ត្រឹមត្រូវមួយ និងអាចបញ្ជាក់ពីសុចរិតភាពនៃខ្លឹមសារមាតិកា លើគណនីផ្លូវការរបស់អតីតនាយករដ្ឋមន្រ្តីរូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបញ្ជាក់ថា នឹងមិនដកចំណាត់ការរបស់លើបុគ្គលទាំង២២រូប ដែលជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនមេតាឡើយ ពោលគឺបន្តហាមឃាត់វត្តមានជនបរទេសទាំងនោះក្នុងទឹកដីកម្ពុជាដដែល ក្រោមហេតុផលថា ពួកគេបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រៃកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនមេតាទាំង២២រូប ដែលត្រូវបានគេមើលឃើញថា សុទ្ធសឹងតែជាក្រុមប្រឹក្សាថ្នាក់ខ្ពស់ឯករាជ្យរបស់ក្រុមហ៊ុនមេតា និងដែលរួមមានទាំងអ្នកសារព័ត៌មាន អតីត​នាយក​រដ្ឋ​មន្ត្រី​ប្រ​ទេស​ដាណឺម៉ាក់​ និង ​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព។ ​

សូមរំលឹកថា កន្លងមក លោកហ៊ុនសែន ដែលកាលនោះជានាយករដ្ឋមន្រ្តី បានប្រកាសបិទទំព័រហ្វេសប៊ុកខ្លួនចោលជាស្ថាពរ និងស្នើឲ្យហ្វេសប៊ុកលុបឈ្មោះលោកចេញពីហ្វេសប៊ុកតែម្ដង ក្រោយសំណើរបស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនមេតា ឲ្យពិចារណាព្យួរទំព័ហ្វេសប៊ុកនិងអ៊ីនស្តាក្រាមផ្លូវការរបស់លោក។  ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនមេតា ដែលអះអាង ឃ្លីបវីដេអូមួយដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបសើលោកហ៊ុនសែន កាលពីខែមករា មានខ្លឹមសារគំរាមកំហែង ដែលបំពានលើស្តង់ដារស្ដីពីហិង្សានិងការញុះញង់ក្នុងសហគមន៍របស់ក្រុមហ៊ុនមេតា។  

ក្នុងពេលជាមួយគ្នានេះ ក្រសួងប្រៃសនីយ៍ បាន​បណ្តេញ​តំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​ចេញ​ពី​កម្ពុជា និង​បញ្ឈប់​រាល់​សកម្មភាព ដូច​ជា​ភាព​ជា​តំណាង​របស់​ក្រុមហ៊ុន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ និង​កិច្ចសហការ​ដៃគូ​ក្នុង​វិស័យ​ឯកជន​នៅ​ប្រទេស​កម្ពុជា។ ចំណែក ក្រសួងការបរទេសកម្ពុជាវិញ បានចេញសេចក្តីសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនមេតាចំនួន ២២នាក់ មិនឱ្យចូលកម្ពុជា ឬត្រូវចាកចេញពីកម្ពុជាក្នុងរយៈពេល ៤៨ ម៉ោង ប្រសិនបើពួកគេស្ថិតនៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ ប្រមាណមួយខែក្រោយមក ទំព័រហ្វេសប៊ុករបស់លោកហ៊ុន​ សែន ត្រូវបានបើកដំណើរការឡើងវិញ ដោយអះអាងថា ជាការសម្រេចនិងការគ្រប់គ្រងដោយទីប្រឹក្សាមួយរូបរបស់លោក។

គួរជម្រាបដែរថា ហ្វេសប៊ុកឬមេតា គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏ពេញនិយមជាងគេក្នុងចំណោមពលរដ្ឋកម្ពុជា ដែលត្រូវបានគេមើលឃើញថា ជាបណ្ដាញដ៍មានសារៈសំខាន់សម្រាប់អ្នកនយោបាយខ្មែរ ប្រើជាឧបករណ៍ថ្លែងសារនយោបាយរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ