អានតួអត្ថបទ
កម្ពុជា-សង្គម

ឥណ្ឌូនេស៊ីស្នើកម្ពុជាពង្រឹងការសហការដើម្បីបង្រ្កាបបញ្ហាឆបោកតាមប្រព័ន្ធអ៊ីនធឺណេត

ឥណ្ឌូនេស៊ី បានគូសបញ្ជាក់ប្រាប់កម្ពុជា អំពីសារៈសំខាន់នៃការសហប្រតិបត្តិដើម្បីបង្រា្កបបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណេត។ ការបញ្ជាក់នេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំដាច់ដោយឡែករវាងមេដឹកនាំនៃប្រទេសទាំងពីរ អំឡុងពេលដែលឥណ្ឌូនេស៊ីកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា។

ជំនួបរវាងលោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
ជំនួបរវាងលោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត © Minister of Foreign Affairs of The Republic of Indonesia
ផ្សាយពាណិជ្ជកម្ម

បើតាមសេចក្តីប្រកាសព័ត៌មាន ពីសំណាក់ក្រសួងការបរទេសឥណ្ឌូនេស៊ី គឺលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា ចាប់ពីខែមករា ដល់ខែកក្កដា ក្នុងឆ្នាំ២០២៣នេះ មានករណីចំនួន ៧៧៧ ត្រូវបានដោះស្រាយនៅក្នុងប្រទេសកម្ពុជា។ ដោយក្នុងនោះមាន៥១៥ ករណីពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត។

ក្នុងជំនួបទ្វេភាគីជាមួយកម្ពុជា លោក ចូកូ វីដូដូ បានសង្កត់ធ្ងន់ទៅលើការសហការរវាងប្រទេសទាំងពីរ ដើម្បីបង្ក្រាបបទល្មើសទាំងនោះ។ បើតាមលោកប្រធានាធិបតីឥណ្ឌូនេស៊ី មេដឹកនាំទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការការពារពលរដ្ឋឥណ្ឌូនេស៊ី ជាពិសេសអ្នកដែលបានក្លាយជាជនរងគ្រោះនៃការបោកប្រាស់តាមអ៊ីនធឺណិត ឬការក្លែងបន្លំតាមអ៊ីនធឺណិត។

ដោយឡែក បើតាមសេចក្តីប្រកាសនៅលើប្រព័ន្ធតេលេក្រាម របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ភាគីទាំងពីរបានពិភាក្សាយ៉ាងជិតស្និទ្ធិ ទៅលើទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស ការរប្រយុទ្ធប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ។ ឧក្រិដ្ឋកម្មឆ្លងដែន ដែលខាងកម្ពុជា បានបញ្ជាក់ទៀតថា កម្ពុជានិងឥណ្ឌូនេស៊ី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។

ជាការកត់សម្គាល់ ការលើកឡើងពីបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណេត នេះកើតឡើងនៅស្របពេលដែលសារព័ត៌មានអន្តរជាតិមួយចំនួន បានចុះផ្សាយជាបន្ត អំពីករណីជួញដូរមនុស្សមួយចំនួនចូលមកប្រទេសកម្ពុជា។ ករណីចុងក្រោយ តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters មានការចាប់ខ្លួនមនុស្ស១២នាក់   ពាក់ព័ន្ធនឹងបទជួញដូរមនុស្ស ១២២នាក់ មកកម្ពុជា ដើម្បីលក់ក្រលៀន។ ផ្អែកតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ បានឲ្យដឹងថា ការជួញដូរក្រលៀននោះ ធ្វើឡើងនៅឯមន្ទីរពេទ្យ ព្រះកេតុមាលា កណ្តាលក្រុងភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ