អានតួអត្ថបទ
កោះកេរ

ប្រាសាទកោះកេរ៖អតីតរាជធានីកាលជាង១០០០ឆ្នាំមុន ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

ក្រុមប្រាសាទកោះកេរ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧កញ្ញា២០២៣ នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅទីក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត។

ប្រាសាទកោះកេរ
ប្រាសាទកោះកេរ © រដ្ឋបាលខេត្តព្រះវិហារ
ផ្សាយពាណិជ្ជកម្ម

យោងតាមឯកសារ​ដែលផ្សព្វផ្សាយ​ដោយរដ្ឋបាល​ខេត្ត​ព្រះវិហារ ក្រុមប្រាសាទកោះកេរ ស្ថិតក្នុងរាជធានីបុរាណខ្មែរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤។ រាជធានីបុរាណនេះ ពីដើមឈ្មោះឆកគគីរ ឬ ឆោក គគ៌្យរ (ជាអក្សរខ្មែរបុរាណ) សព្វថៃ្ងមានទំហំផ្ទៃដី ១៦គីឡូម៉ែត្រការ៉េ។

ក្នុងក្រុមប្រាសាទធំ មានប្រាង្គ ៧ជាន់ ដែលមានកំពស់ ៣៥ម៉ែត្រ។ ប្រាសាទនេះ ជាកិច្ចឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា "កម្រតេងរាជា"។ តំបន់កោះកេរ មានប្រាសាទជាង១០០ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។

ក្នុងឆ្នាំ៩២១ អនាគតព្រះបាទជ័យវរ្ម័នទី៤ (ដែលអ្នកស្រាវជ្រាវភាគច្រើនបានចោទព្រះអង្គថាជាក្សត្រជ្រែករាជ្យ) បានយាងចេញពីរាជធានីយសោធរបុរៈ (អង្គរ) ទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោក គគ៌្យរ (កោះកេរសព្វថ្ងៃ)។ ចំពោះមូលហេតុពិតប្រាកដនៃការយាងចេញនេះ ពុំទាន់មានអ្នកណាអាចបកស្រាយបានឡើយ។ មានរឿងមួយដែលមានការឯកភាពគ្នា គឺប្រហែលជាព្រះអង្គ មានបញ្ហា ទំនាស់រាជបល្ល័ង្គ។

នៅពេលដែលទៅដល់ទីកន្លែងថ្មីនេះ ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមរៀបចំទីក្រុង នឹងបានកសាងប្រាសាទធំ (ឧទ្ទឹសដល់បុព្វការីជន) និងប្រាសាទប្រាង្គ (៧ថ្នាក់) សម្រាប់រាជ្យ និងឧទ្ទឹសដល់អទិទេព ត្រីភូវនេស្វរៈ (ព្រះឥសូរ) កសាងរហាល (បារាយណ៍) និងហេត្ថរចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈ។

អ្នកស្រាវជ្រាវបានរកឃើញសំណង់ប្រាសាទនៅកោះកេរមានចំនួនជាង ៧០ ប្រាសាទ (រាប់ទាំងទីទួលបុរាណ)។ យោងតាមការសិក្សាស្ថាបត្យកម្ម ប្រាសាទដែលចាស់ជាងគេភាគច្រើនគឺប្រាសាទឥដ្ឋ (កសាងក្នុងចន្លោះឆ្នាំ៩២១-៩២៨) បន្ទាប់មកគឺប្រាសាទថ្មភក់(ប្រហែលចាប់ផ្តើមកសាងនៅឆ្នាំ៩២៨) និងប្រាសាទថ្មបាយក្រៀម (កសាងចន្លោះឆ្នាំ៩៣០ រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ ៩៤១)។

ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។ តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ (១៩៧០-១៩៩៨)។ រីឯការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធរបំផុត ដែលធ្វើឲ្យប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។

ចាប់ពីឆ្នាំ១៩៧០នៅតំបន់កោះកេរ បានក្លាយជាតំបន់ដែលកាន់កាប់ដោយកងទ័ពខ្មែរក្រហម។ ក្នុងឆ្នាំ១៩៩៨ តំបន់នេះ ត្រូវបានបើកជាសាធារណៈឡើងវិញ តែនៅមានគ្រាប់មីនកប់ក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយ។

នៅក្នុងក្រុមប្រាសាទកោះកេរ មាន ប្រាសាទធំ ដែលគេនិយមហៅថាប្រាសាទកោះកេរ ដែលមានកំពែងរាងបួនជ្រុងទ្រវែង អមដោយប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទរាយរងធដទៃៗច្រើនទៀត។ 

ប្រាសាទប្រាង្គ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ៣៥ម៉ែត្រ ចែកចេញជា៧ថ្នាក់ ដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយ មានកំពស់៥ម៉ែត្រ មានផ្ទៃរាបប្រមាណ ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។ សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ គ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ