អានតួអត្ថបទ

CDC៖មនុស្សជិត១០០នាក់កើតជំងឺភ្នែកក្រហមកម្រិតស្រាលក្នុងខេត្តរតនគិរី

គិតមកដល់ថ្ងៃទី២៥កញ្ញាឆ្នាំ២០២៣នេះ មានមនុស្សសរុប៩៣នាក់ ត្រូវបានរកឃើញថា មានជំងឺភ្នែកក្រហម។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាល តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃច័ន្ទនេះ ដោយបញ្ជាក់ថា អ្នកជំងឺទាំងនោះ រស់នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃស្រុក អូរយ៉ាដាវ ខេត្តរតនគីរី ។

CDC៖មនុស្សជិត១០០នាក់កើតជំងឺភ្នែកក្រហមកម្រិតស្រាលក្នុងខេត្តរតនគិរី
CDC៖មនុស្សជិត១០០នាក់កើតជំងឺភ្នែកក្រហមកម្រិតស្រាលក្នុងខេត្តរតនគិរី © FB/CDC
ផ្សាយពាណិជ្ជកម្ម

បើតាមCDC ករណីនេះផ្ទុះឡើងដំបូងផ្ដើមចេញអ្នកភូមិ៨នាក់ ទៅចូលរួមបុណ្យ​សពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាម កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ ដែលមានព្រំប្រទល់ជាប់ភូមិប៉ក់តូចនៃខេត្តរតនគិរី។

បន្ទាប់ពីមានអាការៈសង្ស័យ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីជំនាញនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ព្រមទាំងក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ក៏បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងផ្ដល់ការអប់រំភ្លាមៗ។

យ៉ាងណាមិញ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) បានគូសបញ្ជាក់ថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមនេះ គឺមានស្រាលប៉ុណ្ណោះ ដែលជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី៧ទៅ១៤ថ្ងៃ ដោយមិនតម្រូវឲ្យមានការព្យាបាលនិងមិនមានផលវិបាករយៈពេលវែងឡើយ។ ទោះជាយ៉ាងណា ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល២ទៅ៣សប្តាហ៍ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ ចំណែក វិធីព្យាបាលរួមមាន ការប្រើថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ដែលជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។

ទន្ទឹមនឹងនេះ CDC បានអំពាវនាវឲ្យពលរដ្ឋ ទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ​ និងរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន បើឃើញកើតមានច្រើនក្នុងកន្លែងធ្វើការ​ សាលារៀន​ ក្នុងសហគមន៍របស់ខ្លួន។

គួរជម្រាបជូនថា នៅថ្ងៃអាទិត្យទី២៤ខែកញ្ញាឆ្នាំ២០២៣ម្សិលមិញ ក្រ​សួង​សុខា​ភិបាល​ក៏បាន​រក​ឃើញ​ជាលើក​ដំបូង​ ​នូវ​ប្រភេទ​ជំងឺ​ហ្ស៊ីកា​ដែល​បាន​កើត​ទៅ​លើ​កុមារ​អាយុ​៧ឆ្នាំ​ម្នាក់​នៅ​ខេត្ត​កំពង់ធំ។ ​បើតាម​សេច​ក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី២៤កញ្ញា​ អ្នក​ជំងឺ​បាន​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា ​ដោយ​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង ​ក្អួត ​និង​រាគ។​ បន្ទាប់មក ​គ្រូ​ពេទ្យ​ធ្វើ​តេស្ត​រក​មេរោគ​គ្រុន​ឈាម ​តែទទួលបានលទ្ធផល​អវិជ្ជមាន រហូតដល់​ក្រោយការវិភាគ​នៅ​មន្ទីរ​ពេទ្យ​ប៉ាស្ទ័រ​ កាលថ្ងៃ​ទី​២១​កញ្ញា ក៏បាន​បង្ហាញ​ថា​ អ្នក​ជំងឺ​មាន​វិជ្ជ​មាន​វីរុស​ហ្ស៊ីកានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ