អានតួអត្ថបទ

កាសែតថៃ៖ ថៃមិនយកបញ្ហាព្រំដែននិងការបាត់ខ្លួនសកម្មជនថៃ​មកជជែកជាមួយលោក ហ៊ុន ម៉ាណែតទេ

ដំណើរទស្សនៈកិច្ចលើក​ទី១នៅប្រទេសកម្ពុជា​​របស់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃគឺ លោក សេដ្ឋា ថៈវីស៊ីន ដែលមានរយៈពេល​១ថ្ងៃ​ កំពុងចាប់ផ្តើមហើយនៅថ្ងៃទី​២៨ ខែកញ្ញានេះ។ តាមការចុះផ្សាយរបស់កាសែតថៃបាំងកកប៉ុស្តិ៍ ​នៅ​មួយ​ថ្ងៃ​មុនដំណើរទស្សនៈកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបាន​បញ្ជាក់ថា ​បញ្ហាព្រំដែន បញ្ហាសិទ្ធិមនុស្ស និងការបាត់ខ្លួនរបស់សកម្មជនថៃគឺលោក​ Wanchalearm Satsaksit នឹងមិនត្រូវលើកយកមកជជែក​​ជាមួយលោក ហ៊ុន ម៉ាណែត នោះទេ។

ជំនួបលើកទី១រវាងនាយករដ្ឋមន្ត្រីថ្មីថៃ-កម្ពុជា នៅថ្ងៃទី​២៨​ ខែកញ្ញា ឆ្នាំ​២០២៣ នៅប្រទេសកម្ពុជា
ជំនួបលើកទី១រវាងនាយករដ្ឋមន្ត្រីថ្មីថៃ-កម្ពុជា នៅថ្ងៃទី​២៨​ ខែកញ្ញា ឆ្នាំ​២០២៣ នៅប្រទេសកម្ពុជា © Hun Sen
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនៈកិច្ចលើកដំបូងនៅរដ្ឋជាសមាជិកអាស៊ាន​​របស់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃគឺ លោក សេដ្ឋា ថៈវីស៊ីន ដែលមានរយៈពេល​១ថ្ងៃ​ កំពុងចាប់ផ្តើមហើយនៅថ្ងៃទី​២៨កញ្ញានេះ។ ជំនួបលើកទី១រវាងនាយករដ្ឋមន្ត្រីថ្មីថៃ-កម្ពុជា​ នឹងលើកឡើងជាចម្បង ​​អំពីបញ្ហាឆបោកតាមប្រព័ន្ធអ៊ីនធឺណែតដែលមាន​ប្រតិបត្តិការនៅតាមបណ្តោយ​ព្រំដែន​។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃបាំងកកប៉ុស្តិ៍នៅថ្ងៃទី២៧កញ្ញាម្សិលមិញ​​ តាមរយៈ​​លោក​ Panpree Bahiddha-Nukara រដ្ឋមន្ត្រី​ក្រសួង​ការបរទេសថៃ និងដោយពន្យល់ថា បញ្ហាឆបោកតាមអ៊ីធឺណែតឆ្លងដែននេះ បានរំខាន​និងបង្កការខូចខាតជាច្រើនដល់សាធារណៈជនថៃ​ ដែលចាំបាច់​ត្រូវមានការ​បង្ក្រាបជាបន្ទាន់។

ពីក្រសួងការបរទេសកម្ពុជាវិញ ជំនួបទ្វេភាគី​រវាងនាយករដ្ឋមន្ត្រីថៃ-កម្ពុជានៅថ្ងៃនេះ គឺរៀបចំឡើង​ក្នុងគោលបំណង​កំណត់ទិសដៅសកម្មភាព​ ដើម្បីធ្វើឱ្យស៊ីជម្រៅ​ និងពង្រីក​បន្ថែមទៀត​នូវកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ​។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំង២ នឹងប្រគល់ទទួល «មជ្ឈមណ្ឌល​សំចត​និងស្តារ​នីតិ​សម្បទាសម្រាប់ជនរងគ្រោះ​ដោយអំពើ​ជួញដូរមនុស្ស​ និងក្រុម​ជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅ​ក្នុងក្រុងប៉ោយប៉ែត​ដែលជា​គំនិតផ្តួចផ្តើម​នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

តាមការចុះផ្សាយរបស់កាសែតថៃបាំងកកប៉ុស្តិ៍ ​នៅ​មួយ​ថ្ងៃ​មុនដំណើរទស្សនៈកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបាន​បញ្ជាក់ថា ​បញ្ហាព្រំដែន បញ្ហាសិទ្ធិមនុស្ស និងការបាត់ខ្លួនរបស់សកម្មជនថៃលោក​ Wanchalearm Satsaksit នឹងមិនត្រូវលើកយកមកជជែក​​ជាមួយលោក ហ៊ុន ម៉ាណែត នោះទេ។ គួរដឹងថា មានភស្តុតាងរឹងម៉ាំជាច្រើនបានបង្ហាញថា សកម្មជនថៃ Wanchalearm Satsaksit បានបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា​កាលពីដើម​ខែមិថុនាឆ្នាំ២០២០។ ដំណើរការស៊ើបអង្កេតសំណុំរឿងនេះ នៅពុំទាន់​មានតម្រុយ​ណាមួយនៅឡើយទេ។ លោក ​Wanchalearm Satsaksit ជាសកម្មជន​រិះគន់រដ្ឋាភិបាលថៃលោកប្រាយុទ្ធ ដោយ​មិនសំចៃមាត់៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ