អានតួអត្ថបទ

ជួញដូរមនុស្សនៅឡាវ៖ នារីរងគ្រោះ​៦នាក់ត្រូវបានសង្គ្រោះត្រៀម​បញ្ជូនមកកម្ពុជាវិញ

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បាន​ឱ្យដំណឹង​អំ​ពីករណីនារីខ្មែរ​៧នាក់ ត្រូវបាន​ជនខិលខូច​បោកប្រាស់ទៅ​ធ្វើការនៅតំបន់ត្រីកោណ​មាស ប្រទេសឡាវ ហើយដែល​​ត្រៀម​លក់បន្ត​ទៅប្រទេសទី៣។ បច្ចុប្បន្ននេះ នារីរងគ្រោះ៦នាក់ត្រូវបានជួយសង្គ្រោះនិងត្រៀមបញ្ជូនមកកម្ពុជាវិញ ខណៈ១នាក់ទៀត នៅមិនទាន់អាចរត់គេចចេញបាន។ សូមស្តាប់ អោ ស្រីពេជ្រ​៖

ជួញដូរមនុស្សនៅឡាវ៖ នារីរងគ្រោះ៦នាក់ត្រូវបានសង្គ្រោះត្រៀមបញ្ជូនមកកម្ពុជាវិញ ក្រោយរកជំនួយតាមបណ្តាញសង្គម
ជួញដូរមនុស្សនៅឡាវ៖ នារីរងគ្រោះ៦នាក់ត្រូវបានសង្គ្រោះត្រៀមបញ្ជូនមកកម្ពុជាវិញ ក្រោយរកជំនួយតាមបណ្តាញសង្គម © Fresh News
ផ្សាយពាណិជ្ជកម្ម

ក្នុងទំព័រហ្វេសបុក ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ កាលពីថ្ងៃទី៣០ខែកញ្ញា​​កន្លងទៅ​ បានឱ្យដំណឹងអំពីករណីនារីខ្មែរ៧នាក់ ត្រូវបានជនខិលខូចបោកប្រាស់ទៅធ្វើការនៅខេត្តបូរកែវ​ តំបន់ត្រីកោណមាស ប្រទេសឡាវ ហើយដែលត្រៀមលក់បន្តទៅប្រទេសទី៣ បន្ទាប់ពីមានបញ្ហាជាមួយថៅកែ។

ដំណឹងនៃការជួញដូរមនុស្សឆ្លងដែននេះ ត្រូវបានស្ថានទូតកម្ពុជាដឹងតាមរយៈ​ការបង្ហោះស្នើសុំជំនួយពីជនរងគ្រោះ​ នៅតាមបណ្តាញសង្គមហ្វេសបុករបស់ពួកគេ​។

បន្ទាប់ពីអាចរត់គេចចេញពីកន្លែងធ្វើការ​បានដោយជោគជ័យ ជនរងគ្រោះ​៦នាក់ ក្នុងចំណោម ​៧នាក់ កំពុងត្រៀមបញ្ជូនមកកម្ពុជាវិញ ​ដោយមានការជួយសង្គ្រោះ​ពី​កងកម្លាំងប៉ូលីសឡាវ តាមរយៈការសម្របសម្រួលរបស់ស្ថានទូត។

ដោយឡែក​ ជនរងគ្រោះ១នាក់ទៀត ដែល​នៅមិនទាន់អាចរត់គេចចេញបាន ដោយកត្តាសុខភាព ស្ថានទូតកម្ពុជា​និងអាជ្ញាធរឡាវនឹងបន្ត​ជួយសង្គ្រោះ បញ្ជូនមកកម្ពុជាដូចគ្នាដែរ​​ នៅពេលឆាប់ៗខាងមុខ​នេះ​។ នេះបើតាមការបញ្ជាក់របស់​ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ។

ទាក់ទងនឹងរឿងនេះដែរ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច មើល​ឃើញថា​ ការបង្ហោះ​ផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ស្ថាប័នពាក់ព័ន្ធ ជុំវិញ​ការជួញដូរមនុស្ស តួយ៉ាងរឿងរ៉ាវ​នៃ​ការជួញដូរមនុស្សឆ្លងដែននៅឡាវនេះនឹងអាចប៉ះពាល់ដល់​ទេសចរណ៍កម្ពុជា។ ប៉ះពាល់ក៏ព្រោះថា រូបភាពអវិជ្ជមាននៅក្នុងបណ្តាញសង្គមបែបនេះនឹងអាចត្រូវបាន​ជនអគតិ​ យកទៅបំពុលពិភពលោក ធ្វើឱ្យគេ​លែងហ៊ាន​មកទស្សនាកម្ពុជាទៀត។ ជាយោបល់ លោកបណ្ឌិត សុខ ទូច យល់​ថាហេតុការណ៍​នេះគួរត្រូវដោះស្រាយនិង​ចាត់វិធានការ​ពី​ក្រោយឆាក ដែលអាចមានប្រសិទ្ធភាពជាង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ