អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការ Right Livelihood ស្នើឲ្យពិចារណាចំពោះការរារាំងក្រុមមាតាធម្មជាតិ ទៅទទួលរង្វាន់ក្រៅប្រទេស

អង្គការ Right Livelihood ដែលនឹងត្រូវផ្តល់ពានរង្វាន់ ដល់ក្រុមយុវជនមាតាធម្មជាតិ បានចេញមកប្រតិកម្មដោយសម្តែងនូវការព្រួយបារម្ភ ចំពោះការសម្រេចរបស់តុលាការក្រុងភ្នំពេញ។ ប្រតិកម្មរបស់អង្គការ Right Livelihood ធ្វើឡើង នៅគ្រាដែលតុលាការទីក្រុងភ្នំពេញ បានឃាត់ឃាំងដំណើររបស់ក្រុមយុវជនមាតាធម្មជាតិ មិនឲ្យចេញទៅប្រទេសស៊ុយអែត ដើម្បីទទួលពានរង្វាន់ ដោយចាត់ទុកថា ជាករណីមិនចាំបាច់។

ក្រុមយុវជនមាតាធម្មជាតិ ដែលធ្វើសកម្មភាពទាមទារយុត្តិធម៌សង្គម
ក្រុមយុវជនមាតាធម្មជាតិ ដែលធ្វើសកម្មភាពទាមទារយុត្តិធម៌សង្គម © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃអង្គារ អង្គការ Right Livelihood បានសម្តែងការសោកស្តោយចំពោះដំណឹងដែលខ្លួនទទួលបានថា តុលាការក្រុងភ្នំពេញ បានបដិសេធមិនឲ្យតំណាងក្រុមយុវជនមាតាធម្មជាតិ ទៅទទួលពានរង្វាន់ Right Livelihood Award ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩វិច្ឆិកា ប្រទេសស៊ុយអែត។ អង្គការ Right Livelihood អះអាងថា ខ្លួននឹងឈរក្នុងសាមគ្គីភាពជាមួយអង្គការមាតាធម្មជាតិកម្ពុជា និងបន្តការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីការពារបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជំនាន់បច្ចុប្បន្ន និងអនាគត។

នៅចំពោះមុខនៃការបដិសេធរបស់តុលាការបែបនេះ អង្គការ Right Livelihood បានស្នើឲ្យមានការពិចារណាឡើងវិញនូវការសម្រេចចិត្ត ដែលរារាំងក្រុមយុវជនមាតាធម្មជាតិ ពីការទៅទទួលពានរង្វាន់។

ទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការ Right Livelihood បញ្ជាក់ថា គេនឹងគោរពហើយអបអរសាទរចំពោះ ក្រុមយុវជនមាតាធម្មជាតិ ក្នុងកម្មវិធីប្រគល់ពានរង្វាន់នៅថ្ងៃទី២៩វិច្ឆិកាខាងមុខ ដោយមិនគិតពីការសម្រេចរបស់តុលាការក្រុងភ្នំពេញឡើយ។ ហើយនៅទន្ទឹមនេះ អង្គការ Right Livelihood បានស្នើឲ្យសហគមន៍អន្តរជាតិ ចូលរួមអបអរក្រុមយុវជនមាតាធម្មជាតិ ដែលតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេក្នុងការទទួលស្គាល់នៅលើឆាកពិភពលោក។

គួរបញ្ជាក់ថា ក្រុមយុវជនមាតាធម្មជាតិ បានស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានអង្គការ Right Livelihood ផ្តល់ពានរង្វាន់នៅក្នុងឆ្នាំនេះ ចំពោះសកម្មភាពដែលមិនខ្លាចរអារបស់ពួកគេ។ តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិមួយនេះ គឺ ក្រុមយុវជនមាតាធម្មជាតិ បានការពារធនធានធម្មជាតិរបស់កម្ពុជា និងក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅចំពោះមុខការបង្រ្កាបរបស់រដ្ឋាភិបាលដែលកំពុងកើនឡើង។

តែយ៉ាងណា ចំណាត់ការរបស់តុលាការកម្ពុជា បានបដិសេធមិនឲ្យក្រុមយុវជនមាតាធម្មជាតិ ចេញទៅទទួលពានរង្វាន់នេះឡើយ ដោយបញ្ជាក់ថា ជាករណីមិនចាំបាច់។ ការណ៍នេះ ក្រុមយុវជនមាតាធម្មជាតិ ចាត់ទុកជារឿងខកចិត្ត និងថាដាក់លិខិតស្នើសុំការអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៦តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ