អានតួអត្ថបទ

សង្គមស៊ីវិលជាង២០ស្នើរដ្ឋាភិបាលស៊ើបអង្កេតលើក្រុមហ៊ុនមួយនាំចេញឈើទៅបរទេស

អង្គការសមាគម និងសហគមន៍ចំនួន ២៤ស្ថាប័ន បានស្នើដល់រដ្ឋាភិបាលឲ្យលុបចោលអាជ្ញាប័ណ្ណនាំចេញឈើទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូអិលធីឌី ព្រមទាំងឲ្យមានការស៊ើបអង្កេតទៅលើការនាំចេញឈើទៅបរទេសរបស់ក្រុមហ៊ុននេះផងដែរ​​។ ការស្នើនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃទី១០ខែតុលា ក្រោយពីពួកគេទទួលបានព័ត៌មានអំពីការស្នើសុំពន្យារពេលនាំចេញឈើរយៈពេល៥ឆ្នាំបន្ថែមទៀតពីសំណាក់ក្រុមហ៊ុនអង្គរផ្លាយវូត ខូអិលធីឌី។

នេះជារូបភាពទាក់ទងទៅនឹងបង្រ្កាបបទល្មើសព្រៃឈើ
នេះជារូបភាពទាក់ទងទៅនឹងបង្រ្កាបបទល្មើសព្រៃឈើ © internet
ផ្សាយពាណិជ្ជកម្ម

សង្គមស៊ីវិលជាង២០ស្ថាប័ននោះរួមមាន សមាគមបណ្ដាញយុវជនកម្ពុជា សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ អង្គការសម្ព័ន្ធដើម្បីសុច្ចរិតភាព និងគណនេយ្យភាពសង្គម សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាជាដើម ពួកគេសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលទទួលបានព័ត៌មានអំពីការស្នើសុំពន្យារពេលនាំឈើចេញរយៈពេល៥ឆ្នាំបន្ថែមទៀតរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូអិលធីឌី ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ ការចេញសេចក្ដីថ្លែងការណ៍និងសម្ដែងការព្រួយបារម្ភនេះ ដោយពួកគេបានយោងទៅលើការផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧កក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធទៅនឹងការអនុញ្ញាតឲ្យក្រុមហ៊ុនអង្គរផ្លាយវូតពន្យារពេលនាំឈើចេញរយៈពេល៥ឆ្នាំបន្ថែមទៀតពីរដ្ឋាភិបាល។

ក្រៅពីនេះអង្គការសមាគមទាំងនេះ ក៏បានយោងទៅលើសេចក្ដីសម្រេច ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនអង្គរផ្លាយវូត ខូអិលធីឌី ទទួលបានការពន្យារពេលនាំចេញផលិតផលឈើកែច្នៃចំនួនប្រមាណជាង ១០ម៉ឺនម៉ែត្រគូប ដែលនៅសល់ពីការអនុញ្ញាតកាលពីឆ្នាំ២០១៦ ឲ្យបន្តការនាំចេញរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ បើតាមអង្គការសមាគម ការសម្រេចរបស់រដ្ឋាភិបាលនេះ គឺអនុញ្ញាតឲ្យនាំចេញតែប្រភេទឈើកែច្នៃដូចជា ក្ដារបន្ទះ ក្ដារកម្រាលការ៉ូ និងផលិតផលផ្សេងៗដែលផលិតពីឈើកិនប៉ុណ្ណោះ។

ប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុនអង្គរផ្លាយវូតបែរជានាំចេញឈើកម្រជាច្រើនប្រភេទដូចជា ស្រឡៅ កកោះ ផ្ចឹក សុក្រមជាដើមចំនួនប្រមាណជាង ២លានគីឡូក្រាម ទៅកាន់ប្រទេសវៀតណាម។ នេះបើយោងតាមបញ្ជីនាំចេញឈើរបស់ក្រុមហ៊ុនដែលបានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ បើតាមអង្គការសមាគមទាំងនេះ បើផ្អែកតាមទិន្នន័យនាំចេញខាងលើគឺផ្ទុយពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ខណៈអង្គការជាតិ-អន្តរជាតិ និងសហគមន៍មូលដ្ឋាន ធ្លាប់រកឃើញបន្តបន្ទាប់ពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ និងតំបន់អភិរក្ស។

ត្រង់បញ្ហានេះហើយ ដែលអង្គការសមាគម និងសហគមន៍បានស្នើដល់រដ្ឋាភិបាលឲ្យលុបចោលអាជ្ញាប័ណ្ណនាំចេញឈើទៅបរទេសរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូអិលធីឌី និងធ្វើការស៊ើបអង្កេតលើក្រុមហ៊ុននេះអំពីការនាំចេញឈើកម្រទៅបរទេសដែលផ្ទុយពីច្បាប់កម្ពុជា។

យ៉ាងណាមិញជុំវិញការស្នើរបស់អង្គការសមាគមទាំងនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថាវាជាសិទ្ធិក្នុងការសម្ដែងការព្រួយបារម្ភ ប៉ុន្តែរាល់ការសម្រេចរបស់រាជរដ្ឋាភិបាល ត្រូវបានលោកបញ្ជាក់ថា គឺប្រកបទៅដោយការទទួលខុសត្រូវខ្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ