អានតួអត្ថបទ

Amnesty International៖​​ អាជ្ញាធរខ្មែរអាចជាប់ពាក់ព័ន្ធពីការទទួលសំណូកក្នុងបទល្មើសឆបោកអនឡាញ

ក្នុងបទសម្ភាសជាមួយAmnesty International អ្នករាយការណ៍ពិសេសUNនិងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សOHCHR បានចោទប្រកាន់ថាអាជ្ញាធរកម្ពុជា អាចមានជាប់ពាក់ព័ន្ធនឹងការទទួលយកសំណូក ពីអ្នកឆបោកអនឡាញនិងម្ចាស់កាស៊ីណូ។ ជាការចោទប្រកាន់ នៅចំពោះមុខកំណើនគួរឲ្យកត់សម្គាល់នៃបទល្មើសជួញដូរមនុស្សទាក់ទងនឹងអំពើឆបោកតាមអនឡាញ។ នេះបើតាមAmnesty International ខណៈអ្នករាយការណ៍ពិសេសUNក៏បានអះអាងថា ជនរងគ្រោះពីការជួញដូរមនុស្សក្នុងក្រុងព្រះសីហនុតែមួយ អាចមានដល់ទៅ១០ម៉ឺននាក់។

Empty buildings inside Chinatown district in Sihanoukville.
Empty buildings inside Chinatown district in Sihanoukville. AFP - STR
ផ្សាយពាណិជ្ជកម្ម

ការកើនឡើងគួរឲ្យកត់សម្គាល់នៃអំពើជួញដូរមនុស្សពាក់ព័ន្ធនឹងការឆបោកអនឡាញនិងប្រតិបត្តិការកាស៊ីណូ គឺជាក្ដីបារម្ភមួយក្នុងចំណោមក្ដីបារម្ភស្ដីពីបញ្ហាសិទ្ធិមនុស្សមួយចំនួនទៀត ដែលអង្គការAmnesty International ដាក់បញ្ចូលក្នុងរបាយការណ៍របស់ខ្លួន។ ជារបាយការណ៍ត្រៀមដាក់ទៅក្រុមការងារពិនិត្យជាសលកតាមកាលកំណត់ (UPR) ដែលនឹងត្រូវពិនិត្យ​កំណត់​ត្រា​សិទ្ធិ​ម​នុស្ស​របស់កម្ពុជា  នៅខែឧសភាឆ្នាំ២០២៤ខាងមុខ។

ពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស របាយការណ៍របស់Amnesty International គូសបញ្ជាក់ថា ក្នុងប្រទេសកម្ពុជា ទីតាំងប្រព្រឹត្តអំពើជួញដូរមនុស្សជាច្រើននៅតែបើកដំណើរការ និងមិនត្រូវបានបិទពិតប្រាកដឡើយ បើទោះបីជនល្មើសរាប់រយនាក់ ត្រូវបានអាជ្ញាធរកម្ពុជារកឃើញ តាមរយៈការចុះបង្ក្រាបក្នុងក្រុងភ្នំពេញនិងព្រះសីហនុក្ដី។ កាលពីខែកញ្ញាឆ្នាំ២០២២ អ្នករាយការណ៍ពិសេសUN បានអះអាងពីការសរសេរទៅកាន់រដ្ឋាភិបាលកម្ពុជាដោយគូសបញ្ជាក់ថា ក្នុងក្រុងព្រះសីហនុតែឯង អាចមានជនរងគ្រោះពីការជួញដូរមនុស្សដល់ទៅ១០ម៉ឺននាក់ឯណោះ។ នៅចំពោះមុខកំណើនគួរឲ្យកត់សម្គាល់នេះហើយ ដែលអ្នករាយការណ៍ពិសេសUN រួមជាមួយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ចោទប្រកាន់ថា អាជ្ញាធរកម្ពុជាអាចមានជាប់ពាក់ព័ន្ធនឹងការទទួលយកសំណូកពីអ្នកឆបោកអនឡាញនិងម្ចាស់កាស៊ីណូ។

ក្រៅពីនេះតាម Amnesty Internationalដដែល ជនរងគ្រោះក្រោមអំពើអមនុស្សធម៌គ្រប់រូបភាព ក្រោយត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរកម្ពុជា ពួកគេជាច្រើនក៏ត្រូវបានយកទៅដាក់នៅមជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ ជាច្រើនខែ ដែលមានលក្ខណៈណែនតែនតាប់ ហើយគ្មានឱកាសទទួលបានការប្រឹក្សាផ្នែកជាដើម។ មិនតែប៉ុណ្ណោះ ពួកគេភាគច្រើន ក៏ត្រូវបានតម្រូវឲ្យបង់ថ្លៃអាហារផងដែរ។

បន្ទាប់ពីការកត់សម្គាល់ឃើញយ៉ាងដូច្នេះ Amnesty International បានផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ជនរងគ្រោះដោយការជួញដូរ និងធានាថាសិទ្ធិសេរីភាពរបស់ពួកគេមិនត្រូវបានដកហូត និងអាចទទួលបានការផ្ដល់ប្រឹក្សាផ្នែកច្បាប់តាមការចាំបាច់។ ទន្ទឹមនឹងនេះ ត្រូវផ្ដល់ការគាំទ្រដល់អ្នករួចផុតពីការជួញដូរ ដូចជាការគាំទ្រផ្នែកច្បាប់ និងការសម្របសម្រួលបញ្ជូនពួកគេទៅប្រទេសកំណើតវិញ នៅពេលមានការស្នើសុំ និងស្ថានភាពមានសុវត្ថិភាព ជាពិសេសចំពោះស្រ្តី កុមារ និងក្រុមមនុស្សងាយរងគ្រោះ។

សូមបញ្ជាក់ថាក្រៅពីបទល្មើសជួញដូរមនុស្ស ក្ដីបារម្ភស្ដីពីបញ្ហាសិទ្ធិមនុស្សមួយចំនួនទៀត ដែលអង្គការAmnesty Internationalដាក់បញ្ចូលក្នុងរបាយការណ៍របស់ខ្លួន មានដូចជា ការបណ្ដេញពលរដ្ឋដោយបង្ខំក្នុងតំបន់អង្គរ ការរំលោភបំពានលើជនរងគ្រោះពីការសេពគ្រឿងញៀន ការធ្វើទារុណកម្មនិងការឃុំខ្លួនតាមអំពើចិត្តក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សិទ្ធិជនជាតិដើមភាគតិច និងការបាត់ខ្លួនរបស់សកម្មជននយោបាយថៃលោក Wanchalearm Satsaksit៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ