អានតួអត្ថបទ

គម្រោងBRIរបស់ចិន៖ ​លោកហ៊ុន ម៉ាណែត ស្នើការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ថ្លែងក្នុងឱកាសចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី១៩តុលា នាយករដ្ឋមន្រ្តីលោកហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងមូលដ្ឋានគ្រឹះឌីជីថលដ៏រឹងមាំ នៅក្នុងប្រទេសកំពុងអភិវឌ្ឈ។ ក្នុងន័យនេះលោកលើកទឹកចិត្តឲ្យមានការបង្កើនមូលនិធិសម្រាប់ការអភិវឌ្ឈលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្រោមក្របខណ្ឌនៃគម្រោងមួយនេះ។ លោកក៏បានផ្ដល់បទសម្ភាសឲ្យទូរទស្សន៍CCTVចិនក្នុងថ្ងៃជាមួយគ្នានេះ ដោយបញ្ជាក់ថា កម្ពុជាផ្ដល់តម្លៃលើគម្រោងBRIរបស់ចិននេះ ព្រោះជាប្រភេទគម្រោងដែលបន្សល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន។

លោកហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ក្នុងទីក្រុងប៉េកាំង ថ្ងៃទី១៩តុលា២០២៣
លោកហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ក្នុងទីក្រុងប៉េកាំង ថ្ងៃទី១៩តុលា២០២៣ © CNS
ផ្សាយពាណិជ្ជកម្ម

ក្រៅតែពីសមិទ្ធិផលអភិវឌ្ឈជាច្រើនចេញពីគម្រោងខ្សែក្រវ៉ាត់និងផ្លូវ(BRI)របស់ចិន លោកហ៊ុន ម៉ាណែតបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការកសាងមូលដ្ឋានគ្រឹះឌីជីថល ក្រោមក្របខណ្ឌនៃគម្រោងមួយនេះ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសការចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(BRF) នៅថ្ងៃទី១៩ខែតុលា ក្នុងទីក្រុងប៉េកាំង។

ដោយជាការអភិវឌ្ឈមួយដែលត្រូវការនូវហិរញ្ញវត្ថុនិងជំនាញបច្ចេកទេសជាច្រើន លោកហ៊ុន​ ម៉ាណែត បានលើកទឹកចិត្តឲ្យមានការបង្កើនមូលនិធិលើវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេសក្រោមគម្រោង(BRI)របស់ចិននេះ។ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលរួមមាន ការតភ្ជាប់(Connectivity) មជ្ឈមណ្ឌលទិន្នន័យនិងសន្តិសុខ(Data Center and Security) ព្រមទាំងវេទិកាឌីជីថលផ្សេងៗទៀត។

ចំណែកក្នុងបទសម្ភាសជាមួយទូរទស្សន៍ចិនCCTV ក្នុងថ្ងៃជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះគូសបញ្ជាក់ពីអត្ថប្រយោជន៍ជាច្រើនដែលកម្ពុជាទទួលបាន ចេញពីការគាំទ្ររបស់BRIទៅលើផែនការអភិវឌ្ឈរបស់ខ្លួន។ ជាឧទាហរណ៍ លោកបានលើកយកសមិទ្ធិផលមួយចំនួនដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ និងអាកាសយានដ្ឋានសៀមរាបអង្គរដែលទើបនឹងសម្ពោធជាផ្លូវការនាពេលថ្មីៗនេះ។ លោកបន្ថែមថា BRIគឺជាអ្វីដែលកម្ពុជាផ្ដល់តម្លៃ ព្រោះជាប្រភេទគំនិតផ្ដួចផ្ដើមមួយដែលបន្សល់ទុកនូវផលប្រយោជន៍ជាច្រើនទៅដល់ជីវភាពរស់នៅរបស់ប្រជាជន។

អំឡុងវេទិកានេះ ប្រធានាធិបតីចិន ក៏បានគូសបញ្ជាក់ថា ក្នុងគម្រោងBRI កម្ពុជាគឺជាអ្នកចូលរួមដ៏សំខាន់មួយ ខណៈBRIផ្ដល់ការអភិវឌ្ឈជាក់ស្ដែង ដល់ភាគីទាំងសងខាងគឺទាំងកម្ពុជានិងចិន។ បន្ថែមពីនេះ លោកស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនរួចរាល់នៅក្នុងការពង្រឹងការស៊ីសង្វាក់គ្នារវាងគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន ជាមួយគោលនយោបាយបញ្ចកោនរបស់កម្ពុជា។

គួរបញ្ជាក់ថា យុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ (OBOR) ត្រូវបានប្រកាសក្នុងឆ្នាំ២០១៣ដោយលោកប្រធានាធិបតីស៊ី ជីនពីង ក្នុងគោលបំណងបង្កើនភាពតភ្ជាប់គ្នារវាងប្រទេសចិន ជាមួយបណ្ដាប្រទេសដទៃទៀត នៅតាមបណ្ដោយផ្លូវឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។ ក្នុងពេលមួយទស្សវត្សរ៍មកនេះ មានប្រទេសជាង១៥០និងអង្គការអន្តរជាតិជាង៣០ បានចុះហត្ថលេខាលើឯកសារក្រោមក្របខណ្ឌគម្រោងBRIនេះ។

សម្រាប់ចិន យុទ្ធសាស្រ្តនេះ អាចបង្កើតទីផ្សារថ្មីៗសម្រាប់ការនាំចេញរបស់ចិន បង្កើនឥទ្ធិពលរបស់ចិននៅក្នុងការងារសេដ្ឋកិច្ចសកល និងបង្កើនលទ្ធភាពចូលទៅរកធនធានធម្មជាតិ ឬថាមពលដែលខ្លួនត្រូវការ។ ក៏ប៉ុន្តែអ្នកវិភាគមួយចំនួនយល់ថា វាក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់លោកស៊ី ជីនពីង ប្រជែងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ ដោយឡែក សហរដ្ឋអាមេរិកធ្លាប់បានព្រមានពីការធ្លាក់ចូលអន្ទាក់បំណុលរបស់ចិន ក្នុងគម្រោងផ្លូវនិងខ្សែក្រវ៉ាត់នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ