អានតួអត្ថបទ
កម្ពុជា-ច្បាប់

អង្គការសិទ្ធិមនុស្សអន្តរជាតិFidh ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ

សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សហៅកាត់ថា Fidh បានដាក់លិខិតមករដ្ឋាភិបាលកម្ពុជាដើម្បីស្នើឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ រួមនឹងថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចោទប្រកាន់ដែលមានលក្ខណៈនយោបាយ ច្រើនជាងការអនុវត្តច្បាប់។ ការស្នើរបស់សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស គឺធ្វើឡើងបន្ទាប់ពី តុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកញ្ញា ឈឹម ស៊ីថរ ចំនួន២ឆ្នាំ ខណៈថ្នាក់ដឹកនាំផ្សេងទៀតត្រូវជាប់ពន្ធនាគារពីចន្លោះ១ឆ្នាំ ដល់ ១ឆ្នាំ ៦ខែ។ រាយការណ៍ដោយ សាំ ឧត្តម

កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ក្នុងលិខិតចំនួន៣សន្លឹកដែលសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស (Fidh)ផ្ញើមករាជរដ្ឋាភិបាលកម្ពុជានោះរួមមាន៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងកិច្ចការបរទេស លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា រួមនឹងលោក នី សំអុល ជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ។

នៅចំពោះការស្នើឱ្យមានកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សទាមទារនូវលក្ខខណ្ឌចំនួន៤ដោយតម្រូវឱ្យកម្ពុជាធានាឱ្យបាននូវសុខមាលភាពរបស់កញ្ញា ឈឹម ស៊ីថរ រួមនឹងថ្នាក់ដឹកនាំសហជីពផ្សេងទៀត ខណៈ​ហ្វីដ(Fidh) ក៏តម្រូវឱ្យអាជ្ញាធរកម្ពុជារក្សាឱ្យបាននូវសេរីភាពដល់សកម្មជនការពារសិទ្ធិមនុស្សផ្សេងទៀត។

ចំណែកការទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែងកម្ពុជា ឈឹម ស៊ីថរ ជាបន្ទាន់ដោយឥតលក្ខខណ្ឌក៏ស្ថិតក្នុងការស្នើចេញរបស់សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សផងដែរ។ ការទាមទារបែបនេះ ដោយហេតុថា ការចាប់ និងឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ គឺធ្វើឡើងតាមអំពើចិត្ត ផ្ទុយពីច្បាប់មានដែលមានលក្ខណៈនយោបាយ។

ម្ល៉ោះហើយ សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្ស ជំរុញឱ្យតុលាការកម្ពុជាទម្លាក់រាល់បទចោទប្រកាន់នានាចំពោះកញ្ញា ឈឹម ស៊ីថរ រួមនឹងថ្នាក់ដឹកនាំសហជីពផ្សេងទៀត ហើយត្រូវបើកលំហរសេរីភាពដល់សហជីព សកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីធានាបានថា ពួកគេអាចអនុវត្តសកម្មភាពស្របតាមច្បាប់ ដោយគ្មានការគំរាមកំហែងណាមួយ។

ម្យ៉ាងវិញទៀត ក្នុងលក្ខខណ្ឌទី៤ សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សអំពាវនាវឱ្យរដ្ឋា​ភិបាលកម្ពុជាធានារាល់សិទ្ធិការងារទាំងអស់នៅក្នុងប្រទេសរួមមាន សិទ្ធិកូដកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ ពិសេសក្នុងមាត្រា ៦ ដល់មាត្រា៨ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ដែលកម្ពុជាជារដ្ឋភាគី។ ​

ការដាក់លិខិតរបស់សហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សនាពេលនេះ ធ្វើឡើងក្រោយពេលដែលសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៩ តុលា ឆ្នាំ២០២៣បានតម្កល់សាលក្រមរបស់សាលាដំបូងរាជាធានីភ្នំពេញថា បានការដដែល ដោយបញ្ជាក់ថាកញ្ញា ឈឹម ស៊ីថរ រួមនឹងថ្នាក់ដឹកនាំសហជីព៧នាក់ផ្សេងទៀត មានទោសពីបទ«ញុះញង់» តាមមាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ក្នុងចំណោមថ្នាក់ដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរត្រូវបានតុលាកាចេញសេចក្តីសម្រេចឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ។ ចំណែក កញ្ញា ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត អ្នកស្រី ស៊ុន ស្រីពេជ្រ កញ្ញា ទូច សេរីមាស កំណត់ឱ្យជាប់ពន្ធនាគារចំនួន១ ឆ្នាំ៦ខែ តែអ្នកទាំង៥នេះមិនទាន់ដាក់ពន្ធនាគារនៅឡើយ ដោយបន្តស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរហូតដល់សាលក្រមស្ថាពរត្រូវបានសម្រេច ខណៈ កញ្ញា រីសុវណ្ណឌី និងលោក សុខ ណារិទ្ធវិញ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ