អានតួអត្ថបទ
កម្ពុជា-វិបត្តិបំណុល

The Kanitha Show ថាខ្លួនមិនបានជំរុញឱ្យអ្នកជំពាក់បំណុលមីក្រូហិរញ្ញវត្ថុគេចវេសពីការសងត្រឡប់ឡើយ

អ្នកផលិតមាតិកាតាមបណ្តាញសង្គម The Kanitha Show បានបដិសេធថា ខ្លួនមិនបាន លើកទឹកចិត្តឱ្យអ្នកជំពាក់បំណុល មីក្រូហិរញ្ញវត្ថុគេចវេសមិនសង់ត្រឡប់នោះទេ ដោយសាមុីខ្លួនអះអាងថា បទអត្ថាធិប្បាយក្នុងវីដេអូនោះ ចង់សំដៅទៅលើពលរដ្ឋដែលអស់លទ្ធភាពរកថវិកាដើម្បីសង់បំណុលប៉ុណ្ណោះ។ ការអះអាងរបស់ The Kanitha Show ធ្វើឡើងបន្ទាប់ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចេញមកប្រតិកម្មថា បទអត្ថាធិប្បាយរបស់​កញ្ញា ជុំវិញវិបត្តិបំណុលនៅកម្ពុជា គឺបង្កភាពចលាចលសង្គម និងបង្កើតហានិភ័យផ្នែកច្បាប់ដល់ពលរដ្ឋ។

ពលរដ្ឋខ្ចីបំណុលមីក្រូហិរញ្ញវត្ថុ
ពលរដ្ឋខ្ចីបំណុលមីក្រូហិរញ្ញវត្ថុ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុងវីដេអូបកស្រាយថ្មីរបស់ The Kanitha Show ឆ្លើយតបនឹងប្រតិកម្មរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កញ្ញា កន្និដ្ឋា អះអាងថា ខ្លួនមិនបានអុចអាលឱ្យពលរដ្ឋខ្មែរដែលកំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុគេចវេសនោះទេ។ ប៉ុន្តែកញ្ញាផ្តោតសំខាន់តែចំពោះអ្នកដែលមិនអាចមានលទ្ធភាពសងបន្តប៉ុណ្ណោះ ដើម្បីជៀសវាងករណីសម្លាប់ខ្លួនដូចដែលរបាយការណ៍របស់អង្គការសង្គមស៊ីវិលនាពេលកន្លងមកចេញផ្សាយ។   

សម្រាប់កញ្ញា កនិ្នដ្ឋា ការដែលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចាត់ទុកបទអត្ថាធិប្បាយរបស់ខ្លួនថា បានបង្កចលាចលសង្គម កញ្ញាយល់ថា ជាការចោទប្រកាន់ដោយគ្មានវិជ្ជាជីវៈឡើយ ត្បិតអ្វីដែលកញ្ញាបានលើកឡើង គឺមិនបានលើកទឹកចិត្តឱ្យអ្នកដែលមានលទ្ធភាពសងបំណុលបញ្ឈប់ការសងនោះទេ ពីព្រោះថា ការដែលអ្នកជំពាក់បំណុលមីក្រូហិរញ្ញវត្ថុបញ្ឈប់ការសងត្រឡប់ច្រើន នោះនឹងធ្វើឱ្យសេដ្ឋកិច្ចជាតិអាចដួលរលំបាន។

ក្រៅពីនេះ អ្នកផលិតមាតិកាខាងលើ ក៏ស្នើឱ្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបង្ហាញរបាយការណ៍របស់ខ្លួនជុំវិញនឹងបំណុលដែលពលរដ្ឋជំពាក់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បន្ទាប់ពីសមាគមចាត់ទុករបាយការណ៍របស់អង្គការសង្គមស៊ីវិលដែលបានសិក្សាស្រាវជ្រាវកន្លងមករកឃើញថា ពលរដ្ឋខ្មែរកំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុជាង១៦ពាន់លានដុល្លារ គឺធ្វើឡើងដោយគ្មានវិជ្ជាជីវៈ និងកង្វះមូលដ្ឋានគ្រឹះលើវិស័យហិរញ្ញវត្ថុ។

កាលពីថ្ងៃទី២៨ ខែតុលា សមាគមមីក្រូហិរញ្ញវត្ថុបានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យមានការកែតម្រូវបទអត្ថាធិប្បាយរបស់កញ្ញា កន្និដ្ឋាជុំវិញវិបត្តិបំណុលនៅកម្ពុជា ដោយភាគីសមាគមយល់ថា នេះជាការចោទប្រកាន់ដោយខ្វះមូលដ្ឋានគ្រឹះចំណេះដឹងផ្នែកវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា តាមរយៈការប្រើប្រាស់ទិន្នន័យពីអង្គការដែលគ្មានជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបន្តអះអាងទៀតថា បទអត្ថាធិប្បាយរបស់កញ្ញា កន្និដ្ឋា មិនបានជួួយអ្វីដល់ពលរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញ គឺជាការបង្កចលាចលសង្គម និងធ្វើឱ្យពលរដ្ឋយល់ច្រលំបង្កើតហានិភ័យផ្នែកច្បាប់ដល់ប្រជាជន។ សម្រាប់សមាគម បញ្ហានេះ នឹងធ្វើឱ្យបាត់បង់ទំនុកចិត្តលើគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ហើយជំរុញឱ្យពលរដ្ឋងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការទៅវិញ។

គួរជម្រាបថា ក្នុងវីដេអូរបស់​ កញ្ញា កន្និដ្ឋាដែលបង្ហោះលើផេក The Kanitha Show ក្រោមចំណងជើងថា វិបត្តិបំណុលនៅកម្ពុជា កញ្ញាលើកឡើងថា ប្រទេសកម្ពុជាកំពុងជួបវិបត្តិបំណុលជាខ្លាំង ខណៈគ្រួសារជាច្រើនត្រូវជួបទុក្ខលំបាក ហើយគ្រួសារខ្លះបានធ្វើអត្តឃាត ដោយយោងតាមរបាយការណ៍របស់អង្គការលីកាដូក៏បានបង្ហាញថា ពលរដ្ឋខ្មែរកំពុងជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ពោលគឺ ក្នុងមួយគ្រួសារជាប់បំណុលប្រមាណ៤ពាន់ដុល្លារដែលជាតួលេខខ្ពស់ជាងគេនៅលើពិភពលោក។

របាយការណ៍របស់អង្គការលីកាដូបន្តថា ប្រជាជនចំនួន៣៦% មិនអាចរកប្រាក់បង់សងត្រឡប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញបាន។ ក៏ប៉ុន្តែតួលេខនេះហាក់ផ្ទុយពីតួលេខដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជាដែលមានត្រឹមតែ៣.៣%ប៉ុណ្ណោះ។ របាយការណ៍នោះបញ្ជាក់ថា ពលរដ្ឋខ្មែរចំនួន១៦៧០០០នាក់បានលក់ដីដើម្បីយកលុយទៅសងបំណុលមីក្រូហិរញ្ញវត្ថុ ខណៈពលរដ្ឋខ្លះត្រូវបង្ខំចិត្តខ្ចីបំណុលពីគ្រឹះស្ថានថ្មីដើម្បីយកទៅសងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចាស់។

ជុំវិញរឿងនេះ លោក កាំងតុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាធ្លាប់បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែងតែគិតពីយន្តការការពារដល់អតិថិជន ដោយមិនមែនចេះតែផ្តល់កម្ចីដោយមិនបានសិក្សាលម្អិតពីប្រាក់ចំណូល និងសមត្ថភាពរបស់អតិថិជនឡើយ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ