អានតួអត្ថបទ

បក្ស​ភ្លើងទៀន​លើក​យោបល់​ឲ្យ​គណបក្ស​ឆន្ទៈខ្មែរ​ជា​តំណាង​ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា​ ២០២៤

គណបក្ស​ភ្លើងទៀន​បានជ្រើសរើស​យក​គណបក្ស​ឆន្ទៈខ្មែរ​ ដើម្បី​ឈរឈ្មោះ​ជា​បេក្ខភាព​នៅក្នុង​ការ​បោះឆ្នោត​អសកល​នៅ​ឆ្នាំ​២០២៤ ​ខាងមុខ​ ដែលគេ​ដឹងថា​ជាការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។ ការ​លើកជា​យោបល់​ដូច្នេះ​ គឺធ្វើឡើង​បន្ទាប់ពី​គណៈអចិន្ត្រៃយ៍​គណបក្ស​ភ្លើងទៀន​ បានជួប​ប្រជុំ​គ្នាកាលពី​ថ្ងៃទី​៣១​ ខែ​តុលា ​ឆ្នាំ​២០២៣ ​ក៏ប៉ុន្តែ​ការសម្រេចនេះ ​នៅបន្ត​បើកចំហ​នៅឡើយ​សម្រាប់​គណបក្ស​សម្ព័ន្ធភាព​ផ្សេងទៀត​ ខណៈ​គណៈកម្មការ​នាយក​មិនទាន់​មានការ​យល់ព្រម​ជាផ្លូវការ​។

គណបក្សភ្លើងទៀនជួបប្រជុំគ្នា
គណបក្សភ្លើងទៀនជួបប្រជុំគ្នា © CLP
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ភ្លើងទៀន​តាមរយៈកិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​របស់ខ្លួន ​បានលើក​ជាយោបល់​ដោយជ្រើសរើសយក​គណបក្ស​«ឆន្ទៈខ្មែរ» ដែលជា​គណបក្សនៅក្នុង​សម្ព័ន្ធភាពឆ្ពោះទៅ​អនាគត ​ធ្វើជាបេក្ខភាព​ចូលរួមការបោះឆ្នោត​អសកលនៅពេល​ខាងមុខ។ ​ក៏ប៉ុន្តែគណបក្ស​ភ្លើងទៀន នៅតែ​បើកចំហដល់​គណបក្សផ្សេងទៀតនៅក្នុង​សម្ព័ន្ធភាព ឬ​គណបក្សដែលនឹងចូលរួម​ក្នុងសម្ព័ន្ធភាព​នៅថ្ងៃខាងមុខ ​ដើម្បីឈរឈ្មោះជា​បេក្ខភាពនៃ​ការបោះឆ្នោត​ឆ្នាំ​២០២៤​។

ទោះយ៉ាងណា ​កិច្ចប្រជុំ​គណៈកម្មការនាយក​គណបក្សភ្លើងទៀន​នៅថ្ងៃដដែល ​មិនមាន​កូរ៉ុមគ្រប់គ្រាន់ដើម្បី​សម្រេចជាផ្លូវការ​នូវអ្វីដែល​គណៈកម្មការអចិន្ត្រៃយ៍​បានលើកឡើងទេ ​គឺបានត្រឹមការ​ចែករំលែកយោបល់​គ្នាប៉ុណ្ណោះ។ នេះបើតាម​លោក គង់ មុនីកា ​អគ្គលេខាធិកាស្តីទី​គណបក្សភ្លើងទៀន​។

សូមបញ្ជាក់ថា​គណបក្សភ្លើងទៀន ​កាលពីថ្ងៃទី២០​ ខែតុលា កន្លងទៅ​ បានប្រកាសហើយថា​នឹងចូលរួមបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា​នីតិកាលទី៥​ នៅថ្ងៃទី២៥​ ខែកុម្ភៈ ឆ្នាំ២០២៤ ​និងការ​បោះឆ្នោតផ្សេងទៀតដើម្បី​ជ្រើសរើសក្រុមប្រឹក្សារាជធានី​ ខេត្ត ក្រុង ស្រុក​ ខណ្ឌ អាណត្តិទី​៤ ឆ្នាំ២០២៤​ដែរ។

ការរៀបចំទុកជាមុន​របស់គណបក្សភ្លើងទៀន​ បានធ្វើឡើងបន្ទាប់ពី​គណបក្សនេះ ​ត្រូវបានផាត់ចោល​ពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលទី៧ ​ក្រោមហេតុផលមិនមាន​ឯកសារចុះបញ្ជី​គណបក្សច្បាប់ដើម។​ ដូច្នេះយន្តការនេះ ​ត្រូវគេមើលឃើញថា​ជាយុទ្ធសាស្ត្រ​ត្រៀមលក្ខណៈទុកជាមុន​របស់គណបក្សប្រឆាំង​ បើទោះណាពួកគេ​ត្រូវបានអនុញ្ញាត​ឲ្យចូលរួមបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់អាណត្តិទី​៥ កាលពីឆ្នាំ​២០២២ក៏ដោយ​។

សូមរំលឹកថា​កាលពីការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់ឆ្នាំ​២០២២ គណបក្ស​ភ្លើងទៀនបាន​ឈ្នះអាសនៈ​ក្រុមប្រឹក្សាចំនួន​ជាង២ពាន់អាសនៈ ​ក្រៅពីនេះមាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានឈ្នះបាន​តិចតួច ដែល​សមាជិកទាំងអស់​នេះ​គឺជាអង្គបោះឆ្នោត​ជ្រើសតាំងសមាជិក​ព្រឹទ្ធសភាដ៏សំខាន់​។

សូមបញ្ជាក់ដែរថា​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភាកម្ពុជា​មានរយៈពេល​៦ឆ្នាំម្តង​ ដោយនីតិកាល​ទី៤​នៃព្រឹទ្ធសភា​មានសមាជិកសរុប ​៦២រូប​ ក្នុងនោះ ​២រូបត្រូវបាន​ចាត់តំាងដោយ​ព្រះមហាក្សត្រ ​ហើយ២រូបទៀត​ត្រូវបានជ្រើសតាំង​ដោយរដ្ឋសភា ​ក្រៅពីនេះសុទ្ធសឹងជា​សមាជិករបស់​គណបក្ស​ប្រជាជន​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ