អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត៖ កម្ពុជាខ្ចីលុយបរទេសមកបម្រើសេដ្ឋកិច្ចជាតិ ​មិនមែនយកមកទិញយន្តហោះ

​នៅព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា កម្ពុជាមិនខ្ចីបុលបរទេស​រហូតដល់វ័ណ្ឌកឡើយ​​ នៅខណៈដែលមានការរិះគន់និងការ​ព្រួយបារម្ភថា រដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនខុសពីឪពុក ជំពាក់លុយចិន នាំ​ឱ្យកម្ពុជា​បាត់បង់​អធិបតេយ្យភាព។ តាមលោក ហ៊ុន ម៉ាណែត​ ការខ្ចីបុលបរទេសពិសេសប្រទេស​ចិន មិនមែនយកមកទិញរថយន្ត ទិញយន្តហោះជិះនោះទេ តែផ្ទុយទៅវិញ​គឺ ដើម្បីយកមកបម្រើ​ សេដ្ឋកិច្ចជាតិ។ គួរជម្រាបថា បំណុលដែលកម្ពុជាជំពាក់បរទេសបច្ចុប្បន្នមានប្រមាណជាង១០ពាន់លានដុល្លារ ឬ ស្មើនឹង៣៤% នៃផលិតផលក្នុងស្រុកសរុប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាសំណេះសំណាលជាមួយកម្មកររោងចក្រ នៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាសំណេះសំណាលជាមួយកម្មកររោងចក្រ នៅថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣ © SHS
ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃទី​២វិច្ឆិកា​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា កម្ពុជាមិនខ្ចីបុលបរទេសរហូតដល់វ័ណ្ឌកឡើយ ពោលការខ្ចីបុលបរទេសពិសេសចិន មិនមែនយកមកទិញរថយន្តទិញយន្តហោះជិះនោះទេ តែផ្ទុយទៅវិញ គឺដើម្បីយកមកបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

តែយ៉ាងណា អ្នកវិភាគសង្គមនិងអ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យរដ្ឋាភិបាលកម្ពុជា​ប្រើប្រាស់កម្ចីឱ្យចំគោលដៅ និងជៀសវាងពីការប្រើប្រាស់ខុស ដែលនាំឱ្យមានការកើនឡើងអំពើពុករលួយ ពិសេសវិបត្តិសេដ្ឋកិច្ចជាតិ នៅខណៈដែល​មាន​ការរិះគន់ជា​ច្រើនពាក់ព័ន្ធនឹងប្រើប្រាស់កញ្ចប់ថវិកាជាតិ ក្នុងការតែងតាំងមន្ត្រីខ្យល់ មន្ត្រីគ្រាប់ល្ពៅ​ នៅ​តាមស្ថាប័នរដ្ឋមួយចំនួន​។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ គិត​ត្រឹម​ត្រី​មាស​ទី​៣ ឆ្នាំ​២០​២៣ ​កម្ពុជា​មានបំណុល​សា​ធារណៈ​ក្រៅ​ប្រទេស​ ចំនួន​ប្រមាណ ​១០​ពាន់លាន​ដុល្លារ​អាមេ​រិក​ ​(១០,៧៤១​.៦៨​លាន​ដុល្លារ​អាមេ​រិក​) ឬ ស្មើនឹង៣៤%នៃផលិតផលក្នុងស្រុកសរុប។ ដោយក្នុងនោះ​បំណុល​​ជាមួយ​ប្រទេស​ចិនច្រើ​នជាងគេ ​មានចំនួន ៣៨%​ ឬ ​ប្រមាណ ​៤​ពាន់​លាន​ដុល្លារ​អាមេរិក ​បំណុល​មរតក​ចំនួន ​៦% ​និង​បំណុល​ជា​មួយ​ប្រទេសផ្សេង​ទៀត​ចំនួន ​២១%​។ ​

ចំណែក​បំណុល​ពហុ​ភាគី​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មាន​ចំនួន ​២១%​ ឬ ​ប្រមាណ ​២​២០០​លាន​ដុល្លារ​អាមេរិក ធនាគារ​ពិភព​លោក ១១% ​និង​ពហុ​ភាគី​ផ្សេង​ទៀត ​៣%​។ បើតាមក្រសួងហិរញ្ញវត្ថុកម្ពុជា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃ ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺ នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។

ជាមួយគ្នានេះ តាមរបាយការណ៍ដដែល រដ្ឋា​ភិបាល​កម្ពុជាគ្រោង​ខ្ចី​ប្រាក់​ពី​ដៃ​គូ​អភិវឌ្ឍន៍​ប្រមាណ​ ២​ពាន់​៣​រយ​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០​២៤ ​ដើម្បី​យក​មកទ្រទ្រង់​ចីរ​ភាពនៃ​កំណើន​សេដ្ឋ​កិច្ច និងឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​អភិវ​ឌ្ឍ​ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ