អានតួអត្ថបទ

ឯករាជ្យ​៧០​ឆ្នាំ​៖កម្ពុជា​គោរព​វិញ្ញាណក្ខន្ធ​នៅវិមាន​ឯករាជ្យ ​និង​មិទ្ទិញ​នៅ​មុខ​វាំង

ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ខួប​ឯករាជ្យ​៧០​ឆ្នាំ​របស់​ខ្លួន​នៅថ្ងៃ​ទី​០៩ ​ខែ​វិច្ឆិកា ​ធំដុំ​ជាង​ព្រឹត្តិការណ៍​ដូចគ្នានេះ​ជារៀង​រាល់ឆ្នាំ ​ដោយ​មាន​ការ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​នៅ​វិមាន​ឯករាជ្យ ​និង​រៀបចំ​មិទ្ទិញ​មហាជន​នៅមុខ​ព្រះ​បរម​រាជវាំង ​ដែលមាន​អ្នកមុខ​អ្នកការ​ មហាជន​ចូលរួម​ប្រមាណ​១ម៉ឺន​នាក់​។ ពិធីនេះ​បានប្រព្រឹត្តទៅ​ក្រោម​ព្រះរាជ​ធិបតីភាព​ព្រះ​មហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេច​ព្រះ ​នរោត្តម សីហមុនី​។

ព្រះមហាក្សត្រ សីហមុនី ក្នុងឱកាសខួប៧០ឆ្នាំបុណ្យឯករាជ្យជាតិ
ព្រះមហាក្សត្រ សីហមុនី ក្នុងឱកាសខួប៧០ឆ្នាំបុណ្យឯករាជ្យជាតិ © FB
ផ្សាយពាណិជ្ជកម្ម

ដូចសព្វមួយដង​ដែរ​ការគោរពវិញ្ញាណក្ខន្ធ​នៅវិមាន​ឯករាជ្យ​ត្រូវបានរៀបចំឡើង​យ៉ាងអធិកអធម ​ដោយព្រះមហាក្សត្រ ​នរោត្តម សីហមុនី​ យាងអុចទៀនជ័យ​ ក្រោមបដិសណ្ឋារកិច្ច​របស់​ថ្នាក់ដឹកនាំជាន់ខ្ពស់​ស៊ីវិល ​កងកម្លាំង​ប្រដាប់អាវុធ ​មន្ត្រីរាជការ​ និងមហាជន​ផងដែរ​។ បន្ទាប់ពី​ពិធីគោរពវិញ្ញាណក្ខន្ធ​ និង​អុចទៀនជ័យ​នៅវិមាន​ឯករាជ្យ ​ព្រះមហាក្សត្រ និង​មន្ត្រីធំ​តូច ​រួមទាំង​មហាជន​បានបន្តកម្មវិធី​នៅខាងមុខ​ព្រះមរមរាជវាំង ​ដើម្បី​ធ្វើមិទ្ទិញ​មហាជន ​ដោយមានការ​ស្រែកជ័យឃោស ​របាំជូនពរ​ និង​មាន​ការថ្លែង​ព្រះរាជសុន្ទរកថា​របស់​ព្រះមហាក្សត្រ និង​នាយករដ្ឋមន្ត្រី ​មុន​ប៉ោងប៉ោង​ចំរុះពណ៌​ជាច្រើន​ត្រូវបាន​បង្ហោះ​។

យោងតាម​ព្រះរាជសុន្ទរកថា​របស់​ព្រះមហាក្សត្រ ​ដែលមាន​សំណេរ​៤ទំព័រ ព្រះបាទ​ នរោត្តម សីហមុនី​ បានមានព្រះរាជបន្ទូល​លើកឡើង​ពីប្រវត្តិ ​និង​គុណបំណាច់របស់អតីត​ព្រះមហាក្សត្រ ​ព្រះបាទ ​នរោត្តម សីហនុ ​ដែលព្រះអង្គ​បានដឹកនាំ​ការតស៊ូទាមទារ​បានឯករាជ្យ​បរិបូណ៌ពី​ប្រទេសបារាំង​នៅថ្ងៃទី០៩ ​ខែវិច្ឆិកា ​ឆ្នាំ១៩៥៣ បន្ទាប់ពី​កម្ពុជាបាន​ស្ថិតក្រោមនឹម​អាណានិគមអស់រយៈពេល​ជិត​មួយ​សតវត្សរ៍។

ដោយបង្ហាញពី​ការចងចាំ​ដល់គុណបំណាច់​របស់អតីត​ព្រះមហាក្សត្រ ​យុទ្ធជន និង​ប្រជារាស្ត្រខ្មែរ​នៅសម័យ​អតីតកាល ​ព្រះមហាក្សត្រ​ សីហមុនី ក៏បាន​រំលេចនូវ ស្នាព្រះហស្ត ​និង​សមិទ្ធផលដ៏ច្រើន​សន្ធឹកសន្ធាប់របស់​កម្ពុជាបន្ទាប់ពី​ទទួលបានឯករាជ្យ​ពីបារាំង។​ ក្នុងព្រះរាជ​សុន្ទរកថា​ព្រះអង្គ ព្រះមហាក្សត្រ​ព្រះអង្គមិនភ្លេច​ទេ ពីការ​លើកសរសើរ​ដល់ការប្រឹងប្រែង​របស់រដ្ឋាភិបាលខ្មែរ​ចុងក្រោយ​ដែលដឹកនាំ​ដោយលោក​អតីតនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ និងនាយករដ្ឋមន្ត្រី​បច្ចុប្បន្នលោក ​ហ៊ុន ម៉ាណែត​។

ជាមួយគ្នានេះ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ក៏បានធ្វើការ​ប្តេជ្ញាដែរថា ​នឹងដង្ហែរតាម​ស្នាព្រះហស្ត​ប្រវត្តិសាស្ត្រ និង​គំរូវីរភាពរបស់​ព្រះមហាវីរក្សត្រ ​នរោត្តម សីហនុ និង​រួមគ្នាជាធ្លុងមួយ​ក្រោមព្រះរាជកិច្ច​ដឹកនាំ​របស់ព្រះមហាក្សត្រ​ សីហមុនី និង​ថែរក្សាឲ្យបាន​នូវឯករាជ្យ ​អធិបតេយ្យ ​និង​សន្តិភាព​។

នៅថ្ងៃនេះដែរ​ សម្ព័ន្ធភាព​ឆ្ពោះទៅអនាគត ​ដែលរួមមាន​គណបក្សប្រឆាំង​៤ បានចេញសារ​អបអរសាទរដែរ ​ក្នុងឱកាស​ខួបលើកទី​៧០ ថ្ងៃបុណ្យ​ឯករាជ្យជាតិ ​០៩ វិច្ឆិកា​ ដោយសម្ព័ន្ធភាព​បានបង្ហាញពី​ការរំលឹក និង​ដឹងគុណដល់អតីត​ព្រះមហាក្សត្រ ​នរោត្តម សីហនុ​ ចំពោះព្រះរាជបូជនីយកិច្ច​ដ៏ធំធេង​របស់ព្រះអង្គដែល​មិនអាច​កាត់ថ្លៃបាន​។ ក៏ប៉ុន្តែ​គណបក្សសម្ព័ន្ធ​បានឆ្លៀត​រំលេចថា ​ការទាមទារ ​និង​ការថែរក្សា​ការពារឯករាជ្យជាតិ​ពិតប្រាកដ​ទៅបាន​ គឺ​អាស្រ័យលើ​ស្មារតី​នៃ​ការរួបរួម ​និង​ឯកភាពជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ