អានតួអត្ថបទ
កម្ពុជា-សង្គម

CCHR៖ អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ជាង១០០នាក់ ត្រូវរដ្ឋាភិបាលគាបសង្កត់សេរីភាពបញ្ចេញមតិ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធ បានចេញផ្សាយនូវរបាយការណ៍ប្រចាំឆ្នាំ ស្តីអំពីស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការទទួលព័ត៌មាននៅកម្ពុជា។ តាមរបាយការណ៍កម្រាស់៦៦ទំព័រ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាង១០០នាក់ ត្រូវបានរដ្ឋាភិបាលគាបសង្កត់សិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ។

CCHR៖ អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ជាង១០០នាក់ ត្រូវរដ្ឋាភិបាលគាបសង្កត់សេរីភាពបញ្ចេញមតិ
CCHR៖ អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ជាង១០០នាក់ ត្រូវរដ្ឋាភិបាលគាបសង្កត់សេរីភាពបញ្ចេញមតិ © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈរបាយការណ៍ចំនួន៦៦ទំព័រ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់សម្គាល់ថា គោលការណ៍ច្បាប់របស់កម្ពុជា បានក្លាយជាឧបសគ្គរារាំង ដល់ការអនុវត្តសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជាអំណះអំណាងមួយ ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថា ជាការរឹតត្បិតបន្ថែមទៀតលើសេរីភាពបញ្ចេញមតិ ដែលផ្ទុយពីកាត្វកិច្ចអន្តរជាតិរបស់កម្ពុជា។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថា ច្បាប់ដែលមានលក្ខណៈរឹតត្បិត គឺជាឧបករណ៍ដែលរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រើប្រាស់ ដើម្បីបង្ក្រាបសេរីភាពផ្នែកបញ្ចេញមតិនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរបាយការណ៍ រដ្ឋាភិបាលកម្ពុជា បានធ្វើសកម្មភាពបំភិតបំភ័យ ការឃ្លាំមើល ការគំរាមកំហែង ឬការយាយីតាមប្រព័ន្ធតុលាការ ក៏ត្រូវបានប្រើប្រាស់ជាប្រចាំ ដើម្បីកំណត់មុខសញ្ញាអ្នកដែលហ៊ានបញ្ចេញមតិ ជាពិសេស អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដែលមានសំឡេងជំទាស់នឹងរដ្ឋាភិបាលកម្ពុជា។

បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានអ្នកសារព័ត៌មាន១៦នាក់ ក្នុងនោះ៤នាក់ត្រូវបានអាជ្ញាធរកោះហៅ ៣នាក់ត្រូវសួរចម្លើយ ៧នាក់ត្រូវឃុំ និងម្នាក់ត្រូវបង្ខំឲ្យចុះកិច្ចសន្យា ខណៈដែលអ្នកការពារសិទ្ធិមនុស្សចំនួន១០០នាក់ផ្សេងទៀត ត្រូវប្រឈមនឹងបញ្ហាផ្លូវច្បាប់ ដោយសារការបញ្ចេញមតិរិះគន់រដ្ឋាភិបាលកម្ពុជា ក្នុងចន្លោះពីខែកញ្ញាឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣។ តាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សិទ្ធិសេរីភាពផ្នែកបញ្ចេញមតិនៅប៉ុន្មានឆ្នាំចុងក្រោយនេះ  តែងតែរងនូវការរារាំង ជាពិសេសសម្រាប់អ្នកសារព័ត៌មាន នៅពេលរាយការណ៍អំពីករណីរសើបណាមួយ។

ឆ្លើយតបទៅនឹងរបាយការណ៍នេះ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ថា របាយការណ៍របស់អង្គការសង្គមស៊ីវិល ដែលទាក់ទងនឹងសិទ្ធិសេរីភាពបញ្ចេញមតិ គឺកត់ត្រាតែបញ្ហាដកអាជ្ញាបណ្ណ និងការសាកសួររបស់អាជ្ញាធរទៅលើអ្នកសារព័ត៌មានប៉ុណ្ណោះ។ ផ្ទុយមកវិញ របាយការណ៍ទាំងនោះ មិនបានកត់ត្រាពីមូលហេតុ ដែលអាជ្ញាធរសម្រេចដកអាជ្ញាបណ្ណពីក្រុមអ្នកសារព័ត៌មាននោះឡើយ។ នេះបើតាមលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។

បើតាមលោក ប៉ែន បូណា សិទ្ធិសេរីភាពផ្នែកបញ្ចេញមតិនៅកម្ពុជា មានគ្រប់គ្រាន់ និងត្រូវធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា ក៏ប៉ុន្តែសិទ្ធិសេរីភាពនោះ ត្រូវតែអនុវត្តត្រឹមត្រូវ តាមក្របខណ្ឌច្បាប់កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ