អានតួអត្ថបទ

ក្រសួងសុខាភិបាល៖ ស្ត្រីម្នាក់នៅខេត្តកំពតមានជំងឺផ្តាសាយបក្សី

លទ្ធផលពិសោធន៍​ពីវិទ្យាស្ថាន​ជាតិសុខភាពសាធារណៈ ​និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅក្នុងថ្ងៃទី​២៣វិច្ឆិកាម្សិលមិញនេះ​បង្ហាញថា មានអ្នក​ជំងឺផ្តាសាយបក្សី​ចំនួន​០១ករណីទៀតហើយ ​ដែល​​កើតលើស្ត្រី​អាយុ​២១ឆ្នាំ​ នៅក្នុងខេត្តកំពត។​ ក្រសួងសុខាភិបាលឱ្យដឹងថា អ្នកជំងឺបច្ចុប្បន្ន​កំពុងស្ថិតនៅក្នុងបន្ទប់​សង្គ្រោះបន្ទាន់​ ក្រោម​បញ្ជូនមកមន្ទីរពេទ្យ​​មិត្តភាពខ្មែរសូវៀត ដោយមាន​អាការៈ​គ្រុនក្តៅ​ ពិបាកដកដង្ហើមនិងក្អក។

រូបតំណាង៖​ ក្រសួងសុខាភិបាល៖ ស្ត្រីម្នាក់នៅខេត្តកំពតមានជំងឺផ្តាសាយបក្សី
រូបតំណាង៖​ ក្រសួងសុខាភិបាល៖ ស្ត្រីម្នាក់នៅខេត្តកំពតមានជំងឺផ្តាសាយបក្សី AP - HENG SINITH
ផ្សាយពាណិជ្ជកម្ម

លទ្ធផលពិសោធន៍ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី​២៣វិច្ឆិកាម្សិលមិញនេះ​បង្ហាញថា ស្ត្រីម្នាក់​ អាយុ២១ឆ្នាំ ដែល​មានទីលំនៅ​នៅ​ក្នុងភូមិត្រពាំងឬស្សី ឃុំ​ដំណាក់​​សុំក្រំ​ ស្រុកដងទង់ ខេត្តកំពត មានវិជ្ជមាន​ជំងឺ​ផ្តាសាយបក្សី ប្រភេទហាស​៥ អ៊ិន​១ (H1N1)។​​

តាមការសាកសួររបស់ក្រសួងសុខាភិបាលកម្ពុជា ប្រហែលមួយសប្តាហ៍​​មុននេះ មាន​មាន់​ងាប់ច្រើនជាបន្តបន្ទាប់​នៅផ្ទះ​និងក្នុងភូមិកើតហេតុ។ និងដោយបន្តថា ​​អ្នកជំងឺ​បានចាប់​ផ្តើម​ឈឺ​នៅថ្ងៃទី​១៩វិច្ឆិកា បន្ទាប់មកមាន​រោគផ្លូវដង្ហើមរួមមានគ្រុនក្តៅ​ ពិបាកដកដង្ហើម និងក្អក​ ទើបបញ្ជូនមក​សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត​​នៅថ្ងៃទី​២៣​វិច្ឆិកាម្សិលមិញនេះ។ ក្រសួងសុខាភិបាលឱ្យដឹងថា អ្នកជំងឺបច្ចុប្បន្នកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

តាមក្រសួងសុខាភិបាល នៅយប់មិញនេះក្រុមឆ្លើយតបបន្ទាន់​របស់ក្រសួងសុខាភិបាល​ជាតិនិងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ​ជាមួយក្រុមការងារ​ក្រសួងកសិកម្មនិងក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវ​ការកើតឡើងនូវជំងឺផ្តាសាយបក្សី​ប្រភេទនេះ និងធ្វើការ​ឆ្លើយតប​ទៅតាមវិធីសាស្ត្រ​ និងពិធីសារបច្ចេកទេស​ ក្នុងការស្វែងរក​ប្រភពចម្លង ទាំងលើសត្វ​និងមនុស្ស និងបន្តស្វែងរក​ករណីសង្ស័យ ​និងអ្នកប៉ះពាល់​ដើម្បីទប់ស្កាត់​ការឆ្លងបន្ត​ទៅអ្នកដទៃទៀតក្នុងសហគមន៍។ ទន្ទឹមគ្នានេះដែរ ក៏មានការចែកជូនឱសថ​តាម៊ី​ហ្លូ ( Tamiflu) ​ដល់អ្នកប៉ះ​ពាល់​ ជិតស្និត និងធ្វើយុទ្ធនាការ​អប់រំសុខភាព​ប្រជាពលរដ្ឋ​នៅក្នុងភូមិកើតហេតុខាងលើនេះ។

សូមជម្រាបជូនផងដែរថា ជំងឺផ្តាសាយបក្សី​ H5N1នេះ គឺជាជំងឺផ្តាសាយមួយ ដែលចម្លងរវាងសត្វបក្សីឈឺនិងសត្វបក្សីផ្សេងទៀត ប៉ុន្តែជួនកាល​វាអាចចម្លង​ពីបក្សី​ទៅមនុស្ស តាមរយៈការប៉ះ​ពាល់ជិតស្និទ្ធ​ជាមួយបក្សី​ដែលឈឺឬស្លាប់។ ​តាមក្រសួងសុខាភិបាល ជំងឺផ្តាសាយ​បក្សីលើមនុស្ស គឺជាជំងឺធ្ងន់ធ្ង​រ ដែលតម្រូវ​ឱ្យធ្វើការព្យាបាល​នៅមន្ទីរពេទ្យ​ទាន់ពេលវេលា។ ទោះបីជាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែវាអាច​បំប្លែង​ខ្លួនអាច​ឆ្លងដូចនឹង​ជំងឺផ្តាសាយតាមរដូវកាលផងដែរ។

គួររំព្ញកថា ជំងឺផ្តាសាយបក្សី ប្រភេទ H5N1នេះ បានសម្លាប់មនុស្ស៣​នាក់ ក្នុងឆ្នាំ​២០២៣នេះ។ ករណីទី១ កាលពីខែកុម្ភៈ​ មាន​ស្លាប់​ក្មេងស្រីម្នាក់អាយុ១១ឆ្នាំ ក្នុង​ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ និង​២ករណីទៀតក្នុងខែ​តុលា ដោយម្នាក់ជាបុរស​អាយុ​៥០ឆ្នាំ ​នៅស្រុករមាសហែក ខេត្តស្វាយរៀង និងម្នាក់ទៀត​ ​ជាក្មេងស្រីអាយុ​២ឆ្នាំ​នៅស្រុកកំចាយមារ ខេត្តព្រៃវែង​ តាមរយៈការបំផ្លាញ​ផ្លូវដង្ហើម​។ តាមតួលេខពីក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ២០០៥​មក កម្ពុជា​បានរកឃើញអ្នកឆ្លងជំងឺផ្តាសាយបក្សីប្រមាណ​​៦០ករណី ដែលក្នុងនោះ​៤០​នាក់បានស្លាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ