អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកជំនាញរិះគន់ការសរសេរអក្សរខុសអក្ខរាវិរុទ្ធលើស្លាកប៉ាណូពិធីបុណ្យអុំទូក

អ្នកជំនាញផ្នែកទស្សនវិជ្ជា ​រិះគន់ការសរសេរអក្សរខុសអក្ខរាវិរុទ្ធនៅលើស្លាកប៉ាណូអបអរពិធីបុណ្យអុំទូក​ និងចាត់ទុកថានេះ​ជាការធ្វេសប្រហែស និងមិនផ្តល់តម្លៃដល់អក្សរសាស្ត្រខ្មែរ។ ស្លាកប៉ាណូដែលសរសេរអក្សរខុសអក្ខរាវិរុទ្ធនេះ ត្រូវបានគេសង្កេតឃើញថា កើតមាននៅជិតក្រុមហ៊ុនកាស៊ីណូហ្គាវើលដ៍ ខណៈករណីនេះកើតឡើងជាញឹកញាប់រាល់ពេលមានពិធីបុណ្យជាតិធំៗមិនថាការរៀបចំរបស់ស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជន។

ស្លាកប៉ាណូដែលសរសេរអក្សរខុសអក្ខរាវិរុទ្ធ
ស្លាកប៉ាណូដែលសរសេរអក្សរខុសអក្ខរាវិរុទ្ធ © Anti-អក្សរខុស
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិត ឈត ប៊ុនថង ប្រធាននាយកដ្ឋាននៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងអ្នកជំនាញទស្សនវិជ្ជាផងវាយតម្លៃថា អ្នករៀបចំស្លាកប៉ាណូ ឬអ្នកទទួលខុសត្រូវលើការសរសេរពាក្យពេចន៍ មិនបានយកចិត្តទុកដាក់ឱ្យម៉ត់ចត់ និងមិនសូវយល់ច្បាស់ពីអក្សរសាស្ត្រខ្មែរទើបបង្កឱ្យមានកំហុសបែបនេះកើតឡើង។

លោកបណ្ឌិតបន្តថា រាល់ការសរសេរអ្វីមួយដើម្បីដាក់តាំងក្នុងពិធីបុណ្យជាតិគួរតែមានអ្នកត្រួតពិនិត្យផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធបន្ថែមដើម្បីជៀសវាងការបង្កើតកំហុសដោយអចេតនា ខណៈលោកបណ្ឌិតក៏ស្នើឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការសរសេរ និងប្រើប្រាស់អក្សរសាស្ត្រខ្មែរ ត្បិតថាវាអាចបង្កការភាន់ច្រឡំដល់សាធារណជន ពិសេសក្មេងៗ។

ក្នុងនោះលោកបណ្ឌិត ឈត ប៊ុនថង សង្កេតឃើញ បណ្តាស្ថាប័នអន្តរក្រសួងពាក់ព័ន្ធដែលមានតួនាទីត្រួតពិនិត្យលើស្លាកប៉ាណូហាក់នៅមិនទាន់ចេះធ្វើការជាមួយគ្នា ទើបបង្កឱ្យមានជាកំហុសញឹកញាប់បែបនេះ។

ការសរសេរអក្សរខុសអក្ខរាវិរុទ្ធនៅលើស្លាកប៉ាណូពិធីបុណ្យអុំទូក គឺមានចំនួន១ទីតាំងដែលស្ថិតនៅជិតក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ក្បែរស្ពានកោះពេជ្រដោយពាក្យសាទរភ្លេចព្យញ្ជនៈ«រ» ។ ពាក់ព័ន្ធនឹងការសរសេរអក្សរខុសនេះ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានរិះគន់ផងដែរ ដោយមតិខ្លះខ្វែងគំនិតគ្នាជុំវិញកា​រសរសេរពាក្យថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ