អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងមហាផ្ទៃបដិសេធថា គ្មានការចេញប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ពលរដ្ឋវៀតណាមជិត១០ម៉ឺននាក់ឡើយ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃច្រានចោលព័ត៌មានថា រដ្ឋាភិបាលកម្ពុជាចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាមជិត១០ម៉ឺននាក់ ខណៈក្រសួងផ្ទាល់អះអាងថា មិនមានការចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ណាមួយដល់ពលរដ្ឋវៀតណាមឡើយគិតមកទល់ពេលនេះ។  បន្ថែមពីនេះ ក្រសួងក៏មិនទាន់ឃើញមានពលរដ្ឋវៀតណាមណាដាក់ពាក្យស្នើសុំចូលសញ្ជាតិខ្មែរនោះដែរ។ 

សមាគមវៀតណាមកម្ពុជា
សមាគមវៀតណាមកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិRFIថា រដ្ឋាភិបាលគ្មានគម្រោងណាមួយចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាមរហូតដល់ជិត១០ម៉ឺននាក់នោះទេ។ តែយ៉ាងណាលោកទទួលស្គាល់ថា មានពលរដ្ឋវៀតណាមមួយចំនួនបានបន្តដាក់ពាក្យស្នើសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍មកក្រសួងមហាផ្ទៃដែរ។ ប៉ុន្តែក្រសួងមិនទាន់អាចចេញប័ណ្ណស្នាក់នៅបានដោយហេតុថា ពលរដ្ឋវៀតណាមទាំងនោះមិនទាន់បានបំពេញលក្ខខណ្ឌស្របតាមច្បាប់របស់ប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធនឹងច្បាប់អន្តោប្រវេសន៍។ 

បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជាមិនចេះតែចេញប័ណ្ណស្នាក់នៅ ឬផ្តល់សញ្ជាតិដល់ជនបរទេសណាមួយដោយមិនបានគិតពីផលប៉ះពាល់នោះទេ ពីព្រោះថា ទាំងការចេញបណ្ណស្នាក់នៅក្តី ឬផ្តល់សញ្ជាតិក្តី ជនបរទេសទាំងនោះត្រូវឆ្លងកាត់នីតិវិធីច្បាប់ច្រើនទម្រាំសម្រេចផ្តល់សិទ្ធិអ្វីមួយ។ 

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃបានប្រកាសថា ជនបរទេសដែលមានប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍មានសិទ្ធិអាចទិញលក់ដី ផ្ទះ អាចប្រើប្រាស់សេវាសាធារណៈ សេវាសុខភាព និងសេវាធនាគារផង។  យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតមកត្រឹមឆ្នាំ២០២២ ពលរដ្ឋវៀតណាមជាង១០ម៉ឺននាក់ទទួលបានប័ណ្ណស្នាក់នៅស្របច្បាប់ ខណៈពលរដ្ឋជិត១០០នាក់បានចូលសញ្ជាតិខ្មែរពេញលេញ។

លើសពីនេះ សមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានឱ្យដឹងថា ពលរដ្ឋវៀតណាមដែលទទួលបានបណ្ណស្នាក់នៅអចិន្ត្រៃយ៍ជិត១០ម៉ឺននាក់ ពួកគេកំពុងបន្តរៀបចំបែបបទស្នើសុំចូលសញ្ជាតិខ្មែរជាបន្តបន្ទាប់ ត្បិតពលរដ្ឋវៀតណាមខ្លះនៅខ្វះខាតឯកសារមួយចំនួននិងបន្តបំពេញលក្ខខណ្ឌដែលតម្រូវពីក្រសួងមហាផ្ទៃ។

លោក គង់ រ៉ៃយ៉ា អតីតសកម្មជនបក្សប្រឆាំងយល់ថា រដ្ឋាភិបាលកម្ពុជាកំពុងទាញប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់របស់ប្រទេសវៀតណាម ពិសេសការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជិត១០ម៉ឺននាក់ដល់ពលរដ្ឋវៀតណាម គឺបង្កផលប៉ះពាល់ដល់ទីផ្សារការងាររបស់ពលរដ្ឋខ្មែរ ដែលនេះលោកស្នើឱ្យរដ្ឋាភិបាលរបស់លោកហ៊ុន ម៉ាណែតពិចារណាឡើយវិញ។

សម្រាប់លោក គង់ រ៉ៃយ៉ា នេះជាហានិភ័យចំពោះជោគវាសនារបស់ប្រទេសជាតិទៅថ្ងៃខាងមុខ ប្រសិនបើរដ្ឋាភិបាលនៅបន្តចេញប័ណ្ណស្នាក់នៅដល់ជនបរទេសពិសេសជនជាតិវៀតណាមដែលមានប្រទេសជាប់គ្នា។

យោងតាមរបាយការណ៍កាលពីឆ្នាំ២០២០របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានបង្ហាញថា កម្ពុជាមានជនអន្តោប្រវេសន៍ត៍បរទេសស្របច្បាប់ជាង២០ម៉ឺននាក់ ខណៈជនអន្តោប្រវេសន៍តវៀតណាមមានចំនួនលើសពាក់កណ្តាល។ ដោយឡែកការមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិលោក អុំ សំអាន ធ្លាប់បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិថា យ៉ាងហោចណាស់ពលរដ្ឋវៀតណាមជាង៧០ម៉ឺននាក់ផ្សេងទៀតកំពុងរស់ខុសច្បាប់ក្នុងប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ