អានតួអត្ថបទ

បក្ស​ប្រឆាំង​តាមរយៈ​គណបក្ស​ឆន្ទៈ​ខ្មែរ​នឹង​ដាក់​ពាក្យ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅដើម​ខែ​ក្រោយ

គណបក្ស​ភ្លើងទៀន​ តាមរយៈ​គណបក្ស​ឆន្ទៈខ្មែរ ​នឹង​ចុះឈ្មោះ​គណបក្ស ​រួមនឹង​ដាក់​បេក្ខភាព​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ​ក្នុងពេល​ឆាប់​ៗ​នេះ​។​ ការត្រៀម​លក្ខណៈ​របស់​គណបក្ស​ភ្លើងទៀន ​តាមរយៈ​គណបក្ស​ឆន្ទៈខ្មែរ​នេះ ​គឺ​មិនមាន​ការ​ប្រែប្រួល​ទេ ​ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា ​បានដាក់​ពាក្យ​មុនគេ​កាលពីដើម​សប្តាហ៍​នេះ ​ក្នុងការ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ព្រឹទ្ធសភា ​ដោយ​លោក​ ហ៊ុន សែន ​អតីត​នាយក​រដ្ឋមន្ត្រី​ឈរនៅ​លេខរៀង​ទី​១ ​មណ្ឌល​ភូមិភាគ​៣​។

វិមានព្រឹទ្ធសភាប្រទេសកម្ពុជា
វិមានព្រឹទ្ធសភាប្រទេសកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​គណបក្សភ្លើងទៀន​ លោក គីមសួរ ភីរិទ្ធ ​បានប្រាប់វិទ្យុ​បារាំង​អន្តរជាតិ RFI​ ថា​គណបក្ស​ភ្លើងទៀន​មិនបាន​ផ្លាស់ប្តូរ​ជំហរទេ គឺផ្តល់ការ​ទុកចិត្តដល់​គណបក្សសម្ព័ន្ធ ​ដោយជ្រើសរើស​យកគណបក្ស​ឆន្ទៈខ្មែរ ​ជាគណបក្ស​ដែលត្រូវដាក់​បញ្ជីឈរឈ្មោះ​ចូលរួមបោះឆ្នោត​ជ្រើសតាំងសមាជិក​ព្រឹទ្ធសភា​នីតិកាលទី៥​ ដែលនឹង​ប្រព្រឹត្តទៅ​នៅខែ​កុម្ភៈ ​ឆ្នាំ​២០២៤ ​ខាងមុខ​។

លោក​ គីមសួរ ភីរិទ្ធ ​បញ្ជាក់ថា​គណបក្សកំពុងរៀបចំ​បញ្ជីឈ្មោះ ​ហើយប្រហែលជា​ប៉ុន្មានថ្ងៃខាងមុខ​នេះ ពោលគឺ​នៅដើមខែ​ក្រោយ​គណបក្ស​ឆន្ទៈខ្មែរ​ នឹងទៅ​ចុះបញ្ជី និង​ដាក់បេក្ខភាព​នៅគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) ដើម្បី​ចូលរួម​ប្រកួតប្រជែង​។

សូមបញ្ជាក់ថា​គណបក្សភ្លើងទៀន​ គឺជា​គណបក្សប្រឆាំង​ដែលមានសមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ​ជាង២ពាន់​នាក់។ សមាជិក​ទាំងនេះ គឺជា​អង្គបោះឆ្នោតដ៏​សំខាន់របស់​គណបក្សភ្លើងទៀន ​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភាលើកនេះ។​ ក៏ប៉ុន្តែ​គណបក្សភ្លើងទៀន​ កំពុងស្ថិតក្នុង​ស្ថានភាព​មិនសូវល្អ ​ដោយទី១​គណបក្សនេះ​មិនអាច​ចូលរួមបោះឆ្នោត​បាន ហើយ​ត្រូវប្រើដៃ​សម្ព័ន្ធមិត្ត​គណបក្សឆន្ទៈខ្មែរ ​និង​ម្យ៉ាងទៀត​គណបក្សនេះ ​កំពុងមាន​ការប្រទាញប្រទង់​សមាជិកគ្នា​ជាមួយ​គណបក្ស​កម្លាំងជាតិ ​ដែលជា​គណបក្សប្រឆាំង​ទើប​បង្កើតថ្មី​។

ជាមួយគ្នានេះ ​គណបក្ស​ប្រជាជនកម្ពុជា​ដែលកាន់អំណាច​ កាលពីថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ២០២៣ ​ក៏បានដាក់ពាក្យ​ស្នើសុំចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ នីតិកាលទី៥ ​ដោយដាក់​គ្រប់ទាំង ​៨​ភូមិភាគ​។ ជាការកត់សម្គាល់ ​លោក ហ៊ុន សែន ​ប្រធានក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ​និងជា​ប្រធាន​គណបក្ស​ប្រជាជន បាន​ឈរនៅលេខរៀងទី​១ មណ្ឌលភូមិភាគ​៣ ខេត្ត​កណ្តាល​។

ជាមួយគ្នានេះ​ ក៏មានមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាលអាណត្តិមុន​មួយចំនួនដែរ​ បានឈរឈ្មោះ​ជា​បេក្ខជនព្រឹទ្ធសភា​តាមមណ្ឌល​មួយចំនួន​ដូចជា​លោក ប្រាក់ សុខុន ​អតីតរដ្ឋមន្ត្រី​ការបរទេស​ លោក ​ចែម វិទ្យា និងលោក​ អ៊ុច បូរិទ្ធ ​រដ្ឋលេខាធិការ​ក្រសួងការបរទេស ​លោក ​នាង ផាត ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​ជាដើម​។

សូមរំលឹក​ថា ​ប្រធាន​គណបក្ស​កាន់អំណាច​លោក ហ៊ុន សែន ​កាលពីខែ​កក្កដាកន្លងទៅ​បានប្រកាស​ថា លោកនឹង​ទៅកាន់តំណែង​ជា​ប្រធានព្រឹទ្ធសភា​ជំនួស​លោក សាយ​ ឈុំ ​ដែលនឹង​ចូល​និវត្តន៍​នៅក្នុង​នីតិកាល​ទី​៥​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ