អានតួអត្ថបទ

សម្ព័ន្ធភាព​បក្ស​កាន់​អំណាច​ថ្កោលទោស​លោក ​សម រង្ស៊ី ​រឿង​លើកឡើង​ពីការ​អុំទូក​ក្លែងក្លាយ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​រដ្ឋាភិបាល ​និង​គណបក្ស​នយោបាយ​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​ ​ចាប់តាំងពី​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា​មក​ បាន​ចេញ​ញត្តិ​ថ្កោលទោស​លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ ​ដែលបាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ដើមសប្តាហ៍​នេះ ​ថា​រដ្ឋាភិបាល​ឪពុក ​និង​កូន ​លោក ​ហ៊ុន សែន ​ពូកែ​ផលិត​រូបភាព​ក្លែងក្លាយ​​ជុំវិញ​​ពិធីបុណ្យ​អុំទូក​នៅឆ្នាំ​នេះ​។ ញត្តិ​ថ្កោលទោស​ ក៏បាន​ច្រានចោល​ការលើកឡើង​របស់​លោក ​សម រង្ស៊ី ​ដាច់អហង្ការ ​និង​ប្រកាស​គាំទ្រ​ការ​ដឹកនាំ​របស់​​រដ្ឋាភិបាល​លោក ​ហ៊ុន​ ម៉ាណែត ​និង​លោក ហ៊ុន​ សែន​។

រូបភាពបុណ្យអុំទូក២ប្លង់ផ្សេងគ្នា ដែលបង្ហោះដោយលោក សម រង្ស៊ី
រូបភាពដែលបង្ហោះដោយលោក សម រង្ស៊ី © SRS
ផ្សាយពាណិជ្ជកម្ម

ធ្លាក់មក​ជា​បន្តបន្ទាប់ ​ខ្លះផ្សព្វផ្សាយ​តាម​បណ្តាញសង្គម​ដោយខ្លួនឯង ​ខ្លះ​បោះឲ្យ​សារព័ត៌មាន​ ហ្រេសញូ ​ចុះផ្សាយ ​ញត្តិ​ថ្កោលទោស​លោក​ សម រង្ស៊ី ​ត្រូវគេ​ពិនិត្យឃើញថា​ខ្លះមាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា ​ខ្លះដូចគ្នា ​និង​ខ្លះទៀត​តាក់តែង​រៀង​ៗ​ស្ថាប័ន ​មាន​ខ្លី ​មាន​វែង ​និង​មាន​ចុះហត្ថលេខា ​និង​វាយត្រា​ជាក្រុម​ក៏មាន​។

ខ្លឹមសារ​នៃញត្តិ ​ដែល​សរសេរដោយ​ក្រុម​អង្គការ​សង្គមស៊ីវិល ​និង​គណបក្ស​នយោបាយ​ ដែលមាន​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​កាន់អំណាច​ទាំងអស់នោះ ​បានចាប់ផ្តើម​ឡើង​ដោយធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្កការ​ចំពោះ​លោក សម រង្ស៊ី ​ដែលបាន​បន្តផ្សព្វផ្សាយ​បំភ្លៃ និង​ញុះញង់​តាមបណ្តាញសង្គម​ចំពោះការបង្ហោះ​សារ​ភ្ជាប់ទៅនឹង​រូបភាព​កាលពី​ថ្ងៃទី​២៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣ ថា​ការរៀបចំ​ពិធីបុណ្យ​អុំទូក​ ជាការរៀបចំ​ផលិតរូបភាព​ក្លែងក្លាយ​ ដែលមាន​ចេតនាប៉ះពាល់​ដល់​មុខមាត់​រាជរដ្ឋាភិបាល ​និង​ប៉ះពាល់​ដល់ប្រជាជាតិ​ខ្មែរ​ទាំងមូល​។

សូមរំលឹក​ថា កាលពីថ្ងៃ​ទី២៧ ខែ​វិច្ឆិកា កន្លងទៅ​ នៅលើទំព័រ​ហ្វេសប៊ុក​របស់លោក ​លោក ​សម រង្ស៊ី បាន​ដាក់រូបភាព​ទូកនៅក្នុង​ពិធី​ ២​ប្លង់ផ្សេងគ្នា ​ដែលរូបភាព​មួយ​បង្កើតឡើង​ដោយ​បញ្ញាសិប្បនិម្មិត ​ឬ​ហៅកាត់ថា​ (AI)​ ដោយលោក​សរសេរថា​ជារូបភាព​ក្លែងក្លាយ ​និង​រូបភាពមួយប្លង់​ទៀត​ ជារូបភាពពិត​ស្តីពី​ការអុំទូក​នៅខាងមុខ​ព្រះបរមរាជវាំង​។

រីឯ​សំណេរផ្សេងទៀត ​លោក សម រង្ស៊ី ​បានសរសរ​ទាក់ទងទៅនឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ​និង​លោក ហ៊ុន ម៉ាណែត ​ថា​ពូកែផលិត​រូបថតក្លែងក្លាយ ​ដើម្បីបោកបញ្ឆោត​រាស្ត្រ ដោយលោក​ក្តោប​អត្ថន័យ​ជារួម​ថាលោក​ ហ៊ុន សែន ​បានបង្កើត​វប្បធម៌​ក្លែងក្លាយ ​រួមមាន​សន្តិភាព ​ប្រជាធិបតេយ្យ ​ការបោះឆ្នោត ​ការអភិវឌ្ឍន៍ ​សុទ្ធសឹង​ជារឿង​ក្លែងក្លាយ​។

ក៏ប៉ុន្តែ​ញត្តិថ្កោលទោស​របស់​បក្សសម្ព័ន្ធ ​និង​អង្គការ​សង្គមស៊ីវិល​គាំទ្រ​រដ្ឋាភិបាល ​បានស្នើឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យបាន​តឹងរឹង​បន្ថែមទៀត​ប្រឆាំងនឹង​លោក​ សម រង្ស៊ី ព្រមទាំង​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន​ ម៉ាណែត ​និង​លោក ហ៊ុន សែន ​ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុងការ​កំចាត់ចោល​នយោបាយ​ជ្រុលនិយម ​ដើម្បី​ភាពសុខសាន្ត​របស់​ប្រទេសជាតិ​។

ក្រៅពី​ក្រុមអង្គការ​សង្គមស៊ីវិល​ដែលគាំទ្រ​រដ្ឋាភិបាល​ និង​គណបក្ស​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​កាន់អំណាច ​លោក ហ៊ុន សែន ​ក៏ដូចជា​គណបក្ស​ប្រជាជន​មិនឃើញមាន​ប្រតិកម្ម ​ឬ​ចេញ​ញត្តិ​ថ្កោលទោស​លោក ​សម រង្ស៊ី ​ទេ​។ ​ក៏ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​តាមរយៈ​សារសម្លេង​ខ្លី​នៅថ្ងៃនេះ ​បានហៅការ​រៀបចំ​ពិធី​បុណ្យ​អុំទូក​នៅឆ្នាំ​នេះ​ថា ​ជា​ជោគជ័យ​ប្រកបដោយ​មោទនភាព​របស់​រដ្ឋាភិបាល​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ