អានតួអត្ថបទ

លោក ហ៊ុន សែន រំឭកខួប២ធ្នូ តែមិនរំលេចឈ្មោះ លោក ប៉ែន សុវណ្ណ

អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក ​ហ៊ុន​ សែន ​បាន​រំឭក​ឡើង​វិញ​ពី​ប្រវត្តិ​ នៃ​ថ្ងៃ​កំណើត​រណសិរ្ស​សាម​គ្គីសង្រ្គោះ​ជាតិ​កម្ពុជា ​ ឬ​ហៅថា​ រណសិរ្ស​២​ធ្នូ ​ដែល​បង្កើត​ឡើង​នៅ​ថ្ងៃ​០២​ ធ្នូ​ ១៩៧៨​ ដែល​គិត​ដល់​០២​ ធ្នូ ២០២៣​នេះ​គឺ​មាន​រយៈ​ពេល​៤៥​ឆ្នាំ​។ ​ ​លោក ​ហ៊ុន ​សែន ​បាន​អះអាង​ថា​ រណសិរ្ស​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា​ ត្រូវ​បានកើត​ឡើង​ដោយ​កម្លាំង​មហាសាមគ្គី​ប្រជាជន ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ដែល​មាន​លោក ​ហេង ​សំរិន​ លោក ​ជា ​ស៊ីម ​និង​លោក​ ហ៊ុន​ សែន ​ជាដើម​ជា​អ្នក​រៀប​ចំ​កម្លាំង​ផ្ដួល​រំលំ​របប​ ប៉ុល ​ពត ​និង​ទទួល​បាន​ជ័យ​ជម្នះ នៅ​ថ្ងៃទី​៧​ មករា​ ឆ្នាំ​ ១៩៧៩​។

ស្តូប«រណសិរ្ស២ធ្នូ »នៅខេត្តក្រចេះ
ស្តូប«រណសិរ្ស២ធ្នូ »នៅខេត្តក្រចេះ © រដ្ឋបាលខេត្តស្វាយរៀង
ផ្សាយពាណិជ្ជកម្ម

បើតាម​ លោក​ ហ៊ុន​ សែន  «រណ​សិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា»​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា​ «រណ​សិរ្ស​សាមគ្គី ​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា»​ គឺ​ជា​អង្គការ​ចាត់​តាំង​មហាជន​មួយ​ឈានមុខ​ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​បាន​បង្កើតឡើង​នៅក្នុង​តំបន់​រំដោះ នាភូមិ​ជើង​ឃ្លូ ​ឃុំ​២ធ្នូ ​ស្រុក​ស្នួល​ ខេត្ដ​ក្រចេះ។

លោក​ ហ៊ុន ​សែន ​អះអាង​ថា ​តាម​រយៈ​រណសិរ្ស​២​ធ្នូនេះ​ហើយ​ ទើប​ខ្មែរ​ក្រោក​ឈរ​រួប​រួម​គ្នា ​ដោយ​បាន ​ការ​ជួយ​ឧបត្ថម្ភ​យ៉ាង​ធំ​ធេង​ ពី​កង​ទ័ព​ស្ម័គ្រចិត្ដ​វៀត​ណាម ​និង​ការ​គាំទ្រ​ពី​មិត្ដ​ភក្ដិ​ជិត​ឆ្ងាយ​លើ​សកល​លោក ទើប​អាច​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ ​នៅថ្ងៃ​៧ ​មករា​ ឆ្នាំ​១៩៧៩​។

​ប៉ុន្តែ​កាល​នៅមាន​ជីវិត​ លោក​ ប៉ែន ​សុវណ្ណ ​អតីត​នាយក​រដ្ឋ​មន្ត្រីខ្មែរ​ក្រោយ​ខ្មែរ​ក្រហម​ដួល​រលំ​បាន​អះអាង​ថា ​រូប​លោក​គឺ​ជា​បិតា​ស្ថាប​និក​រណ​សិរ្ស​២​ធ្នូ​នេះ ​ពីព្រោះ​លោក​គឺ​ជា​មនុស្ស​ទី​១ ​ដែល​វៀត​ណាម​លើក​បន្តុប​ឲ្យ​ដឹកនាំ​កម្ពុជា​នាពេលនោះ​។​ តែ​លោក​អះអាងថា​ ដោយសារ​តែ​លោក​មិន​ស្តាប់​តាម​ផែន​ការ​របស់​វៀត​ណាម​ទើប​លោក​ត្រូវ​បាន​វៀត​ណាម​ចាប់​ទៅ​ដាក់​គុក​ងងឹត​នៅ​ហាណូយ​១០​ឆ្នាំ​។

ទោះជា​យ៉ាង​ណា ​ក្រោយ​ការ​ស្លាប់​របស់​លោក ​ប៉ែន ​សុវណ្ណ ​លោក ​ហ៊ុន ​សែន ​បាន​ចេញ​បក​ស្រាយ​ខុស​ពីនេះ​ចំពោះ​ការ​ចាប់​ខ្លួន​លោក ​ប៉ែន ​សុវណ្ណ ​នាពេល​នោះ។​លោក ហ៊ុន សែន អះអាងថា ការ​លោក​ទៅ​ចាប់​ខ្លួន លោក ប៉ែន សុវណ្ណ ដែលជាមេកើយនោះ គឺដោយសារតែ​លោក ប៉ែន សុវណ្ណ បង្កើត​ឲ្យមានការ​មិនទុក​ចិត្ត​ផ្ទៃ​ក្នុង ​និង​បែប​បាក់​សាមគ្គី​ភាព​អាចនាំឲ្យ​ខ្មែរ​ក្រហម​វិល​មកវិញ​។ ប៉ុន្តែ​លោក​ ប៉ែន ​សុវណ្ណ​ ​ បាន​អះអាង​ថា ​ថ្ងៃ​៧ មករា​ ឆ្នាំ​១៩៧៩ ​គឺ​ជា​ថ្ងៃ​ដែល​កង​ទ័ព​វៀត​ណាម​ចូល​ឈ្លាន​ពាន​ដី​ទឹក​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ