អានតួអត្ថបទ

សកម្មជនអះអាងថា ព្រៃឡង់ចន្លោះពី៤០ទៅ៥០ហិកតាត្រូវបានកាប់បំផ្លាញ

សកម្មជនការពារបរិស្ថាន បានអះអាងថា ព្រៃឡង់ តាមការប៉ាន់​ស្មានទំហំពី៤០ទៅ៥០​ហិកតា ត្រូវបាន​កាប់​បំផ្លាញ​ដើម្បីយកដិធ្វើ​ចំការស្ថិតនៅតំបន់ អូរតាលោក ទឹកដីឃុំមានរិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ។ ការអះអាងយ៉ាងដូច្នេះ គឺដោយសារតែសកម្មជនទាំងនោះ បាន​ចុះ​ល្បាតពីថ្ងៃទី២៨ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដើមឈើដែលសកម្មជនព្រៃឡង់ប្រទះឃើញកាប់ និងអារ
ដើមឈើដែលសកម្មជនព្រៃឡង់ប្រទះឃើញកាប់ និងអារ © Prey Lang
ផ្សាយពាណិជ្ជកម្ម

បើតាម​សំណេរនៅលើ​ហ្វេសប៊ុកឈ្មោះថា Prey Lang ការ​កាប់​បំផ្លាញ​ព្រៃអភិរក្សនេះ គឺនៅមិន​ឆ្ងាយប៉ុន្មានពីទីស្នាក់ការបរិស្ថាន (ច្រកព្រះអាទិត្យ) នោះឡើយ។

 

ក្រៅពីកាប់បំផ្លាញព្រៃឡង់​នៅទឹកដីខេត្តកំពង់ធំនោះ បណ្តាញសហគមន៍ព្រៃឡង់ ខេត្តក្រចេះ កាលពីថ្ងៃទី២៤ ដល់ ២៧ ខែវិច្ចិកា ពួកគេចំនួន៣៥នាក់ បានចុះល្បាតដោយ ជួបគល់ឈើជាច្រើនគល់ត្រូវបានកាប់រួច ខណៈ មានរោងអ្នកអារឈើ ៤កន្លែង រទេះក្របីចំនួន ៨គ្រឿង។

 

ជាមួយគ្នានោះដែរ បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ចំនួន ៣០នាក់ទៀតបានចុះស្រាវជ្រាវ និងតាមដានបទល្មើសព្រៃឈើ ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បាន ជួបជនល្មើស ១៦នាក់។ រោងអារឈើចំនួន ២កន្លែង គោយន្តចំនួន ៣គ្រឿង ម៉ូតូចំនួន ១គ្រឿង រណាយន្តចំនួន៣គ្រឿង  គល់ឈើទើបកាត់រួចថ្មីចំនួន ៣០គល់ ឈើឃ្លុំចំនួន៨ដុំ ក្តារបន្ទះ ចំនួន ១០សន្លឹក និងទីតាំងកាប់រានដីធ្វើចម្ការចំនួន ១កន្លែងទំហំ៤ហិកតាស្ថិតនៅក្បាលអូគោល។​

 

កាលពីថ្ងៃទី៥តុលា២០២៣ តាមការស៊ើបអង្កេតរបស់កាសែតបរទេស ម៉ុងហ្គាបេ បានរាយការណ៍ថា នៅតំបន់ព្រៃឡង់ មាន​ជនមិនស្គាល់មុខបាន​ឈូសឆាយព្រៃ​ធ្វើ​ផ្លូវថ្មីមួយខ្សែ ទៅកាន់​​តំបន់បេះដូងនៃ​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ចេញពី​​​តំបន់​ដីសម្បទានដាំដើមឈើឡើងវិញ​​របស់ក្រុមហ៊ុន Think Biotech (Cambodia) ដែលមាន​ប្រមាណ​៣ម៉ឺន៤ពាន់ហិកតា លាតសន្ធឹងតាមព្រំដែននៃព្រៃការពារ ក្នុងខេត្តស្ទឹងត្រែងនិងក្រចេះ។

យោងតាមម៉ុងហ្គាបេ​​ ផ្លូវដែលទើបលួចឈូសឆាយនោះ​កំពុងតែជួយ​សម្រួលដល់ការកាប់ឈើខុសច្បាប់ និងការជួញដូរឈើមានតម្លៃយ៉ាងអនាធិបតេយ្យ ដោយចោទថា ជាស្នាដៃរបស់ក្រុមហ៊ុន Think Biotech (Cambodia)។ ប៉ុន្តែនៅក្នុងបទសម្ភាសជាមួយកាសែតបរទេសមួយនេះកាលពីខែមិថុនាកន្លងទៅ នាយកក្រុមហ៊ុន Think Biotech លោក លី ឈូឆាង បានបដិសេធមិនមានជាប់ពាក់ព័ន្ធទៅនឹងការឈូសឆាយព្រៃធ្វើផ្លូវថ្មី ចេញពីដីសម្បទានក្រុមហ៊ុនលោក ក៏ដូចជាការការជួញដូរឈើខុសច្បាប់នោះឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ