អានតួអត្ថបទ

ការសិក្សា​៖ តាកែវនិង​ព្រះសីហនុមានអត្រាឆ្លងមេរោគអេដស៍ខ្ពស់ជាងគេ​ក្នុងឆ្នាំ២០២៣

លទ្ធផលបឋម​នៃការសិក្សាប៉ាន់ប្រមាណ​បែបវិទ្យាសាស្ត្រ​​ឆ្នាំ​២០២៣របស់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ បង្ហាញថា ខេត្តតាកែវនិងខេត្តព្រះសីហនុ ​ស្ថិតនៅក្នុងចំណោមខេត្ត​៤ផ្សេងទៀត ដែល​មានអត្រា​​នៃការឆ្លង​មេរោគអេដស៍ថ្មីខ្ពស់ជាងគេនៅកម្ពុជា​។ ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឱ្យដឹងទៀតថា បច្ចុប្បន្ននេះ​​មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់ បាន​រត់គេច​ពីការ​​ទទួល​សេវា​ព្យាបាលដែល​អាចធ្វើឱ្យចំនួនអ្នកឆ្លងអេដស៍នៅកម្ពុជាកើនឡើង ខណៈ​រដ្ឋាភិបាលបានដាក់​គោលដៅបញ្ចប់អេដស៍ឆ្នាំ២០២៥។

ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ថ្ងៃទី ១​ធ្នូ
ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ថ្ងៃទី ១​ធ្នូ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្និបាត​ប្រចាំឆ្នាំ២០២៣របស់អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃទី​៤ធ្នូ លោក អៀង មូលី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បញ្ជាក់ថា លទ្ធផលបឋមនៃការសិក្សាប៉ាន់ប្រមាណបែបវិទ្យាសាស្ត្រនៅឆ្នាំ២០២៣ទាក់ទងនឹងចំនួនអ្នកផ្ទុកមេរោគអេដស៍​ថ្មី​ក្នុងចំណោម​ក្រុមប្រឈម គឺមាន៦រាជធានី​​ខេត្តដូចជា​ រាជធានី​ភ្នំពេញ ​ខេត្តសៀមរាប​​ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ​ និងខេត្តព្រះសីហនុ មានអត្រាឆ្លងរហូតដល់​៧២% នៃការឆ្លងថ្មី​នៅទូទាំងប្រទេស។ ​ក្នុងនោះ ខេត្តតាកែវនិងខេត្តព្រះសីហនុ គឺជាខេត្ត​២ ​ក្នុងចំណោមខេត្ត​៤ផ្សេងទៀតនោះ ត្រូវបានរកឃើញថា មានអត្រានៃការឆ្លងមេរោគ​អេដស៍ថ្មី​ខ្ពស់ជាងគេ​ ក្នុងចំណោមប្រជាជនគន្លឹះនៅកម្ពុជា​​។

តាមការវិភាគក្នុងការ​សិក្សាប៉ាន់ប្រមាណ​ដដែលក៏មានបង្ហាញទៀតថា កំណើននៃការឆ្លង​​មេរោគអេដស៍ថ្មី គឺស្ថិតនៅក្នុងចំណោម​បុរសនិងក្មេងប្រុសមានចំនួន​៧៩%។ ក្នុងនោះ​៨៣​%​នៃអ្នកឆ្លងថ្មី គឺជាក្រុមប្រឈម ឬ ជាក្រុម​ប្រជាជនគន្លឹះ​។ ជាមួយគ្នានោះ ក្រុមបុរស​រួមភេទ​ជាមួយបុរស​ដែលជាយុវវ័យ​ចំនួន​​៥០% ត្រូវ​បាន​រកឃើញថាមិនទទួលស្គាល់​ថាខ្លួន​ជាអ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍ឡើយ​។

ប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធ​នឹង​ជំងឺអេដស៍ លោក​ អៀង មូលី ធ្លាប់​បាន​គូសបញ្ជាក់​ក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃទី​២៤វិច្ឆិកាថា ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់នៅ​កម្ពុជា បានរត់គេចពីការទទួលសេវាព្យាបាល ដោយសារ​តែពួកគេ​​មានការ​ខ្មាស​អៀន ​ក្នុង​នោះ​មាន​អ្នកមាន​ទ្រព្យ​​និង​អ្នក​ល្បី​ផង​ដែរ។ ដោយ​​ពួកគេ​អាច​ទៅ​រក​សេវា​ព្យាបាល​ឯកជន ដើម្បី​លាក់បាំង កុំ​ឲ្យ​គេ​ដឹង។ ចំពោះលោក អៀង មូលី ការណ៍នេះ​គឺជាចំណុចព្រួយបារម្ភដែល​អាចធ្វើឱ្យចំនួនអ្នកឆ្លងអេដស៍នៅកម្ពុជាកើនឡើង ខណៈរដ្ឋាភិបាលបានដាក់គោលដៅបញ្ចប់អេដស៍ឆ្នាំ២០២៥។ ដើម្បីសម្រេចគោលដៅបញ្ចប់អេដស៍ឆ្នាំ២០២៥ កម្ពុជាចង់ឱ្យអត្រាអ្នកឆ្លងជំងឺអេដស៍ម្នាក់ក្នុង១ថ្ងៃ ឬ៣៦៥នាក់ក្នុង១ឆ្នាំ ឬទាបជាងនេះ។

គួរដឹងថា តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១,៤០០នាក់ក្នុងមួយឆ្នាំ ដែលមានន័យថា មនុស្ស៤នាក់បានឆ្លងមេរោគអេដស៍ជារៀងរាល់ថ្ងៃ។ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍ ក្នុងដំណាក់កាលដែលស្ថានភាពជំនួយពីបរទេសធ្លាក់ចុះ រដ្ឋាភិបាលអះអាងថា ក្នុង​រយៈពេល​៣​ឆ្នាំមក​នេះ រដ្ឋបាន​ចំណាយ​ថវិកា​ទិញ​ថ្នាំ​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​ជំងឺអេដស៍ ក្នុង​មួយ​ឆ្នាំ​ៗ ៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺអេដស៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ