អានតួអត្ថបទ
កម្ពុជា-សង្គម

អង់គ្លេសដាក់ទណ្ឌកម្មបុគ្គល និងក្រុមហ៊ុនពាក់ព័ន្ធបទល្មើសឆបោកនៅកម្ពុជានិងតំបន់

រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសឲ្យដឹងពីការដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន៩រូប និងក្រុមហ៊ុនចំនួន៥ ដែលបានពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា ឡាវ និងភូមា។ ការសម្រេចនេះ ធ្វើឡើងដោយរដ្ឋាភិបាលចក្រភពអង់គ្លេសបញ្ជាក់ថា ជាការចូលរួមបេ្តជា្ញចិត្តរបស់ខ្លួនចំពោះបញ្ហាសិទ្ធិមនុស្សជាសកល ដែលនឹងត្រូវរៀបចំខួបលើកទី៧៥ឆ្នាំ នៅថ្ងៃទី១០ធ្នូខាងមុខ។

អង់គ្លេសដាក់ទណ្ឌកម្មបុគ្គល និងក្រុមហ៊ុនពាក់ព័ន្ធបទល្មើសឆបោកនៅកម្ពុជានិងតំបន់
អង់គ្លេសដាក់ទណ្ឌកម្មបុគ្គល និងក្រុមហ៊ុនពាក់ព័ន្ធបទល្មើសឆបោកនៅកម្ពុជានិងតំបន់ © Gov UK
ផ្សាយពាណិជ្ជកម្ម

ថ្ងៃសុក្រ ទី៨ ធ្នូ រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសឲ្យដឹងអំពីទណ្ឌកម្មនៃការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ធ្វើដំណើរចូលទឹកដីអង់គ្លេស ចំពោះបុគ្គលចំនួន៩រូប ដែលភាគច្រើនជាជនជាតិចិន រួមមានឈ្មោះ Zhao Wei, Su Guiqin, Nat Rungtawankhiri, Abbas Eberahim, Zhijiang She, Colonel Saw Chit Thu, Colonel Saw Min Min Oo, Dong Lecheng, និង Hum Sovanny។ ពួកគេទាំង៩រូប ត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេសបញ្ជាក់ថា ជាអ្នកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយល្បួងជនរងគ្រោះឲ្យមកធ្វើការនៅក្នុងប្រទេសកម្ពុជា ឡាវ និងភូមា។

ក្នុងចំណោមអ្នកទាំង៩រូប ឈ្មោះZhijiang She, Dong Lecheng និង Hum Sovanny គឺជាបុគ្គលដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ សម្រាប់ឈ្មោះ Hum Sovanny គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស។

ក្រៅពី ទណ្ឌកម្មលើបុគ្គល មានក្រុមហ៊ុនចំនួន ៥ ដែលត្រូវរងទណ្ឌកម្មដូចជា ZhengHeng Group Co Ltd មានទីតាំងនៅក្នុងបរិវេណកោះពេជ្រ, Heng He Casino នៅក្រុងបាវិត ខេត្តស្វាយរៀង, K.B Hotel នៅខេត្តព្រះសីហនុ, Pacific Real Estate Management Company ឬស្គាល់ថា ជាកាស៊ីណូឈ្មោះ Golden Phoenix ដែលមានទីតាំងនៅជ្រៃធំ ខេត្តកណ្តាល, និងក្រុមហ៊ុន Golden Sun Sky Entertainment Co., Ltd. ក្នុងខេត្តព្រះសីហនុ។

ការឈានទៅសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ឈានចូលទឹកដីចក្រភពអង់គ្លេស ចំពោះបុគ្គលទាំង៩រូប និងក្រុមហ៊ុនដែលមានមូលដ្ឋាននៅកម្ពុជាទាំង៥នេះ ត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេស បញ្ជាក់ថា ជនទាំង៩រូបបានបោកប្រាស់ជនទាំងរងគ្រោះ ដោយសន្យាថា នឹងមានការងារប្រាក់ខែល្អ។ ក៏ប៉ុន្តែផ្ទុយមកវិញ គឺពួកគេបានធ្វើទារុណកម្មយ៉ាងអមនុស្សធម៌ចំពោះជនរងគ្រោះទៅវិញ។

ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានចាត់ទុកការសម្រេចរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស យ៉ាងដូច្នេះ ថា ជាការផ្ញើសារច្បាស់លាស់មួយថា ចក្រភពអង់គ្លេសនឹងចាប់ជនល្មើសដែលជាប់ពាក់ព័ន្ធនៅគ្រប់ទីកន្លែង រួមទាំងនៅកម្ពុជាផងដែរ។ បើតាមសារលើបណ្តាញសង្គមទ្វីតធ័រ លោក Dominic Williams បានលើកឡើងថា ការជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏អាក្រក់មួយ ហើយសម្រាប់ចក្រភពអង់គ្លេសនឹងបន្តប្រើប្រាស់វិធានការនានា ដើម្បីបញ្ចប់ឧក្រិដ្ឋកម្មជួញដូរមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ