អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

ក្រុមអ្នកតស៊ូមតិកម្ពុជាទាមទារឱ្យលោកហ៊ុន ម៉ាណែតស្តារប្រព័ន្ធប្រជាធិបតេយ្យ

ក្រុមអ្នកតស៊ូមតិកម្ពុជាដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីស្តារដំណើរការលទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រោយក្រុមនេះសង្កេតឃើញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជិត៤០ឆ្នាំមកនេះ បានបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះ ការទាមទារឱ្យលោក ហ៊ុន ម៉ាណែត ដោះលែងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស រួមនឹងអ្នកពាក់ព័ន្ធផ្សេងទៀតក៏ស្ថិតក្នុងកម្មវត្ថុសំខាន់ៗដែលស្នើឱ្យរដ្ឋាភិបាលថ្មីដាក់ចូលជាទិសដៅអាទិភាពផងដែរ។

រូបតំណាង
រូបតំណាង AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ពីទីក្រុងឡុងប៊ិច លោក ហុង លីម ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជាលើកឡើងថា ជិតបួនទសវត្សរ៍ក្រោមការក្តោបក្តាប់អំណាចរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាគឺ លោក ហ៊ុន សែន ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជារងការបំផ្លិចបំផ្លាញ និងបានប្រាសចាកពីខ្លឹមសាររួមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣។

ការខូចខាតនៃប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា លោក ហុង លីម យល់ថាបានប្រែក្លាយកម្ពុជាទៅជាសង្គមផ្តាច់ការ សង្គមពោរពេញទៅដោយអំពើពុករលួយ បញ្ហាអយុត្តិធម៌សង្គម រួមនឹងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។​

យោងតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកតស៊ូមតិកម្ពុជាកាលពីថ្ងៃទី១១ ខែធ្នូនេះ ការធ្លាក់ចុះនៃប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា គឺស្តែងចេញតាមរយៈតុលាការមិនឯករាជ្យ ការចងបណ្តាញបក្សក្នុងស្ថាប័នរដ្ឋដែលបង្កឱ្យមានរូបភាពរើសអើងផ្នែកនយោបាយ និងការគ្រប់គ្រងលើស្ថាប័នបោះឆ្នោត(គជប)របស់គណបក្សកាន់អំណាចជាដើម។

ម្ល៉ោះហើយ ក្រុមអ្នកតស៊ូមតិកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ត្រូវយកបញ្ហាស្តារលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សជាកត្តាអទិភាពចម្បង ដើម្បីទទួលបានទំនុកចិត្តពីពលរដ្ឋឡើងវិញ ពិសេសឱ្យស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

ក្នុងនោះ ក៏មានដែរការស្នើឱ្យដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រួមនឹងអ្នកទោសនយោបាយផ្សេងទៀតដែលកំពុងជាប់ឃុំ និងនិរទេសខ្លួននៅក្រៅប្រទេស ការផ្តល់នីតិសម្បទាឡើងវិញចំពោះគណបក្សសង្គ្រោះជាតិ និងបើកលំហរសេរីភាពផ្នែកនយោបាយ ពិសេសការផ្តល់ឯកសារគតិយុត្តិសម្រាប់គណបក្សភ្លើងទៀន។

បន្ថែមពីនេះ ការគំរាមកំហែង ការយាយី និងការចោទប្រកាន់គ្រប់ទម្រង់មកលើសមាជិកគណបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស ក្រុមអង្គការសង្គមស៊ីវិល ក៏ត្រូវបញ្ឈប់ផងដែរ។ នេះបើតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកតស៊ូមតិកម្ពុជា។ ​

ពាក់ព័ន្ធនឹងរឿងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធការចោទប្រកាន់ថា គណបក្សកាន់អំណាចបានបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងទាញកម្ពុជាឱ្យក្លាយជាសង្គមផ្តាច់ការ។ លោក សុខ ឥសាន​អះអាងថា កម្ពុជាពិតជាផ្តាច់ការមែន ប៉ុន្តែផ្តាច់ការចំពោះក្រុមជ្រុលនិយមណាដែលមានចេតនាមិនល្អចំពោះកម្ពុជាប៉ុណ្ណោះ។ ផ្ទុយមកវិញ កម្ពុជាគឺជាសង្គមដែលសុខសាន រួមនឹងការផ្តល់សេរីភាពពេញលេញចំពោះប្រជាពលរដ្ឋខ្មែរ ខណៈការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកម្ពុជាបានអនុវត្តយ៉ាងពេញលេញស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ