អានតួអត្ថបទ
កម្ពុជា-ទេសចរណ៍

កម្ពុជា និងវៀតណាមនឹងបង្កើតកញ្ចប់ទេសចរណ៍ ៣ប្រទេសជាមួយឡាវ

កម្ពុជា និងវៀតណាមសន្យារួមគ្នាដើម្បីបង្កើតកញ្ចប់ទេសចរណ៍ត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម ក្រោមឈ្មោះថា «កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ»។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតទៅកាន់ទៅប្រទេសវៀតណាម។ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ថ្មីនេះត្រូវបានអ្នកធ្វើការលើវិស័យទេសចរណ៍សាទរ និងព្រួយបារម្ភដោយខ្លាចកម្ពុជាអាចចាញ់ប្រៀបវៀតណាម។

ភ្ញៀវទេសចរបរទេសឈរទស្សនាប្រាសាទអង្គរវត្ត
ភ្ញៀវទេសចរបរទេសឈរទស្សនាប្រាសាទអង្គរវត្ត AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

«មិនមែនជារឿងថ្មីឡើយដែលកម្ពុជាមានកញ្ចប់ទេសចរណ៍រួមគ្នាជាមួយប្រទេសវៀតណាម ឡាវ តាមរយៈក្រុមហ៊ុនឯកជន។ តែអ្វីដែលថ្មី និងប្លែក គឺកម្ពុជានឹងមានកញ្ចប់ទេសចរណ៍រួមគ្នាបង្កើតឡើងដោយរដ្ឋាភិបាលនៃប្រទេសទាំងបី» នេះជាការបញ្ជាក់របស់អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ 

យ៉ាងណាក៏ដោយ អ្នកស្រីបានលើកឡើងថា កញ្ចប់ទេសចរណ៍រួមគ្នាបីប្រទេសនេះជាឱកាសថ្មីសម្រាប់កម្ពុជាក្នុងការស្រូបទាញកំណើនភ្ញៀវទេសចរបរទេស ពិសេសអាចឱ្យពួកគេធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជាបានរយៈពេលយូរជាងមុន ហើយមានជម្រើសបានច្រើនជាងពេលមុន។ ផលចំណេញមកកម្ពុជាត្រង់ថា កម្ពុជាមិនទាន់មានជើងហោះហើរត្រង់ពីតំបន់អឺរ៉ុប និងតំបន់ឆ្ងាយៗនៅឡើយ ដែលខុសពីប្រទេសវៀតណាម។ ម្ល៉ោះហើយ អ្នកស្រីយល់ថា នេះជាឱកាសរបស់កម្ពុជាដែលមានកញ្ចប់ទេសចរណ៍រួមគ្នាបីប្រទេស។  

អ្នកជំនាញលើវិស័យទេសចរណ៍រូបនេះដដែលកត់សម្គាល់ទៀតថា កន្លងមកកម្ពុជាមានលក់កញ្ចប់ទេសចរណ៍ជាមួយប្រទេសវៀតណាម ប៉ុន្តែកម្ពុជាហាក់ចាញ់ប្រៀបគេបន្តិចត្រង់ការកំណត់ចំនួនថ្ងៃដើរលេងកម្សាន្តរបស់ភ្ញៀវទេសចរបរទេស ពិសេសការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍។ 

ត្រង់ចំណុចនេះ អ្នកស្រី ឆាយ ស៊ីវលីនរំពឹងថា កញ្ចប់ទេសចរណ៍ដែលរដ្ឋាភិបាលកម្ពុជា វៀតណាម និងឡាវគ្រោងបង្កើតឡើងនេះ នឹងសិក្សាឱ្យបានលម្អិតពីផលប្រយោជន៍រវាងគ្នា ពិសេសទាក់ទិននឹងកម្មវិធីដើរលេងកម្សាន្តក្នុងប្រទេសទាំងបីមុននឹងលក់ទៅកាន់ភ្ញៀវទេសចរបរទេស ដើម្បីកុំឱ្យចាញ់ប្រៀបគ្នាបន្តទៀត។ 

ចំណែក លោក ខៀវ ធី ប្រធានមគ្គុទេ្ទសក៍ទេសចរអង្គរសង្កេតឃើញកញ្ចប់ទេសចរណ៍ភាគច្រើនដែលមិនបូកបញ្ចូលការទស្សនាប្រាសាទអង្គរវត្តនោះ  គឺមិនសូវមានភ្ញៀវទេសចរបរទេសទិញឡើយ។ ម្ល៉ោះហើយ លោក ខៀវ ធី ស្នើឱ្យរដ្ឋាភិបាលកំណត់ចំនួនថ្ងៃដើរលេងកម្សាន្តរបស់ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឱ្យបានច្រើនថ្ងៃ និងច្រើនទីតាំងដោយមិនចំពោះតែខេត្តសៀមរាប។ 

គួរឱ្យកត់សម្គាល់ កន្លងមកកញ្ចប់ទេសចរណ៍បីប្រទេសចូលគ្នាគឺបង្កើតឡើងដោយប្រតិបត្តិករទេសចរណ៍ឯកជន ហើយកម្ពុជាតែងស្ថិតក្នុងទិសដៅចុងក្រោយគេបន្ទាប់ពីប្រទេសឡាវ។ កញ្ចប់ទេសចរណ៍ភាគច្រើនគឺ កំណត់ឱ្យភ្ញៀវទេសចរណ៍ធ្វើដំណើរមកលេងកម្សាន្តក្នុងប្រទេសកម្ពុជាយ៉ាងយូរត្រឹម៣ថ្ងៃ ឬ៥ថ្ងៃ ខណៈតំបន់ដែលបានកំណត់ក្នុងកញ្ចប់ទេសចរណ៍គឺមានតែការទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបមួយមុខប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ