អានតួអត្ថបទ

វៀតណាមស្នើឲ្យកម្ពុជាយកចិត្តទុកដាក់បន្ថែមដល់ពលរដ្ឋខ្លួននៅកម្ពុជា

ជាថ្មីម្ដងទៀត វៀតណាមបានស្នើឲ្យកម្ពុជាផ្ដល់លក្ខណៈងាយស្រួលបន្ថែមលើការងារផ្ដល់ឯកសារស្របច្បាប់ដល់ពលរដ្ឋខ្លួនដែលរស់នៅក្នុងទឹកដីកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម(VNA) ដោយបន្ថែមថា ទន្ទឹមនឹងនេះ វៀតណាមក៏បានស្នើឱ្យកម្ពុជា បន្តបង្កើតបរិយាកាសអំណោយផលឲ្យពលរដ្ឋខ្លួន ក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងប្រទេសកម្ពុជា។  ការស្នើនេះ ធ្វើឡើងដោយប្រធានរដ្ឋវៀតណាម ក្នុងជំនួបមួយជាមួយនាយករដ្ឋមន្រ្តីកម្ពុជា អំឡុងដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី១១ខែធ្នូ។

លោកហ៊ុន ម៉ាណែត អញ្ជេីញជួបសម្តែងការគួរសមជាមួយ លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម នៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣
លោកហ៊ុន ម៉ាណែត អញ្ជេីញជួបសម្តែងការគួរសមជាមួយ លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម នៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣ © SHS
ផ្សាយពាណិជ្ជកម្ម

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម (Vietnam News Agency) វៀតណាម តាមរយៈប្រធានរដ្ឋលោក វ៉ វ៉ាន់ធឿន បានស្នើឱ្យកម្ពុជាផ្ដល់លក្ខណៈងាយស្រួលបន្ថែមលើការងារផ្ដល់ឯកសារស្របច្បាប់ដល់ពលរដ្ឋខ្លួនដែលរស់នៅក្នុងទឹកដីកម្ពុជា។ ប្រធានរដ្ឋវៀតណាមរូបនេះ ក៏បានថ្លែងអំណរគុណដល់កម្ពុជា និងស្នើឲ្យកម្ពុជាបន្តបង្កើតបរិយាកាសអំណោយផលដល់ពលរដ្ឋវៀតណាមក្នុងទឹកដីកម្ពុជា ក្នុងការរស់នៅ ប្រកបមុខរបរការងារ និងធ្វើសមាហរណកម្មចូលក្នុងប្រទេសផងដែរ។ ការស្នើយ៉ាងដូច្នេះរបស់លោក វ៉ វ៉ាន់ធឿន ធ្វើឡើងក្នុងជំនួបដាច់ដោយឡែកមួយ ជាមួយលោកហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា អំឡុងដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី១១ខែធ្នូកន្លងមកនេះ។

ជាការកត់សម្គាល់ សំណើឲ្យកម្ពុជាយកចិត្តទុកដាក់លើការធ្វើសមាហរណកម្មពលរដ្ឋរបស់ខ្លួនក្នុងប្រទេសកម្ពុជានេះ តែងតែត្រូវបានវៀតណាមលើកឡើង ក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរ។ ជាក់ស្ដែង សំណើនេះ ក៏ធ្លាប់ត្រូវបានប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់នៅ ក្នុងជំនួបមួយជាមួយប្រធានរដ្ឋសភាកម្ពុជាកាលពីដើមខែធ្នូនេះ ម្ដងរួចមកហើយដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាមដដែលនេះ កាលណោះ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាថ្មីរបស់កម្ពុជា បានឆ្លើយតបនឹងសំណើរបស់លោក វឿញ ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាមថា កម្ពុជាតែងតែផ្តល់ការគាំទ្រដល់ជនបរទេសទាំងអស់រួមទាំងពលរដ្ឋវៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ លោកស្រីថា កម្ពុជានឹងជួយពលរដ្ឋខ្មែរដើមកំណើតវៀតណាមដែលនៅខ្វះឯកសារផ្លូវច្បាប់ក្នុងប្រទេសកម្ពុជា តាមរយៈច្បាប់ពាក់ព័ន្ធនឹងកិច្ចការរដ្ឋប្បវេណីជាបន្ត។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជាក្នុងប្រទេសវៀតណាមត្រូវបានលោកអ៊ុ សំអាន អតីតតំណាងរាស្រ្តនៃអតីតបក្សសង្គ្រោះជាតិ រិះគន់ថា ធ្វើឡើងក្នុងគោលបំណងទៅទទួលសំណើពីវៀតណាមដែលជាចៅហ្វាយនាយ ដូចជាសំណើផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍បន្ថែមដល់វៀតណាមក្នុងកម្ពុជានេះជាដើម។ ការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់វៀតណាមក្នុងប្រទេសកម្ពុជា ដែលមហាជនមួយចំនួនបង្ហាញក្ដីបារម្ភថា នឹងប៉ះពាល់ដល់ទីផ្សារការងាររបស់កម្ពុជា និងបង្កហានិភ័យដល់ជោគវាសនាប្រទេសជាដើម។

យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេសនាយប់ថ្ងៃទី១២ខែធ្នូ បានអះអាងថា លោកហ៊ុន ម៉ាណែត មិនដែលស្ថិតក្រោមសម្ពាធរបស់ប្រទេសណាមួយឡើយ នៅរាល់ដំណើរទស្សនកិច្ចនៅបរទេស មិនថាប្រទេសណាមួយទេ។

ក្នុងសំណុំរឿងនេះ សូមរម្លឹកដែរថា កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ មានការចែករំលែកតៗគ្នាថា កម្ពុជាបានផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ពលរដ្ឋវៀតណាមចំនួន១០ម៉ឺននាក់។ ក៏ប៉ុន្តែ តួរលេខនេះ ក៏ត្រូវបានច្រានចោលវិញ ដោយក្រសួងមហាផ្ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ