អានតួអត្ថបទ
កម្ពុជា-សង្គម

សមត្ថកិច្ចថៃចាប់ខ្លួនពលរដ្ឋខ្មែរ២នាក់ដោយ ចោទពីបទកាន់កាប់អាវុធខុសច្បាប់

ពលរដ្ឋខ្មែរ២នាក់ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន និងចោទប្រកាន់ពីបទកាន់កាប់អាវុធដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីបុគ្គលទាំងពីរបាញ់កាំភ្លើងរះទៅកាន់ហ្វូងមនុស្សជិត២០០នាក់ដែលសុទ្ធសឹងជាជនជាតិខ្មែរកំពុងទស្សនាការប្រកួតបាល់ទាត់ស្ថិតក្នុងខេត្តប៉ាថុមថានី ប្រទេសថៃ។ ចំណែកអ្នកគ្រប់គ្រងកីឡដ្ឋានទាមទារឱ្យមានការសងជម្ងឺចិត្តជុំវិញការខូចខាត។

ពលរដ្ឋខ្មែរត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនក្នុងខេត្តចាន់ថាបុរី ពីបទប្រើប្រាស់កាំភ្លើងខុសច្បាប់ក្នុងប្រទេស និងប៉ុនប៉ងសម្លាប់មនុស្ស
ពលរដ្ឋខ្មែរត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនក្នុងខេត្តចាន់ថាបុរី ពីបទប្រើប្រាស់កាំភ្លើងខុសច្បាប់ក្នុងប្រទេស និងប៉ុនប៉ងសម្លាប់មនុស្ស © Khaosod-English
ផ្សាយពាណិជ្ជកម្ម

យោងតាមការចេញផ្សាយរបស់ការសែតខាវស៊តថៃនៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ សមត្ថកិច្ចថៃបានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន២នាក់ដែលម្នាក់មានឈ្មោះ ឃុម សុភ័ក្ត្រ ហៅដួង និងម្នាក់ទៀតឈ្មោះហេង ហាច់។ អ្នកទាំងពីររងការចោទប្រកាន់ពីបទប៉ុនប៉ងសម្លាប់មនុស្ស ការកាន់កាប់អាវុធខុសច្បាប់ និងរស់នៅក្នុងប្រទេសថៃខុសច្បាប់។

មន្ត្រីប៉ូលីសថៃអះអាងថា ជនជាប់ចោទទាំងពីរព្យាយាមរត់គេចខ្លួនមកប្រទេសកម្ពុជាវិញ ប៉ុន្តែត្រូវបានប៉ូលីសអន្តោប្រវេសន៍ក្នុងខេត្តចាន់ថាបុរីចាប់ខ្លួនបានត្រង់ចំណុចច្រកព្រំដែន បាន់លែម។ ទន្ទឹមគ្នានោះ​ ប៉ូលីសថៃក៏រកឃើញកាំភ្លើងមួយចំនួនដែលពួកគេទាំងពីរបានទិញពីអ៊ីនធឺណេតក្នុងតម្លៃ៤ពាន់បាតស្មើប្រមាណជាង១០០ដុល្លារ។ ក្រោយចាប់ខ្លួនបានជនល្មើសទាំងពីរ សមត្ថកិច្ចថៃក៏នឹងបន្តស៊ើបអង្កេតដើម្បីកំណត់មុខសញ្ញាផ្សេងបន្ថែមទៀត។

ប៉ូលីសថៃបានបញ្ជាក់ថា មុនពេលកើតហេតុ ពោលអំឡុងការប្រកួតបាល់ទាត់ក្នុងទីលានបាល់ទាត់ឈ្មោះ 9 Up Arena គេឃើញមានបុរសប្រហែល៤ទៅ៥នាក់ស្លៀកពាក់អាវកីឡា ប៉ុន្តែមិនបានចូលប្រកួតឡើយ។ ក្រោយមកពួកគេបានរត់ចូលទៅទីលានប្រកួតដោយមានកាន់កាំភ្លើង២ដើម និងបានបាញ់រះទៅកាន់ហ្វូងមនុស្សប្រមាណ២០០នាក់ដែលសុទ្ធសឹងតែជាជនជាតិខ្មែរអង្គុយមើលបាល់ទាត់។ បន្ទាប់មក​ ជនល្មើសនោះបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ខណៈមន្ត្រីជំនាញមិនបានបញ្ជាក់ថា មានអ្នករងរបួសឬយ៉ាងណានោះ។ 

ចំណែកអ្នកគ្រប់គ្រងទីតាំងប្រកួតបាល់ទាត់វិញក៏បានដាក់ពាក្យបណ្តឹងទាមទារសំណងជុំវិញការខូចខាតដែលបណ្តាលមកពីករណីបាញ់ប្រហារមួយនេះ។ ក្នុងនោះ មន្ត្រីជំនាញថៃរកឃើញកន្លែងខូចខាតមួយចំនួនដូចជា ដំបូល និងធ្នឹមដែកយ៉ាងហោចណាស់៣កន្លែង។

គួរបញ្ជាក់ថា រឿងកាន់កាប់អាវុធខុសច្បាប់ក្នុងប្រទេសថៃនេះ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅក៏មានមន្ត្រីខ្មែរស័ក្តិ៥ម្នាក់រងការចោទប្រកាន់៤ករណីក្រោយបានបើករថយន្តឆ្លងដែន និងកាន់កាប់អាវុធខុសច្បាប់ក្នុងប្រទេសថៃ។ មន្ត្រីខ្មែររូបនោះបានបើករថយន្តចូលទឹកដីថៃដោយមិនបានបំពេញបែបបទគយត្រឹមត្រូវ រួមនឹងបើកបរក្នុងស្ថានភាពស្រវឹងចូលទៅក្នុងច្រកព្រំដែនខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ