អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរជាតិអប្សរាថា ខ្លួនចុះរុះរើសំណង់ណាដែលខុសច្បាប់ប៉ុណ្ណោះ

អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៧ ខែធ្នូ បានចេញមកច្រានចោលការផ្សព្វផ្សាយព័ត៌មានជុំវិញសកម្មភាពរុះរើសំណង់មិនស្របច្បាប់នៅជិតតំបន់អង្គរ។ យោងតាមលិខិតបំភ្លឺរបស់ខ្លួន អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា សំណង់ដែលត្រូវបានរុះរើនោះ គឺជាប្រភេទសំណង់ខុសច្បាប់។ ចំណែកការផ្សព្វផ្សាយចោទប្រកាន់អាជ្ញាធរកន្លងមក គឺចេតនាមូលបង្កាច់មន្ត្រីអាជ្ញាធរជាតិអប្សរាចំពោះសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់ដែលស្ថិតក្នុងតំបន់អង្គរ។

លំនៅឋានរបស់ពលរដ្ឋនៅតំបន់រុនតាឯក
លំនៅឋានរបស់ពលរដ្ឋនៅតំបន់រុនតាឯក © Internet
ផ្សាយពាណិជ្ជកម្ម

លិខិតបំភ្លឺទៅកាន់សាធារណៈ អាជ្ញាធរជាតិអប្សរាអះអាងថា សំណង់ដែលក្រុមការងារសណ្តាប់ធ្នាប់ចុះរុះរើនោះ គឺជាប្រភេទសំណង់មិនស្របតាមច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត និងបានសាងសង់កាលពីខែឧសភា ឆ្នាំ២០២៣។

អាជ្ញាធរជាតិអប្សរាឱ្យដឹងទៀតថា ក្រុមកាងារសណ្តាប់ធ្នាប់បានដាក់លិខិតជូនដំណឹងដល់ម្ចាស់ទីតាំងឱ្យរុះរើចេញដោយកំណត់រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្តែក្រោយមកម្ចាស់សំណង់បានស្នើពន្យាពេលម្តងទៀត ហើយអាជ្ញាធរជាតិអប្សរាទុកពេលឱ្យ៣ថ្ងៃបន្ត គិតពីថ្ងៃទី១០ ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយកន្លងផុតជាច្រើនខែម្ចាស់សំណង់មិនទាន់រុះរើចេញ ទើបនៅថ្ងៃទី២៦ ខែធ្នូ អាជ្ញាធរជាតិអប្សរាបានសម្រេចចុះរុះរើតែម្តង។

យោងតាមវីដេអូបង្ហោះចែកចាយតាមបណ្តាញសង្គមនៅថ្ងៃទី២៦ ខែធ្នូ គេសង្កេតឃើញមានក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់បានចុះមករុះរើផ្ទះប្រក់ស័ង្កសីរបស់ស្ត្រីវ័យចំណាស់ម្នាក់ក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ផ្អែកតាមវីដេអូនោះ ស្ត្រីដែលជាម្ចាស់សំណង់បានទ្រហោយំ និងលើកដៃអង្វរទៅអាជ្ញាធរកុំឱ្យរុះរើផ្ទះរបស់ខ្លួន។ ស្ត្រីរូបនេះនិយាយថា បើអាជ្ញាធររុះរើអស់ តើខ្លួននឹងត្រូវទៅរស់នៅកន្លែងណា ហើយមានអ្វីចិញ្ចឹមជីវិតបន្តទៀត។ ត្រង់ចំណុចនេះ លិខិតបំភ្លឺរបស់អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ស្ត្រីដែលយំសោកនោះ មិនមែនជាម្ចាស់ផ្ទះឡើយ។

ពាក់ព័ន្ធនឹងការរុះរើ និងបណ្តេញពលរដ្ឋចេញនេះ អង្គការលើកលែងទោសអន្តរជាតិ Amnesty International នៅថ្ងៃទី១៥ ខែវិច្ឆិកាបានចេញរបាយការណ៍មួយដោយចាត់ទុកការប្តូរទីលំនៅពលរដ្ឋប្រមាណ១ម៉ឺនគ្រួសារពីតំបន់អង្គរទៅតំបន់រុនតាឯកជាការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។

អង្គការនេះស្នើឱ្យបារាំងនិជប៉ុនដែលជាស្ថាបនិកគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ថ្កោលទោសចំពោះការបណ្តេញពលរដ្ឋដោយបង្ខំពីតំបន់អង្គរ ក្រោមលេសថា ដើម្បីការពារតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូរណេស្កូ។ 

របាយការណ៍របស់អង្គការAmnesty International ដដែលក៏បន្តរកឃើញទៀតថា អាជ្ញាធរខ្មែរបានបំភិតបំភ័យពលរដ្ឋ គំរាមកំហែង និងបណ្តេញពួកគេចេញដោយបង្ខំ។ ការលើកឡើងរបស់ Amnesty International ទាំងនេះត្រូវបានអាជ្ញាធរជាតិអប្សរាបញ្ចេញប្រតិកម្មដោយគូសបញ្ជាក់ថា ពលរដ្ឋព្រមចាកចេញដោយស្ម័គ្រចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ