អានតួអត្ថបទ

សិទ្ធិស្រ្តី៖សង្គមស៊ីវិលអំពាវនាវ៦ចំណុចទៅរដ្ឋាភិបាលកម្ពុជា

នៅថ្ងៃទី២៧ខែធ្នូ សង្គមស៊ីវិលចំនួន៨ បានចេញសេចក្ដីថ្លែងការណ៍រួមមួយដោយអំពាវនាវ៦ចំណុចទៅកាន់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនសិទ្ធិស្រ្តី។ ការអំពាវនាវទាំងនេះធ្វើឡើង ខណៈសង្គមស៊ីវិលរកឃើញស្ថានភាពសិទ្ធិស្រ្តីនៅកម្ពុជាបន្តជួបបញ្ហាប្រឈមជាច្រើន។

រូបភាពតាំងបង្ហាញក្នុងយុទ្ធនាការ16ថ្ងៃនៃភាពសកម្មនិយមដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី
រូបភាពតាំងបង្ហាញក្នុងយុទ្ធនាការ16ថ្ងៃនៃភាពសកម្មនិយមដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី © FB/Gender and Development for Cambodia
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្ដីថ្លែងការណ៍រួម ការអំពាវនាវចំនួន ៦ចំណុចរបស់សង្គមស៊ីវិលទាំង៨រួមមាន ការកាត់ទោសករណីអំពើហិង្សាលើស្រ្តីឲ្យមានប្រសិទ្ធិភាព ការកែប្រែគ្រប់ទម្រង់នៃអំពើហិង្សាក្នុងគ្រួសារឲ្យក្លាយជាបទល្មើសព្រហ្មទណ្ឌ និងការធានាពីភាពស្មើគ្នារបស់ស្រ្តី(៥០%) នៅគ្រប់តំណែងថ្នាក់ដឹកនាំរដ្ឋាភិបាល។

ចំណែកសំណូមពរផ្សេងទៀត ដូចជាការដាក់ចេញនូវសកម្មភាពការពារ លុបបំបាត់ការបំពាន និងការប្រើអំពើហិង្សាលើស្រ្តី ព្រមទាំងទម្រង់ផ្សេងៗនៃការរើសអើងផ្នែកយេនឌ័រនៅកន្លែងធ្វើការ។ ក្រៅពីនេះ សង្គមស៊ីវិលទាំង៨ ក៏បានសំណូមពរឲ្យមានការពង្រីកសេវាថែទាំសុខភាពបន្តពូជដែលមានគុណភាព និងការអប់រំផ្លូវភេទយ៉ាងទូលំទូលាយថែមទៀតក្នុងកម្មវិធីសិក្សារ។

គួរបញ្ជាក់ថា អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ(CWCC) ធ្លាប់បានអះអាងពីការកើនឡើងនូវករណីហិង្សាលើស្រ្តីជារៀងរាល់ថ្ងៃ គិតត្រឹមខែឧសភាឆ្នាំ២០២២។ អង្គការ CWCC បានអះអាងថា ខ្លួនបានទទួលសេចក្តីរាយការណ៍ស្ដីពីករណីហិង្សាលើស្រ្តីចំនួន៤៤២ករណីក្នុងឆ្នាំ២០២២ ពោលកើនឡើងចំនួន ៣២ករណីបើធៀបនឹងឆ្នាំ២០២១។

ទន្ទឹមគ្នានេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងកិច្ចការនារីដែលដកស្រង់សម្ដីដោយគណៈកម្មាធិការអង្គការស៊ី-ដកម្ពុជាក៏បានបញ្ជាក់ពីការគ្មានការថយចុះនៃ ករណីប្រើអំពើហិង្សាលើស្រ្តីក្នុងឆ្នាំ២០២២ដែរ។ ដោយឡែក គណៈកម្មាធិការអង្គការស៊ី-ដកម្ពុជាបានបញ្ជាក់បន្ថែមថា ករណីប្រើហិង្សាលើរាងកាយស្រ្តីដែលមានអាយុចាប់ពី១៥ឆ្នាំទៅវិញ មានការថយចុះពី២០%ក្នុងឆ្នាំ២០១៤ មកនៅត្រឹម១០%ក្នុងឆ្នាំ២០២២កន្លងទៅនេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ