អានតួអត្ថបទ

អ្នកប្រឆាំង រិះគន់លោក ហ៊ុន សែន រឿងបន្តកាត់ដីឲ្យឯកជន

លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ បានរិះគន់ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាថា ជាមេដឹកនាំបំផ្លិចបំផ្លាញព្រៃឈើច្រើនជាងគេក្នុងចំណោមមេដឹកនាំខ្មែរក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីឃើញអនុក្រឹត្យរដ្ឋាភិបាលចាស់ដឹកនាំដោយលោក ហ៊ុន សែន បានកាត់ផ្ទៃដីព្រៃឈើទំហំ ២៩១ហិកតាទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការអភិវឌ្ឍន៍។ ប៉ុន្តែការរិះគន់នេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំគណបក្សប្រជាជនឆ្លើយតបថា ក្រុមប្រឆាំងមិនដែលធ្វើការស្របនឹងរដ្ឋាភិបាលឡើយ។

លោក អ៊ុំ សំអាន បានរិះគន់ លោក ហ៊ុន សែន កាត់ផ្ទៃដីព្រៃស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស
លោក អ៊ុំ សំអាន បានរិះគន់ លោក ហ៊ុន សែន កាត់ផ្ទៃដីព្រៃស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក អ៊ុំ សំអាន បានលើកឡើងអមជាមួយអនុក្រឹត្យរបស់រដ្ឋាភិបាល​ចាស់យ៉ាងដូច្នេះថា លោក ហ៊ុន សែន កាលនៅធ្វើជានាយករដ្ឋមន្រ្តី បានកាត់ផ្ទៃដីព្រៃឈើទំហំ ២៩១ហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដើម្បីជួលឲ្យក្រុមហ៊ុន សុគន្ធ ខេភី គ្លូប៊ល អ៊ិនវេសម៉ិន ខូអិលធីឌី សម្រាប់វិនិយោគលើគម្រោងបង្កើតតំបន់សេដ្ឋ​កិច្ចពិសេស និងអភិវឌ្ឍន៍ទេសចរណ៍។

អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិរូបនេះ បានរិះគន់ចំៗទៅលោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាថា ជាមេដឹកនាំបំផ្លិចបំផ្លាញព្រៃឈើច្រើនជាងគេក្នុងចំណោមមេដឹកនាំខ្មែរក្នុងប្រ​វត្តិសាស្រ្តកម្ពុជា។

ប៉ុន្តែការរិះគន់នេះ ត្រូវលោក​ សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មតបវិញថា​ ក្រុមគណបក្សប្រឆាំងមិនដែលធ្វើការស្របជាមួយនឹងរដ្ឋាភិបាលឡើយ តែងតែធ្វើការរិះគន់ជានិច្ច ជាពិសេសលោក អ៊ុំ សំអាន។ តាមលោក សុខ ឥសាន ការរិះគន់នេះ ជារឿងធម្មតាទៅហើយសម្រាប់ក្រុមប្រឆាំង។

លោកបញ្ជាក់ថា រាល់ការកាត់ដីរបស់រដ្ឋាភិបាលជួលទៅឲ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍ ក្រសួងដែលពាក់ព័ន្ធសុទ្ធតែបានវាយតម្លៃផលប៉ះពាល់ និងផលចំណេញ។ ត្រង់ចំណុចនេះ លោក សុខ ឥសាន ថាបើគ្មានផលចំណេញដល់សេដ្ឋកិច្ចជាតិ និងប្រជាជនទេ ក្រសួងដែលពាក់ព័ន្ធមិនសម្រេចដាក់សំណើរមករដ្ឋាភិបាលដើម្បីសម្រេចកាត់ផ្ទៃដីជួលឲ្យក្រុមហ៊ុន​ឯកជនឡើយ។

សូមបញ្ជាក់ថា បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី១៥​សីហា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយលោក ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដីទំហំ ២៩១ហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដើម្បីជួលឲ្យក្រុមហ៊ុន សុគន្ធ ខេភី គ្លូប៊ល អ៊ិនវេសម៉ិន ខូអិលធីឌី សម្រាប់វិនិយោគលើគម្រោងបង្កើតតំបន់សេដ្ឋ​កិច្ចពិសេស និងអភិវឌ្ឍន៍ទេសចរណ៍។

ជាការកត់សម្គាល់ អនុក្រឹត្យរបស់រដ្ឋាភិបាលចាស់កាត់ផ្ទៃដីនៅតំបន់បូកគោជួលទៅឲ្យក្រុមហ៊ុន សុគន្ធ ខេភី គ្លូប៊ល អ៊ិនវេសម៉ិន ខូអិលធីឌីខាងលើនេះ ខុសគ្នាទៅនឹងអនុក្រឹត្យរបស់រដ្ឋាភិបាលដែលកាត់ឲ្យ​ទៅឈ្មោះ​បុគ្គល ហេង សួរ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ពោលគឺអតីតរដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលផ្ទៃដីទំហំជាង ៩១ហិក​តា នៅក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ចេញពីដែនគម្របសត្វព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រ​ទា​នកម្មជាកម្មសិទ្ធិបុគ្គលឈ្មោះ ហេង សួរ។ នេះផ្អែកតាមអនុក្រឹត្យមួយចុះថ្ងៃទី៩ សីហា ឆ្នាំ២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ