អានតួអត្ថបទ

មនុស្ស១០នាក់ដែលថៃគ្រោងបញ្ជូនមកកម្ពុជាត្រូវ UNHCR ធានាឲ្យទៅរស់នៅប្រទេសទី៣

មនុស្សចំនួន១០នាក់ ដែលអាជ្ញាធរថៃចាប់ខ្លួន ក្នុងនោះមាន៣នាក់ត្រូវបានដោះលែងវិញថ្មីៗនេះ ត្រូវបានអង្គការសិទ្ធិមនុស្សអន្តរជាតិប្រចាំប្រទេសថៃធានាពួកគេ និងក្រុមគ្រួសារឲ្យទៅរស់នៅប្រទេសទី៣ហើយ។ នេះបើតាមលោក ស្រ៊ុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។ ប៉ុន្តែពួកគេពុំទាន់ដោះលែងឲ្យនៅក្រៅឃុំឡើយ គិតមកទល់ពេលនេះ ទោះបីជាមានការធានាពីអង្គការសិទ្ធិមនុស្សអន្តរជាតិក៏ដោយ។

មនុស្សចំនួន១០នាក់ ដែលអាជ្ញាធរថៃចាប់ខ្លួន
មនុស្សចំនួន១០នាក់ ដែលអាជ្ញាធរថៃចាប់ខ្លួន © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

លោកស្រ៊ុន ស្រ៊ន ដែលរួចផុតពីការប៉ុនប៉ងចាប់ខ្លួនដោយអាជ្ញាធរថៃ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថាជនភៀសខ្លួនខ្មែរ១០នាក់ដែលអាជ្ញាធរថៃចាប់ខ្លួន ក្នុងនោះមាន៣នាក់ត្រូវបានដោះលែងវិញកាលពីពេលថ្មីៗ ត្រូវបានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប្រទេសថៃហៅកាត់ថា CNHCR ធានាពួកគេនិងក្រុមគ្រួសារឲ្យទៅរស់នៅប្រទេសទី៣ហើយ។ តាមលោក ស្រ៊ុន ស្រ៊ន លោកទទួលបានព័ត៌មាននេះពីជនភៀសខ្លួនខ្មែរ១០នាក់ គ្រាដែលលោកចូលទៅសួរសុខទុក្ខពួកគេនៅកន្លែងជាប់ឃុំ។

ទោះបីជាពេលនេះ  ពួកគេត្រូវបានធានាដោយ CNHCR ប្រចាំប្រទេសថៃក៏ដោយក៏អាជ្ញាធរថៃពុំទាន់ដោះលែងអ្នកទាំង៧នាក់ដែលកំពុងជាប់ឃុំទេ គិតមកទល់ពេលនេះ។ លោក ស្រ៊ុន ស្រ៊ន បញ្ជាក់ថាជនភៀសខ្លួនខ្មែរចំនួន ៧នាក់ ដែលអាជ្ញាធរថៃចាប់ឃុំខ្លួនមានឈ្មោះ គឺម ឆីឡើយ លី ឈួន ថន ច័ន្ទថា សំ សុខា អេង ចាន់ឌី អេង ម៉ាឡៃ និងអេង ដាវ៉ាន់។ ចំណែក៣នាក់ដែលអាជ្ញាធរថៃបានដោះលែងវិញនោះមានឈ្មោះ តឿន តន់ នួន នឿន និងង៉ែត ធារី។

សូមបញ្ជាក់ថា លោក ស្រ៊ុន ស្រ៊ន ជាសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលបាននិងកំពុងធ្វើការផ្សព្វផ្សាយច្បាប់ទាក់ទងទៅនឹងកិច្ចព្រមព្រៀងក្រុងប៉ារីសនៅថៃ។ លោកជាបុគ្គលម្នាក់ក្នុងចំណោម១០ផ្សេងទៀតដែល ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនសួរនាំដែរ តែក្រោយមកលោកត្រូវបានដោះលែងវិញ។ តាមលោក ស្រ៊ុន ស្រ៊ន ការដែលអាជ្ញាធរថៃប៉ុនប៉ងចាប់ខ្លួនលោក គឺដោយសារគេអះអាងថា មានពាក្យបណ្តឹងរបស់អាជ្ញាធរកម្ពុជាចោទរូបលោកថាបានបំផុសឲ្យពលករខ្មែរនៅថៃងើបប្រឆាំងរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែលោក ស្រ៊ុន ស្រ៊ន ពន្យល់ថា លោកទទួលបានការអញ្ជើញពីពលករខ្មែរនៅថៃឲ្យទៅបង្រៀនពួកគេពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅក្រុងបាងកក និងខេត្តសមុទ្រ ប្រាកាន។

ការលើកឡើងដោយលោក ស្រ៊ុន ស្រ៊ន នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីអាជ្ញាធរកម្ពុជានៅឡើយទេមកទល់ពេលនេះ។ ប៉ុន្តែកន្លងមក អាជ្ញាធរកម្ពុជាធ្លាប់ស្នើឲ្យភាគីថៃចាប់ខ្លួនសកម្មជនគណបក្សប្រ​ឆាំង និងសកម្មជនសង្គមមួយចំនួនដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាលកម្ពុជា ក្នុងនោះមានលោក វឿន វាសនា ជាសកម្មជនសង្គមម្នាក់ដែលហ៊ានរិះគន់អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងម្នាក់ទៀតជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ គឺលោក វឿង សំណាងជាដើម។

ក្រៅពីនេះគេក៏ឃើញសកម្មជនប្រឆាំងខ្លះទៀតទទួលរងការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សានៅប្រទេសថៃដែរ ក្នុងនោះមាន លោក ស្រ៊ុន ស្រ៊ន ផ្ទាល់ ដែលបានរងរបួសក្បាលដោយសារជនបិទមុខវាយនៅថៃថ្មីនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ