អានតួអត្ថបទ
កសិកម្ម-វិបត្តិធនធានទឹក

រដ្ឋបាលខេត្តពោធិ៍សាត់ ណែនាំឲ្យផ្អាកដាំស្រូវប្រាំងដោយសារខ្វះទឹក

រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ខែមករា បានចេញសេចក្ដីណែនាំឲ្យកសិករផ្អាកការបង្កបង្កើនផលស្រូវប្រាំងលើកទី២ ក្រោមហេតុផលថាខ្វះទឹក។ នៅក្នុងបញ្ហានេះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាយល់ថា ចំណាត់ការនេះមិនទាន់គ្រប់គ្រាន់ឡើយ និងថា អាជ្ញាធរគួររិះរកវិធីផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់។

រដ្ឋបាលខេត្តពោធិ៍សាត់ ណែនាំឲ្យផ្អាកដាំស្រូវប្រាំងដោយសារខ្វះទឹក
រដ្ឋបាលខេត្តពោធិ៍សាត់ ណែនាំឲ្យផ្អាកដាំស្រូវប្រាំងដោយសារខ្វះទឹក ASSOCIATED PRESS - Heng Sinith
ផ្សាយពាណិជ្ជកម្ម

យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ប្រជាកសិករមិនគួរដាំស្រូវជាលើកទី២ឡើយនៅក្រោយការបញ្ចប់ប្រមូលផលស្រូវពីខែមករានេះដល់ខែឧសភា។ តាមរដ្ឋបាលខេត្តពោធិ៍សាត់ ការផ្អាកបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២នេះ គឺដើម្បីចៀសវាងការខាតបង់ប្រាក់ និងការហោចទឹកប្រើប្រាស់កាន់តែខ្លាំង។

ការមើលឃើញយ៉ាងដូច្នេះរបស់រដ្ឋបាលខេត្តពោធិ៍សាត់ គឺយោងតាមបរិមាណផ្គត់ផ្គង់ទឹករបស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តក្នុងឆ្នាំ២០២៤ ដែលមានសម្រាប់តែផ្ទៃដី២ម៉ឺនហិចតា ខណៈដំណាំស្រូវរបស់ប្រជាកសិករមានដល់ទៅប្រមាណជាង៤ម៉ឺន៦ពាន់ហិចតា។

នៅចំពោះមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានព្រមានថា ក្នុងករណីកសិករមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខេត្តនឹងមិនទទួលខុសត្រូវលើបញ្ហាខ្វះទឹករបស់ប្រជាកសិករឡើយ។ ទន្ទឹមនឹងនេះ តាមរយៈសេចក្ដីណែនាំដដែល រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានប្រាប់ឲ្យពលរដ្ឋទូទាំងខេត្តរបស់ខ្លួន ត្រៀមលក្ខណៈក្នុងការស្តុកទឹក ដើម្បីប្រើប្រាស់ផងដែរ។

នៅក្នុងបញ្ហានេះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មើលឃើញថា ចំណាត់ការរបស់រដ្ឋបាលខេត្ត គឺជាវិធានការបង្ការបណ្ដោះអាសន្នមួយ។ តាម លោក ថេង សាវឿន អាជ្ញាធរគួរមានចំណាត់ការសម្រាប់រយៈពេលវែងដើម្បីធានាការកាត់បន្ថយបញ្ហាខ្វះទឹកនេះឲ្យមានប្រសិទ្ធិភាព។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជារូបនេះដដែលយល់ថា ដោយខេត្តពោធិ៍សាត់តែងតែមានទឹកលើសតម្រូវការក្នុងរដូវវស្សា អាជ្ញាធរគួរពិនិត្យមើលទីតាំងភូមិសាស្រ្តដែលសមស្របក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកឬអាងស្តុកទឹកសម្រាប់ទុកប្រើប្រាស់ក្នុងរដូវប្រាំង។

ចំណែកចំណាត់ការភ្លាមៗវិញ អាជ្ញាធរគួរស្វែងរកលទ្ធភាព ក្នុងការជីករណ្ដៅ បុកអណ្ដូង ឬវិធីផ្សេងៗទៀត ដើម្បីបង្កើនលទ្ធភាពឲ្យបង្កបង្កើនផលស្រូវបាន ស្របពេលដែលស្រូវកំពុងមានតម្លៃល្អមួយក្នុងពេលបច្ចុប្បន្ននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ