អានតួអត្ថបទ

កម្ពុជានាំអង្ករចេញជាង៦៥ម៉ឺនតោនក្នុងឆ្នាំ២០២៣ និងដាក់គោលដៅ១លានតោននៅឆ្នាំ២០២៥

ប្រទេសកម្ពុជាសម្រេចបាននូវការនាំចេញអង្ករជាង ៦៥ម៉ឺនតោន នៅឆ្នាំ ២០២៣ ដែលគិតជាទឹកប្រាក់ជាង ៤៦៦លានដុល្លារ។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំស្រូវចេញជាង ៤លានតោនដែរ ដែលសរុបជាទឹកប្រាក់ជាង ១,៣ពាន់លានដុល្លារ។ ចិន និងសហភាពអឺរ៉ុប ជាទីផ្សារធំជាងគេនៃអង្ករកម្ពុជា។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

យុវតី​ម្នាក់​រែង​អង្ករ នៅ​កន្លែង​លក់​អង្ករ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ
យុវតី​ម្នាក់​រែង​អង្ករ នៅ​កន្លែង​លក់​អង្ករ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ REUTERS
ផ្សាយពាណិជ្ជកម្ម

រយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជាង ​៦៥ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជាង ៤៦៦លានដុល្លារ។ បរិមាណនៃការនាំចេញអង្ករនេះ គឺជាសញ្ញាណមួយនៃការតាំងចិត្តរបស់ប្រទេសកម្ពុជា ក្នុងការនាំចេញអង្ករទៅកាន់បរទេសឲ្យបាន ១លានតោន នៅឆ្នាំ២០២៥។

តាមសហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសកម្ពុជាបាននាំចេញអង្កររបស់ខ្លួនទៅកាន់គោលដៅចំនួន៦១ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦៣ ដែលក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុងបានចំនួនជាង ២១ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១៣៨លានដុល្លារ។

អង្ករកម្ពុជាក៏បាននាំចេញទៅកាន់ទីផ្សារអឺរ៉ុបរួមមាន២៦ប្រទេស ចំនួន ២៦ម៉ឺនតោន គិតជាទឹកប្រាក់ ១៩១លានដុល្លារ និងនាំចេញ ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៧ នូវបរិមាណចំនួនជិត១០ម៉ឺនតោន សរុបជាទឹកប្រាក់ ៦២លានដុល្លារ។

ក្រៅពីនេះកម្ពុជានៅឆ្នាំ២០២៣ បាននាំអង្ករទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ាជាដើម ចំនួន ២៦ប្រទេសប្រមាណ៨,៥ម៉ឺនតោន គិតជាទឹកប្រាក់បានចំនួន ៧៦លានដុល្លារ។ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថាការនាំចេញអង្ករសំរាប់ឆ្នាំ ២០២៣​មានកំណើនលើបរិមាណ៣%​ និងមានកំណើនទឹកប្រាក់១៣% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

ដោយឡែក កម្ពុជាក៏បាននាំចេញស្រូវចំនួនជាង ៤លានតោន ដែលគិតជាទឹកប្រាក់ប្រមាណជា ១,៣២ ពាន់លានដុល្លារ ក្នុងនោះ៦៤% នាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។ បរិមាណនាំចេញស្រូវមានការកើនឡើងចំនួន ២៦,៥% និង ទឹកប្រាក់មានការកើនឡើងចំនួន ៥៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ​២០២២។

ទោះយ៉ាងណា អ្នកសេដ្ឋកិច្ចនានា នៅមើលមិនទាន់ដឹងនៅឡើយថា ការតាំងចិត្តរបស់កម្ពុជានាំអង្ករទៅកាន់ទីផ្សារបរទេសឲ្យបាន ១លានតោននៅឆ្នាំ២០២៥ នឹងមានជោគជ័យឬយ៉ាងណាទេ ខណៈប្រទេសនេះបានបរាជ័យម្តងហើយចំពោះការប៉ុនប៉ងនាំអង្ករខ្មែរទៅបរទេស ១លានតោន កាលពីឆ្នាំ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ